ភ្នំពេញ៖ ជនសង្ស័យចំនួន៣នាក់ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបញ្ជូនខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២ ដើម្បីប្រគល់ឱ្យតំណាងអយ្យការបើកការស៊ើបសួរពាក់ព័ន្ធបទល្មើសអំពើលួចជាច្រើនករណីនៅរាជធានីភ្នំពេញនិងតាមបណ្ដាខេត្ត ។
សូមបញ្ជាក់ថា ជនសង្ស័យចំនួន៣ នាក់នោះត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញធ្វើការបង្ហាញមុខជាសាធារណៈពាក់ព័ន្ធនឹងអំពើលួចជាង២០ករណី បាត់បង់ម៉ូតូជាង៤០គ្រឿងនិងរថយន្តចំនួន០២គ្រឿង នៅរាជធានីភ្នំពេញនិងតាមបណ្ដាខេត្ត។ ការធ្វើសន្និសីទសារព័ត៌មានបង្ហាញមុខជនសង្ស័យនេះធ្វើឡើងនាវេលាម៉ោង១០និង៤០នាទីព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ នៅក្នុងបរិវេណស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រួចបញ្ជូនខ្លួនជនសង្ស័យទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់ការតាមនីតិវិធី។
ជនសង្ស័យទាំង៣នាក់នោះមាន ទី១- ឈ្មោះ ត្រឹម ធឿន ហៅឡេង ថា ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលលេខ៧អឺ ផ្លូវលេខ៤២២ ភូមិចោមចៅ៣ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ សមត្ថកិច្ចបានបញ្ជាក់ថា ជនសង្ស័យរូបនេះជាមុខសញ្ញាចាស់ធ្លាប់ត្រូវបានអធិការដ្ឋាននគរបាលខណ្ឌដង្កោចាប់ខ្លួន កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញកាលពីថ្ងៃទី ២៥ ខែឧសភា ឆ្នាំ២០២១ ដោយបានជាប់ពន្ធនាគារម១ រយៈពេល០១ ខែ ហើយត្រូវបានដោះលែងវិញ រួចក៏បន្តធ្វើសកម្មភាពយ៉ាងសកម្មជាងមុន និងច្រើនករណីបន្ថែមទៀត។ ទី២-ឈ្មោះ ធី ហេង ហៅ ប៉ាអាប៉ូយ ភេទប្រុស អាយុ ៣០ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលលេខ៧អឺ ផ្លូវលេខ៤២២ ភូមិចោមចៅ៣ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ និងទី៣- ឈ្មោះ ស្លេះ បញ្ញា ហៅ កៃ ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ផ្លូវបេតុង សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
គួររំលឹកផងដែរថា កាលពីវេលាម៉ោង ០២និង១០នាទីរសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០២២ នគរបាលព្រហ្មទណ្ឌកម្រិតស្រាលបានសហការជាមួយនគរបាលអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ចំនួន០៣នាក់ នៅចំណុចផ្ទះលេខ៧អឺ ផ្លូវលេខ៤២២ ក្រុម១ ភូមិចោមចៅ៣ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ពាក់ពន្ធ័បទល្មើសអំពើលួច(លួចម៉ូតូនិងរថយន្ត)ចំនួន២០ករណី បាត់បង់ម៉ូតូសរុបចំនួន៤៤គ្រឿង រថយន្តចំនួន០២ គ្រឿង ក្នុងនោះមាន នៅរាជធានីភ្នំពេញចំនួន០៥ករណី(ម៉ូតូចំនួន២៥គ្រឿង) នៅខេត្តកំពតចំនួន៥ករណី (ម៉ូតូចំនួន ៦គ្រឿង រថយន្តចំនួន០២គ្រឿង) នៅខេត្តកំពង់ស្ពឺចំនួន០៦ករណី (ម៉ូតូចំនួន ០៧គ្រឿង) និងនៅខេត្តតាកែវ ចំនួន ០៤ករណី (ម៉ូតូចំនួន ០៦គ្រឿង)។
មន្ត្រីនគរបាលជំនាញនៃការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលបានឱ្យដឹងថា ក្នុងរង្វង់ប្រតិបត្តិការនេះកម្លាំងនគរបាលបានដកហូតវត្ថុតាងម៉ូតូបានចំនួន១៤គ្រឿង រថយន្តចំនួន១គ្រឿង និងសម្ភារសម្រាប់កាច់សោកុងតាក់មួយចំនួនផងដែរ។
បច្ចុប្បន្នជនសង្ស័យត្រូវបានបញ្ជូនខ្លួនមកដល់សាលាដំបូងរាជធានីភ្នំពេញ ហើយកំពុងស្ថិតក្នុងដំណាក់កាលតំណាងអយ្យការបើកការស៊ើបសួរ៕
ដោយ ៖ រ៉ារ៉ា