ភ្នំពេញ៖ បេីយោងតាមប្រភពព័ត៌មានពីអគ្គនាយកដ្ឋាន ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) បានឱ្យដឹងថា៖ មន្រ្តីជំនាញ សាខា ក.ប.ប. ខេត្តសៀមរាប ខេត្តតាកែវ ខេត្តកំពង់ឆ្នាំង និងខេត្តកំពង់ស្ពឺ បានបន្តចុះប្រតិបត្តិការត្រួតពិនិត្យនៅតាមស្ថានីយ និងដេប៉ូប្រេងឥន្ធនៈចំនួន ១៧ទីតាំងបន្ថែមទៀតនាថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២ម្សិលមិញនេះ។ គោលបំណងគឺដើម្បីស្វែងរកនូវភាពមិនអនុលោមតាមរយៈការកេងប្រវ័ញ្ជរបស់ម្ចាស់ស្ថានីយ/ដេប៉ូប្រេងឥន្ធនៈទៅលើអ្នកប្រើប្រាស់ ដែលប៉ះពាល់ដល់សេដ្ឋកិច្ចរបស់អ្នកប្រើប្រាស់ និងទប់ស្កាត់អំពើមិនសុចរិតក្នុងវិស័យធុរកិច្ចប្រេងឥន្ធនៈផងដែរ។
តាមលទ្ធផលនៃការត្រួតពិនិត្យមន្រ្តីជំនាញរកឃើញដេប៉ូប្រេងឥន្ធនៈចំនួន ៦ទីតាំងមិនមានអនុលោមភាព និងពិន័យទៅតាមនីតិវិធីផងដែរ។
ជាមួយគ្នានោះ ដើម្បីទប់ស្កាត់ការចរាចរណ៍ទំនិញខូចគុណភាពនិងហួសកាលបរិច្ឆេទប្រើប្រាស់ ធានាឱ្យការធ្វើធុរកិច្ចដោយសុចរិតនៅលើទីផ្សារ ធានាសុខុមាលភាពជូនប្រជាពលរដ្ឋ និងការពារផលប្រយោជន៍ជូនអ្នកប្រើប្រាស់ នៅថ្ងៃដដែលនោះ មន្រ្តីស៊ើបអង្កេតសាខា ក.ប.ប. ខេត្តតាកែវ ខេត្តកំពត និងរាជធានីភ្នំពេញ បានបន្តចុះត្រួតពិនិត្យទំនិញគ្រប់ប្រភេទនៅលើទីផ្សារ ឃ្លាំងស្ដុក និងម៉ាត។
ជាក់ស្ដែងតាមលទ្ធផលនៃការចុះត្រួតពិនិត្យ មន្រ្តីជំនាញបានរកឃើញនូវទំនិញចម្រុះដែលខូចគុណភាពនិងហួសកាលបរិច្ឆេទប្រើប្រាស់ចំនួន ១៤គីឡូក្រាម។
ក្រោយប្រតិបត្តិការចប់ មន្រ្តីជំនាញក៏បានធ្វើការដកហូតទំនិញទាំងនោះមករក្សាទុកដើម្បីធ្វើការកម្ទេចចោលនៅពេលក្រោយ និងបានធ្វើការពិន័យអន្តរការណ៍ទៅតាមនីតិវិធីផងដែរ៕
ដោយ៖សហការី