ភ្នំពេញ៖ បេីយោងតាមប្រភពព័ត៌មានពីអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) បានឱ្យដឹងនៅរសៀលថ្ងៃអង្គារទី២២ ខែមីនា ឆ្នាំ២០២២នេះថា៖ រថយន្តមន្ទីរពិសោធន៍ចល័តផ្នែកម្ហូបអាហារ ដើរតួនាទីយ៉ាងសំខាន់ដែលអនុញ្ញាតឱ្យមន្ត្រី ក.ប.ប. ធ្វើការត្រួតពិនិត្យបឋមលើទំនិញម្ហូបអាហារ ទំនិញឧបភោគបរិភោគនានាដែលដាក់តាំងលក់លើទីផ្សារដើម្បីការពារសុខុមាលភាពប្រជាពលរដ្ឋ។
ជាក់ស្តែងមន្ត្រី ក.ប.ប. ប្រចាំខេត្តតាកែវ ខេត្តស្វាយរៀង នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២ បាននាំយករថយន្តមន្ទីរពិសោធន៍ចល័តចុះត្រួតពិនិត្យតាមបណ្តាផ្សារ ផ្ទះលក់ទំនិញនានាស្ថិតក្នុងស្រុកត្រាំកក់ ខេត្តតាកែវ ក្រុងបាវិត ខេត្តស្វាយរៀង ដោយបានធ្វើការវិភាគរកសារធាតុគីមីផ្សេងៗលើសំណាកគំរូជាគ្រឿងឧបភោគបរិភោគចំនួន២០មុខ។
ប្រភពដដែលបន្តថា យោងតាមលទ្ធផលនៃការត្រួតពិនិត្យមន្ត្រីជំនាញបានរកឃើញបបែលងៀត ងៀតត្រីសមុទ្រ មីលឿង មានផ្ទុកសារធាតុបូរ៉ាក់ និងបានដកហូតទំនិញចម្រុះមានសារធាតុគីមី ហួសកាលបរិច្ឆេទប្រើប្រាស់ ពុំសមស្របតាមបទដ្ឋានព័ត៌មានអ្នកប្រើប្រាស់សរុបចំនួន១៤៨.៧៦គ.ក្រ. យកមករក្សាទុកនៅស្នាក់ការរបស់សាខាដើម្បីចាត់វិធានការនាពេលក្រោយ។
ជាមួយគ្នានោះ ដោយមានកិច្ចសហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត សាខា ក.ប.ប. ខេត្តសៀមរាប ខេត្តព្រៃវែង និងខេត្តកំពង់ចាម បានដឹកនាំមន្ត្រីចុះធ្វើការត្រួតពិនិត្យលើស្ថានីយ និងដេប៉ូប្រេងឥន្ធនៈស្ថិតក្នុងស្រុកពួក ស្រុកស្រីស្នំ និងស្រុកស្វាយលើ ខេត្តសៀមរាប ស្រុកស៊ីធរកណ្តាលនិងស្រុកពារាំង ខេត្តព្រៃវែង ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ដើម្បីស្វែងរកភាពមិនអនុលោមក្នុងធុរកិច្ចដែលម្ចាស់ស្ថានីយនិងដេប៉ូមួយចំនួនមានចេតនាកេងចំណេញពីប្រជាពលរដ្ឋ។
ជាក់ស្ដែងតាមរយៈលទ្ធផលនៃការត្រួតពិនិត្យជាក់ស្តែងដោយមន្ត្រីជំនាញ ជាមួយនឹងឧបករណ៍ Pumpwatch នាថ្ងៃទី២០-២១ ខែមីនា ឆ្នាំ២០២២នេះលើស្ថានីយ និងដេប៉ូសរុបចំនួន១៩ទីតាំង មន្ត្រីយើងបានរកឃើញដេប៉ូចំនួន ១២ទីតាំងពុំមានភាពអនុលោម ដែលផ្ទុយនឹងច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ដូចនេះមន្ត្រីយើងបានតម្រូវឱ្យម្ចាស់ដេប៉ូទាំងនោះធ្វើកិច្ចសន្យាកែតម្រូវ និងពិន័យអន្តរការណ៍ផងដែរ៕
ដោយ៖សហការី