ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា ស្ពានអាកាសទាំង ៦នៅរាជធានីភ្នំពេញ គឺជាទស្សនវិស័យ នៃការដោះស្រាយបញ្ហា ព្រមទាំងកើតចេញពីគំនិតច្នៃប្រឌិតរបស់រាជរដ្ឋាភិបាល តាមរយៈយន្តការ «យករាជធានីភ្នំពេញ ចិញ្ចឹមរាជធានីភ្នំពេញ» ឬ យកស្លឹកត្នោត ខ្ចប់ស្ករត្នោត។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីប្រកាសឱ្យរដ្ឋស្តុកយុទ្ធសាស្ត្រលើបញ្ហាប្រេងឥន្ធនៈ ដោយយើងមិនអាចពឹងផ្អែកទាំងស្រុងតែទៅលើស្តុកប្រេងរបស់ក្រុមហ៊ុនឯកជនបាននោះទេ ដើម្បីដោះស្រាយបញ្ហាបន្ទាន់នានាជាចាំបាច់ ដូចជា ពេលដាច់ភ្លើង ឬកង្វះខាតភ្លើងប្រើប្រាស់ជាដើម។
សម្តេចបានរម្លឹកថា, សម្តេចតេជោ ហ៊ុន សែន ប្រកាសថា បេក្ខភាពនាយករដ្ឋមន្ត្រី សម្រាប់គណបក្សប្រជាជនកម្ពុជា នៅឆ្នាំ២០២៣ គឺនៅតែសម្តេចដដែល។ ឯកឧត្តម ហ៊ុន ម៉ាណែត នៅតែជាបេក្ខភាពនាយករដ្ឋមន្ត្រីអនាគតដដែល។
សម្តេចបានថ្លែងបែបនេះ ខណៈ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ នៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវ ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ នៅព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២នេះ។
សម្តេចតេជោ ហ៊ុន សែន ប្រកាសថា «ពេលមានសង្គ្រាម ទើបយើងមើលឃើញពីតម្លៃ នៃសុខសន្តិភាព»។ សម្តេចបញ្ជាក់ថា កម្ពុជាបានឱ្យតម្លៃ និងយល់ឃើញពីគុណតម្លៃសុខសន្តិភាព តាំងទសវត្សរ៍ឆ្នាំ១៩៧៩មកម្លេះ ដែលសន្តិភាពទាំងនេះហើយ គឺកត្តាផ្តើម នៃអ្វីៗទាំងអស់នៅកម្ពុជា។
សម្តេចតេជោ ហ៊ុន សែន ប្រកាសថា មកទល់ពេលនេះ កម្ពុជាមានវ៉ាក់សាំងគ្រប់គ្រាន់ ដើម្បីចាក់ជូនប្រជាពលរដ្ឋកម្ពុជា ទាំងដូសមូលដ្ឋាន និងដូសជំរុញ ហើយនាពេលខាងមុខឆាប់ៗនេះ វ៉ាក់សាំងកូវីដ-១៩ ជាង១លានដូលពីអ៊ីតាលី និងពីសហរដ្ឋអាមេរិក នឹងមកដល់ជាបន្តបន្ទាប់ បន្ថែមលើវ៉ាក់សាំងចិន ដែលកម្ពុជាទទួលបានជាអចិន្ត្រៃយ៍ និងជាយុទ្ធសាស្ត្រ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ប្រកាសថា ដំណើរការអាជីវកម្មរ៉ែមាស នៅខេត្តមណ្ឌលគិរី រយៈពេលជាង៩ខែមកនេះ ផលិតបានមាសចំនួន២.២៧៥គីឡូក្រាម ហើយកម្ពុជាកំពុងសិក្សា ស្រាវជ្រាវកន្លែងផ្សេងៗទៀត ខណៈដែលប្រទេសនានា លើពិភពលោកកំពុងដំណើរការអាជីវកម្មរ៉ែមាសនេះ យ៉ាងផុសផុលនិងយូរឆ្នាំមកហើយ។
សូមបញ្ជាក់ថា, ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ ជាគម្រោងរបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈរដ្ឋបាលរាជធានីភ្នំពេញ ហើយទទួលម៉ៅការសាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអានិកជនកម្ពុជា (OCIC)។ គម្រោងស្ពានអាកាស និងផ្លូវក្រោមដីនេះ បានបើកការដ្ឋានសាងសង់ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨។ គម្រោងនេះ ប្រើប្រាស់ពេលវេលាសាងសង់ ៣០ខែ និងចំណាយថវិកាសាងសង់ប្រមាណ ២២លានដុល្លារ។
