ព័ត៌មានទាន់ហេតុការណ៍៖

មន្រ្តីជំនាញ ចាត់វិធានការច្បាប់លើម្ចាស់ដេប៉ូប្រេងឥន្ធនៈចំនួន ៦ទីតាំងបន្ថែមទៀតក្រោយរកឃើញមិនមានអនុលោមភាព

ចែករំលែក៖

ភ្នំពេញ​៖​ បេី​យោង​តាមប្រភពព័ត៌មានពីអគ្គនាយកដ្ឋាន ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ (​ក​.​ប​.​ប​) ​បានឱ្យដឹងថា៖​ មន្រ្តីជំនាញ សាខា ក.ប.ប. ខេត្តសៀមរាប ខេត្តតាកែវ ខេត្តកំពង់ឆ្នាំង និងខេត្តកំពង់ស្ពឺ បានបន្តចុះប្រតិបត្តិការត្រួតពិនិត្យនៅតាមស្ថានីយ​ និងដេប៉ូប្រេងឥន្ធនៈចំនួន ១៧ទីតាំងបន្ថែមទៀតនាថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២ម្សិលមិញ​នេះ។ គោលបំណងគឺដើម្បីស្វែងរកនូវភាពមិនអនុលោមតាមរយៈការកេងប្រវ័ញ្ជរបស់ម្ចាស់ស្ថានីយ/ដេប៉ូប្រេងឥន្ធនៈទៅលើអ្នកប្រើប្រាស់ ដែលប៉ះពាល់ដល់សេដ្ឋកិច្ចរបស់អ្នកប្រើប្រាស់ និងទប់ស្កាត់អំពើមិនសុចរិតក្នុងវិស័យធុរកិច្ចប្រេងឥន្ធនៈផងដែរ។

តាមលទ្ធផលនៃការត្រួតពិនិត្យមន្រ្តីជំនាញរកឃើញដេប៉ូប្រេងឥន្ធនៈចំនួន ៦ទីតាំងមិនមានអនុលោមភាព និងពិន័យទៅតាមនីតិវិធីផងដែរ។

ជាមួយគ្នានោះ​ ដើម្បីទប់ស្កាត់ការចរាចរណ៍ទំនិញខូចគុណភាពនិងហួសកាលបរិច្ឆេទប្រើប្រាស់​ ធានាឱ្យការធ្វើធុរកិច្ចដោយសុចរិតនៅលើទីផ្សា​រ​ ធានាសុខុមាលភាពជូនប្រជាពលរដ្ឋ និងការពារផលប្រយោជន៍ជូនអ្នកប្រើប្រាស់ នៅថ្ងៃដដែល​នោះ មន្រ្តីស៊ើបអង្កេតសាខា ក.ប.ប. ខេត្តតាកែវ ខេត្តកំពត និងរាជធានីភ្នំពេញ បានបន្តចុះត្រួតពិនិត្យទំនិញគ្រប់ប្រភេទនៅលើទីផ្សារ ឃ្លាំងស្ដុក និងម៉ាត។

ជាក់ស្ដែង​តាមលទ្ធផលនៃការចុះត្រួតពិនិត្យ មន្រ្តីជំនាញបានរកឃើញនូវទំនិញចម្រុះដែលខូចគុណភាពនិងហួសកាលបរិច្ឆេទប្រើប្រាស់ចំនួន ១៤គីឡូក្រាម។ 

ក្រោយប្រតិបត្តិការចប់​ មន្រ្តីជំនាញក៏បានធ្វើការដកហូតទំនិញទាំងនោះមករក្សាទុកដើម្បីធ្វើការកម្ទេចចោលនៅពេលក្រោយ និងបានធ្វើការពិន័យអន្តរការណ៍ទៅតាមនីតិវិធីផងដែរ៕

ដោយ៖សហការី​


ចែករំលែក៖