ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋមន្ត្រីក្រសួងបរិស្ថាន៖​ អនុញ្ញាតឱ្យនាយកប្រចាំតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វីក​ ចូលជួប និងពិភាក្សាការងារ

ចែករំលែក៖

ភ្នំពេញ​៖​ លោក Benoit Bosquest បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ពាក់ព័ន្ធនឹងការងារប្រែប្រួលអាកាសធាតុ ជាពិសេសការប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ យុទ្ធសាស្រ្តអភិវឌ្ឍន៍រយៈពេលវែងប្រកបដោយអព្យាក្រឹតកាបូនរបស់កម្ពុជា​។ នេះបើ​យោង​តាម​ប្រភពព័ត៌មាន​ពី​ក្រសួង​បរិស្ថាន​ នៅរសៀល​ថ្ងៃ​អង្គារ​ទី​២២​ ខែមីនា​ ឆ្នាំ​២០២២។ 

លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន​ នារសៀលថ្ងៃចន្ទ ទី២១ ខែមីនា ឆ្នាំ២០២២ បានអនុញ្ញាតឱ្យលោក Benoit Bosquest នាយកប្រចាំតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វីកសម្រាប់ការអភិវឌ្ឍដោយចីរភាព នៃធនាគារពិភពលោក(Regional Director for Sustainable Development for East Asia and Pacific Region) ចូលជួប និងពិភាក្សាការងារ​ នៅទីស្តីការក្រសួង។ 

នៅក្នុងឱកាសនោះ លោក Benoit Bosquest បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ពាក់ព័ន្ធនឹងការងារប្រែប្រួលអាកាសធាតុ ជាពិសេសការប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ យុទ្ធសាស្រ្តអភិវឌ្ឍន៍រយៈពេលវែងប្រកបដោយអព្យាក្រឹតកាបូនរបស់កម្ពុជា។ កម្ពុជាដែលកំពុង អនុវត្តយ៉ាងខ្ជាប់ខ្ជួននូវការ ប្តេជ្ញាចិត្តរបស់ខ្លួនក្រោម អនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្តីពី ការប្រែប្រួល អាកាសធាតុ។ 

ជាកិច្ចឆ្លើយតប លោករដ្ឋមន្រ្តីបាន ស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោកBenoit ដែលបានដឹកនាំប្រតិភូធនាគារពិភពចូលជួបនាឱកាសនេះ។ លោករដ្ឋមន្ត្រីបានបន្តថា សុខសន្តិភាពពេញលេញ និងកំណើនសេដ្ឋកិច្ចក្នុងរយៈពេល២០ឆ្នាំចុងក្រោយ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោជាប្រមុខ ធ្វើឱ្យប្រទេសជាតិមានសន្តិភាព ស្ថេរភាពនយោបាយ ការអភិវឌ្ឍគ្រប់វិស័យ ជីវភាពប្រជាជនខ្ពស់ជាងមុន និងការពារសុខុមាលភាពប្រជាពលរដ្ឋទូទាំងប្រទេសតាមរយៈយុទ្ធនាការចាក់វ៉ាក់សាំងទូទាំងប្រទេស ការពារជំងឺកូវីដ១៩។

ថ្មីៗនេះ កម្ពុជាបានបង្ហាញឆន្ទៈក្នុងការដឹកនាំ ចូលរួម ក្នុងនាមជាប្រធានអាស៊ាន និងសមាជិកនៃសហគមន៍សហប្រជាជាតិ ប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការយុទ្ធសាស្រ្តអភិវឌ្ឍន៍រយៈពេលវែងប្រកបដោយអព្យាក្រឹតកាបូនជាមួយនឹងគោលដៅឆ្នាំ២០៥០ សម្រាប់ការបញ្ចេញឧស្ម័នស្មើសូន្យ ស្របទៅនឹងយុទ្ធសាស្រ្តរបស់កម្ពុជា ក្នុងការគាំទ្រពហុភាគីនិយម។

ក្រសួងបរិស្ថាននិងធានាគារពិភពលោក បន្តយកចិត្តទុកដាក់ក្នុងការជម្រុញការងារគ្រប់គ្រងសំរាម សំណល់រឹង អេកូទេសចរណ៍ និងទីផ្សារឥណទានកាបូន ដើម្បីលើកកម្ពស់ជីវភាពប្រជាសហគមន៍ និងសេដ្ឋកិច្ចមូលដ្ឋាន៕

ដោយ​៖សហការី​


ចែករំលែក៖