ភ្នំពេញ ៖ នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មាន ពី លទ្ធផលនៃជំនួបពិភាក្សាការងាររវាង លោក ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន និងលោកស្រី Louise MUSHIKIWABO អគ្គលេខាធិការហ្វ្រង់កូហ្វូនី ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២។
ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានបញ្ជាក់ថា, នៅថ្ងៃចន្ទ ទី២៨ ខែមីនា ឆ្នាំ២០២២ លោក ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រី ការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានជួបពិភាក្សាការងារជាមួយលោកស្រី Louise MUSHIKIWABO អគ្គលេខាធិការអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី ងឱកាសនៃទស្សនកិច្ចផ្លូវការ របស់លោកស្រីនៅព្រះរាជាណាចក្រកម្ពុជា និង នៅក្នុងក្របខណ្ឌនៃបេសកកម្មសេដ្ឋកិច្ច និង ពាណិជ្ជកម្មហ្វ្រង់កូហ្វូនីលើកដំបូងនៅអាស៊ី-ប៉ាស៊ីហ្វិក (MECA) ដែលបានប្រព្រឹត្តទៅនៅវៀតណាម និងកម្ពុជា ពីថ្ងៃទី២១ ដល់ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២។
លោក ឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ពីទំនាក់ទំនងល្អជាពិសេសរបស់កម្ពុជាជាមួយ ចលនាហ្វ្រង់កូហ្វូន ដែលស្តែងចេញតាមរយៈចំណងមិត្តភាពដ៏ជ្រាលជ្រៅបង្កើតឡើងដោយបិតា ស្ថាបនិកអង្គការ OIF ដែលក្នុងនោះក៏មាន ព្រះករុណាព្រះបាទសម្តេច ព្រះនរោត្ដម សីហនុ ព្រះបរមរតនកោដ្ឋ ផងដែរ។
បេសកកម្ម MECA ដែលប្រទេសកម្ពុជាបានសហការរៀបចំជាមួយអង្គការ OIF ឆ្លើយតប ទៅនឹងការទូតសេដ្ឋកិច្ចដែលរាជរដ្ឋាភិបាលកម្ពុជាបានដាក់ឲ្យអនុវត្តកាលពីមួយឆ្នាំមុន តាមរយៈ ស្ថានទូតនានានៅក្រៅប្រទេស។ នៅព្រឹកថ្ងៃទី២៨ ខែមីនា លោក ឧបនាយករដ្ឋមន្ត្រី បានអញ្ជើញ ចូលរួមជាអធិបតី ជាមួយលោកស្រីអគ្គលេខាធិការ ក្នុងពិធីបើកកម្មវិធី និងពិធីចុះហត្ថលេខាលើ អនុស្សរណៈនៃការយោគយល់រវាងសភាពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្មបេណាំង កូតឌីវរ៉ និងអាហ្វ្រិកខាងលិច។
លោក ឧបនាយករដ្ឋមន្ត្រី បានលើកឡើង នៅក្នុងសុន្ទរកថាបើក ពីកាលានុវត្តភាពធុរកិច្ច និងវិនិយោគជាច្រើនដែលផ្ដល់ដោយប្រទេសកម្ពុជា ជាពិសេសតាមរយៈច្បាប់ថ្មីស្ដីពីការវិនិយោគ កិច្ច ព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) និងកិច្ចព្រមព្រៀងពាណិជ្ជកម្ម សេរីជាមួយចិន និងកូរ៉េខាងត្បូង។ លោក ឧបនាយករដ្ឋមន្ត្រី បានរំឭកថា “ការធ្វើការជាមួយ
ប្រទេសកម្ពុជា គឺជាការទាញយកអត្ថប្រយោជន៍ពីការបើកចំហទាំងនេះទៅកាន់តំបន់អាស៊ីប៉ាស៊ីហ្វិក ដែលនៅចំកណ្តាលនៃមហាអំណាចសេដ្ឋកិច្ចពិភពលោក”។
ក្រោយរយៈពេលពីរថ្ងៃដំបូងនៃកម្មវិធី MECA លទ្ធផលដំបូងៗបានលេចចេញរវាងសហគ្រិន ក្នុងស្រុក និងអន្តរជាតិ។ ស្ថាប័នកម្ពុជា និងសហគ្រាសក្នុងស្រុកជាច្រើនត្រូវបានអញ្ជើញឲ្យចូលរួម ក្នុងបេសកកម្មសេដ្ឋកិច្ចលើកទី២ នៅទ្វីបអាហ្វ្រិក ដែលនឹងប្រព្រឹត្តទៅនៅខែកក្កដា ឆ្នាំ២០២២ ខាងមុខនេះ។
