ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាកំណត់របៀបវារៈនិងកាលបរិច្ឆេទបើកសម័យប្រជុំរដ្ឋសភា លើកទី៧ នីតិកាលទី៦

ចែករំលែក៖

ភ្នំពេញ ៖ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅព្រឹកថ្ងៃសុក្រ ទី២៥ ខែមីនា ឆ្នាំ២០២២ បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ដើម្បីអនុម័តលើរបៀបវារៈនិងកំណត់កាលបរិច្ឆេទបើកសម័យប្រជុំរដ្ឋសភា លើកទី៧ នីតិកាលទី៦។ 

សូមបញ្ជាក់ថា, ជាលទ្ធផលកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាបានកំណត់កាលបរិច្ឆេទបើកសម័យប្រជុំរដ្ឋសភា លើកទី៧ នីតិកាលទី៦ នៅព្រឹកថ្ងៃសុក្រ ទី០១ ខែមេសា ឆ្នាំ២០២២ ដោយមានរបៀបវារៈចំនួន៤ រួមមាន៖

១- ព្រះរាជសារព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជូនសម័យប្រជុំរដ្ឋសភា លើកទី៧ នីតិកាលទី៦។

២- របាយការណ៍សង្ខេបស្តីពី សកម្មភាពការងាររបស់រដ្ឋសភាចន្លោះសម័យប្រជុំរដ្ឋសភា លើកទី៦ និងលើកទី៧ នីតិកាលទី៦។

៣- ការបោះឆ្នោតជ្រើសតាំង លោក អ៊ុជ គឹមអន ជាសមាជិកក្រុមប្រឹក្សាធម្មនុញ្ញអាណត្តិថ្មី សម្រាប់អាណត្តិ ៩ឆ្នាំ ជ្រើសតាំងដោយរដ្ឋសភា នីតិកាលទី៦។

៤- ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការការពាររុក្ខជាតិ និងភូតគាមអនាម័យ។

សូមជម្រាបថា នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា នាថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២នេះ ក៏បានអនុម័តផងដែរ លើសមាសភាពលេខាធិការសម័យប្រជុំរដ្ឋសភា លើកទី៧ នីតិកាលទី៦ ចំនួន៣រូប ដែលមាន លោក សត្យា វុធ លោក សុខ ផេងនិង លោក សេរី កុសល៕

ដោយ ៖ សិលា


ចែករំលែក៖