ផ្អែកតាមលក្ខណៈបច្ចេកទេសរបស់មន្ទីរសាធារណៈការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ការដ្ឋាននេះត្រូវសាងសង់ដោយបែងចែកជា៣ផ្នែក រួមមាន៖
– ស្ពានទី១៖ ជាស្ពានអាកាសមេតភ្ជាប់ចរាចរ ពីមហាវិថីសហព័ន្ធរុស្ស៉ី មកផ្លូវជាតិលេខ៣ មានប្រវែងសរុប ៤០៨ម៉ែត្រ ទទឹង ១៥.៨ម៉ែត្រ ដែលមានចរាចរពីរគន្លងទៅនឹងពីរគន្លងមកជម្រាលស្ពាន ៤.៥ម៉ែត្រ និងមានកម្ពស់អតិបរមាដែលអាចចរាចរក្រោមស្ពានមាន ៥.៥ម៉ែត្រ។
– ស្ពានទី២៖ បំបែកចេញពីស្ពានអាកាសមេ បត់ឆ្វេងតភ្ជាប់ចរាចរពីមហាវិថីសហព័ន្ធរុស្ស៉ី ឆ្ពោះទៅផ្លូវវេងស្រេង សម្រាប់ចរាចរមួយទិស ដែលមានមួយគន្លងរថយន្ត និងមួយគន្លងទោចក្រយានយន្ត មានប្រវែងសរុប ២០២ម៉ែត្រ (ស្ពានអាកាស ប្រវែង ៤០ម៉ែត្រ ផ្លូវក្រោមដីប្រវែង ១១៨ម៉ែត្រនិងផ្លូវលើដីប្រវែង ៤៤ម៉ែត្រ) ទទឹង ៥.២៥ម៉ែត្រ។
– ស្ពានទី៣៖ ជាស្ពានកោងបត់ឆ្វេងតភ្ជាប់ចរាចរពីផ្លូវវេងស្រេង មកផ្លូវជាតិលេខ៣ មានប្រវែងសរុប ២០៦ម៉ែត្រ (ស្ពានអាកាសប្រវែង ៦០ម៉ែត្រ ផ្លូវក្រោមដីប្រវែង ១១៨ម៉ែត្រ និងផ្លូវលើដីប្រវែង ២៨ម៉ែត្រ) ទទឹង ៥.២៥ម៉ែត្រ សម្រាប់ចរាចរមួយទិស ដែលមានមួយគន្លងរថយន្ត និងមួយគន្លងទោចក្រយានយន្ត។
បន្ថែមពីលើនេះ គម្រោងក៏បានសាងសង់ផ្លូវ និងផ្លូវក្រោមដីមួយខ្សែទៀត ជាផ្លូវកោងតភ្ជាប់ចរាចរពីផ្លូវវេងស្រេង មកផ្លូវជាតិលេខ៤ មានប្រវែងសរុប ១៣០ម៉ែត្រ (ផ្លូវក្រោមដី ប្រវែង ១៣ម៉ែត្រ និងផ្លូវលើដីប្រវែង ១១៧ម៉ែត្រ) ទទឹង ៨.៥ម៉ែត្រ សម្រាប់ចរាចរមួយទិស ដែលមានពីរគន្លងរថយន្ត និងមួយគន្លងទោចក្រយានយន្ត។ ផ្លូវលើផ្ទៃដី ជាផ្លូវមេតភ្ជាប់ចរាចរពីផ្លូវជាតិលេខ៤ មកផ្លូវវេងស្រេង មានប្រវែងសរុប ២៣៥ម៉ែត្រ ទទឹង ៨.៥ម៉ែត្រ សម្រាប់ចរាចរមួយទិស ដែលមានពីរគន្លងរថយន្ត និងមួយគន្លង ទោចក្រយានយន្ត។
គម្រោងក៏បានសាងសង់ផ្លូវក្រោមដីមួយខ្សែ ដែលជាផ្លូវតភ្ជាប់ចរាចរពីផ្លូវជាតិលេខ៤ មកមហាវិថីសហព័ន្ធរុស្ស៉ី ដែលមានប្រវែងសរុប ៤៧០ម៉ែត្រ ទទឹង ៨.៥ម៉ែត្រ សម្រាប់ចរាចរមួយទិស ដែលមានពីរគន្លងរថយន្ត និងមួយគន្លងទោចក្រយានយន្ត។
សម្រាប់ការបើកបរលើស្ពានអាកាស និងផ្លូវក្រោមដីចោមចៅនេះ បានកំណត់ល្បឿនសុវត្ថិភាព ៤០គីឡូម៉ែត្រ ក្នុងមួយម៉ោង សម្រាប់ផ្លូវទទឹងទំហំ ៨.៥ម៉ែត្រ និងល្បឿនសុវត្ថិភាព ២៥គីឡូម៉ែត្រ ក្នុងមួយម៉ោង សម្រាប់ផ្លូវទទឹងទំហំ ៥.២៥ម៉ែត្រ និងទំហំ ៥.៥ម៉ែត្រ ។ ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ មានអាយុកាលប្រើប្រាស់រហូតដល់ទៅ ១០០ឆ្នាំ ហើយមានបំពាក់បង្គោលភ្លើងបំភ្លឺផ្លូវ រៀបចំបណ្តាញជុំវិញបរិវេណស្ពានអាកាស និងអាងស្តុកទឹកក្រោមដី មានទាំងបំពាក់ម៉ូទ័របូមទឹកស្វ័យប្រវត្តិផងដែរ៕
ដោយ : សិលា