លោកស្រីអគ្គលេខាធិការបានសម្តែងនូវការពេញចិត្ត ពេលបានត្រឡប់មកកម្ពុជាជាថ្មីម្ដង ទៀត ដោយបានគូសបញ្ជាក់ថា កម្ពុជាជាប្រទេសបើកចំហយ៉ាងខ្លាំង”។ លោកស្រីបានថ្លែង អំណរគុណដល់អាជ្ញាធរកម្ពុជា ចំពោះការប្តេជ្ញាចិត្ត និងការផ្តល់នូវធនធានមនុស្ស និងសម្ភារៈ ប្រកបដោយគុណភាព ក្នុងការរៀបចំបេសកកម្ម MECA នេះ។
យោងទៅកិច្ចប្រជុំវិសាមញ្ញលើកទី៤០ នៃសន្និសីទថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី (CMF) នៅទី ក្រុងប៉ារីស កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២ លោក ឧបនាយករដ្ឋមន្ត្រី បានបង្ហាញជាថ្មីម្ដង ទៀតពីការគាំទ្ររបស់កម្ពុជាចំពោះការធ្វើកំណែទម្រង់អង្គការ OIF របស់លោកជំទាវអគ្គលេខាធិការ សំដៅលើកតម្លៃអង្គការ OIF នៅលើពិភពលោក និងលើកតម្កើងហ្វ្រង់កូហ្វូនីសេដ្ឋកិច្ច។
បេសកកម្ម MECA និងការទូតសេដ្ឋកិច្ចរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ មានគោលបំណងដូចគ្នានឹងអាស៊ាន ដែលកម្ពុជាធ្វើជាប្រធាននៅឆ្នាំ២០២២ ក្រោមប្រធានបទ “ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា” ជាពិសេស ពាក់ព័ន្ធនឹងវិស័យឌីជីថល និងបញ្ហាប្រឈមនៃ បដិវត្តន៍ឧស្សាហកម្មលើកទី៤។
លោកស្រី បានសម្តែងនូវបំណងប្រាថ្នាចង់ឲ្យបង្កើតឲ្យមានការខិតជិតគ្នានៃទំនាក់ទំនង រវាងអាស៊ាន និងសហភាពអាហ្វ្រិក ព្រមទាំង រវាងអាស៊ាន និងអង្គការ OIF ក្នុងឋានៈជាអង្គការពហុ ភាគី។ លោក ឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា អាស៊ានបើកចំហទទួលការផ្លាស់ប្ដូរពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការជាមួយប្រទេស និងតំបន់ផ្សេងទៀតនៅលើពិភពលោក។ សេចក្តីសម្រេច ចុងក្រោយអំពីការខិតជិតគ្នានឹងត្រូវធ្វើឡើងនៅក្នុងក្របខណ្ឌនៃកុងសង់ស៊ុសរវាងរដ្ឋសមាជិករបស់ អាស៊ាន។
លោកឧបនាយករដ្ឋមន្ត្រី និងលោកស្រីអគ្គលេខាធិការក៏បានផ្លាស់ប្តូរទស្សនៈគ្នាផងដែរ អំពីប្រធានបទជាច្រើន ដូចជា ការធ្លាក់ចុះនៃលទ្ធិប្រជាធិបតេយ្យ និងសន្តិសុខនៅក្នុងលំហប្រទេស ហ្វ្រង់កូហ្វូន ជម្លោះរវាងអ៊ុយក្រែន និងរុស្ស៊ី និងវិបត្តិនៅមីយ៉ាន់ម៉ា។ លោក ឧបនាយករដ្ឋមន្តី បានចែករំលែកលទ្ធផលនៃបេសកកម្មរបស់ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ក្នុងឋានៈជាប្រេសិតពិសេស របស់អាស៊ានស្តីពីមីយ៉ាន់ម៉ា នៅថ្ងៃទី២១-២៣ ខែមីនា ដោយគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់កម្ពុជា
ក្នុងការដោះស្រាយវិបត្តិដ៏ស្មុគស្មាញនេះ។
ជាចុងក្រោយ លោកស្រីអគ្គលេខាធិការ បានថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រដល់កម្ពុជា ចំពោះការទទួលស្វាគមន៍យ៉ាងកក់ក្តៅ និងសកម្មភាពវប្បធម៌ដែលលោកស្រីទទួលបានក្នុងអំឡុង ពេលនៃទស្សនកិច្ចលើកនេះ។ លោកជំទាវបានបញ្ជាក់ថា ព្រះរាជាណាចក្រកម្ពុជាពិតជាមានសារៈ សំខាន់សម្រាប់លោកជំទាវផ្ទាល់ ក៏ដូចជាអង្គការ OIF ផងដែរ ៕
ដោយ ៖ សុខ ខេមរា