ព័ត៌មានទាន់ហេតុការណ៍៖

សកម្មភាពនៃការលួចឆ្លងដែនរបស់ពលករខ្មែរនៅតែមាន,ខណៈការវិលត្រឡប់ហាក់មានសន្ទុះច្រើនជាងមុនបន្តិច

ចែករំលែក៖

ខេត្តបាត់ដំបង ៖ ក្នុងបរិបទជំងឺកូវីដ-១៩ កំពុងរីករាលដាលអាជ្ញាធរតាមព្រំដែនរឹតបន្តឹងការឆ្លងដែនយ៉ាងណាក៏ដោយក៏សកម្មភាពលួចឆ្មក់ឆ្លងដែនខុសច្បាប់នៅតែកើតមាន។ ជាក់ស្ដែងនៅតាមព្រំដែនខេត្តបាត់ដំបងជាប់ជាមួយប្រទេសថៃនៅតែមានប្រជាពលរដ្ឋចេញចូលដោយខុសច្បាប់និងលួចឆ្លងដែនចូលប្រទេសថៃជាដដែល។ សកម្មភាពខុសច្បាប់ទាំងនេះត្រូវបានអាជ្ញាធរថៃចាប់បញ្ជូនត្រឡប់មកវិញជារឿយៗ។

បើតាមរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថាក្នុងរយៈពេលពេញ១ខែកុម្ភៈ ឆ្នាំ២០២២ សមត្ថកិច្ចថៃ បានចាប់បញ្ជូនពលករខ្មែរជាង ៥ពាន់នាក់មកវិញ តាមច្រកព្រំដែននានាក្នុងភូមិសាស្រ្តខេត្តបាត់ដំបង ខណៈសកម្មភាពបណ្តាញមេខ្យល់នាំមនុស្ស ឆ្លងដែនចេញចូលខុសច្បាប់ និងប្រជាពលរដ្ឋលបលួចឆ្លងដែនខុសច្បាប់ ចូលប្រទេសថៃនៅតែបន្តកើតមាន។

របាយការណ៍របស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបាត់ដំបង ប្រចាំខែកុម្ភៈ ឆ្នាំ២០២២ ឱ្យដឹងថា អាជ្ញាធរនិងកងកម្លាំងចម្រុះការពារព្រំដែន បានធ្វើការទប់ស្កាត់ប្រជាពលរដ្ឋ ដែលបម្រុង​ឆ្លងដែន​ខុសច្បាប់ ​ចំនួន២លើក មនុស្ស១១នាក់ ​និង​សមត្ថកិច្ចថៃ បាន​ចាប់​បញ្ជូន​មកវិញចំនួន១៦០លើកមនុស្ស៥៦៩៦នាក់។

អាជ្ញាធរមានសមត្ថកិច្ចទាំងភាគីថៃក៏ដូចកម្ពុជាបានព្យាយាមសម្របសម្រួលឲ្យមានការចេញចូលដោយស្របច្បាប់ ។ ប៉ុន្តែជនខិលខូចជាពិសេសពលរដ្ឋដែលមិនមានឯកសារគ្រប់គ្រាន់នៅតែបន្តលួចឆ្លងដែនខុសច្បាប់។ ទីបំផុតប្រជាពលរដ្ឋនោះត្រូវអាជ្ញាធរថៃចាប់បានហើយបញ្ជូនប្រគល់មកឲ្យភាគីកម្ពុជាវិញជារឿយៗផងដែរ ។ ជនខិលខូចក៏ដូចជាប្រជាពលរដ្ឋដែលមិនមានឯកសារគ្រប់គ្រាន់នៅតែបន្តព្យាយាមលួចឆ្លង ដែនបំពានច្បាប់បង្កឲ្យមានបញ្ហាឈឺក្បាលជាញឹកញាប់ដល់សមត្ថកិច្ច។

របាយការណ៍ដដែលបន្ថែមថា ចំពោះសភាពការណ៍ ប្រជាពលរដ្ឋចេញ-ចូលឆ្លងកាត់ព្រំដែន ​មានអ្នកដំណើរឆ្លងកាត់ច្រកព្រំដែន អន្តរជាតិដូង ​ច្រកព្រំដែនអន្តរជាតិភ្នំដី និងច្រកទ្វារតំបន់ទាំងបី​ (មាន ច្រកអូរអន្លក់ (សួនស៊ុ) អូររំដួល និងច្រក (៤០០) ទាំងចេញ និងចូល សរុបចំនួនជិត១ម៉ឺន៦ពាន់នាក់។

លោក ណាត ចាន់រ៉េត ប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារតំបន់ព្រំដែន ​ស៊ួនស៊ុ (អូរអន្លក់) ស្រុកកំរៀង បានឱ្យដឹងថា ​នៅតាមច្រកនេះ​ រំហូរពលករខ្មែរវិល ត្រឡប់មកពីប្រទេសថៃ ក្នុងមួយ​រយៈពេល ចុងក្រោយនេះ មិនទៀងទាត់ឡើយ ខណៈវិធានការសុខាភិបាលនៅច្រកព្រំដែន​ត្រូវបាន​កែសម្រួល និងរឹតបន្តឹង។យ៉ាង ណាក៏ដោយលោកកត់សម្គាល់ថា នៅក្នុងរយៈពេលពីរបីថ្ងៃកន្លងមកនេះហាក់ដូចជាមានចរន្តនៃការវិលត្រឡប់របស់ពលករខ្មែរកើនឡើងជាងសព្វមួយដង។

របាយាករណ៍ បានបញ្ជាក់ថា រដ្ឋបាលខេត្តបាត់ដំបង បានដាក់ចេញទិសដៅការងារបន្តដោយ បង្កើន​សកម្មភាពល្បាតត្រួតពិនិត្យតាមបន្ទាត់ព្រំដែន ​ដោយរក្សាឲ្យខាងតែបាននូវបូរណភាពទឹកដី និង ​ទប់ស្កាត់ពលរដ្ឋឆ្លងដែនខុសច្បាប់ទៅប្រទេសថៃ។

លើកកម្ពស់អនុវត្តស្មារតី នៃកិច្ចប្រជុំទ្វេភាគី រវាងរដ្ឋ ​បាលខេត្តបាត់ដំបង និងខេត្តចាន់បុរី និង​រវាងខេត្តបាត់ដំបង និងខេត្តស្រះកែវ ​ដើម្បីសម្រួលដល់ពលករ ​ទៅធ្វើការនៅខេត្តចាន់បុរី។ រដ្ឋបាលខេត្ត ​បានប្ដេជ្ញាជំរុញសកម្មភាពប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស​ឲ្យកាន់តែខ្លាំងក្លា​ថែមទៀត ដោយយកចិត្តទុកដាក់ទប់ស្កាត់ ​និងបង្ក្រាបឲ្យមានប្រសិទ្ធភាពក្នុងសកម្មភាព ជួញដូរពលករ​ឆ្លងដែន ​និងចំណាកស្រុកខុសច្បាប់៕

ដោយ៖ សូរិយា


ចែករំលែក៖