ព័ត៌មានទាន់ហេតុការណ៍៖

សម្ដេចក្រឡាហោម ស ខេង ៖ ចាំបាច់ត្រូវបង្កើតច្បាប់មួយ ដើម្បីគ្រប់គ្រងសារធាតុទាំងឡាយ ដែលអាចផលិតគ្រឿងញៀនបាន

ចែករំលែក៖

ភ្នំពេញ ៖ យោងតាមប្រភពពី នាយកដ្ឋានព័ត៌មានវិទ្យា បានបញ្ជាក់អោយដឹងថា, សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ មានប្រសាសន៍ឯកភាព ក្នុងការបង្កើតច្បាប់មួយ ដើម្បីគ្រប់គ្រងសារធាតុទាំងឡាយ ដែលអាចផលិតគ្រឿងញៀនបាន ក្នុងគោលបំណង ដើម្បីទប់ស្កាត់គ្រឿងញៀន នៅប្រទេសកម្ពុជា។

នាឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលអនុវត្តផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី០៦ និងផ្សព្វផ្សាយផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី០៧ នាព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ នៅសណ្ឋាគារសុខាភ្នំពេញ សម្ដេចក្រឡាហោម ស ខេង មានប្រសាសន៍ឱ្យដឹងថា សារធាតុគីមី អាចផ្សំធ្វើជាគ្រឿងញៀនបាន ហើយរហូតមកដល់ពេលនេះ មានក្រសួងស្ថាប័នពាក់ព័ន្ធ ក៏បានអនុញ្ញាឱ្យនាំចូលសារធាតុគីមីស្របច្បាប់មកប្រទេសកម្ពុជា ដើម្បីផលិត ឬកែច្នៃ សម្រាប់ប្រើប្រាស់ក្នុងវិស័យផ្សេងៗ សម្រាប់អភិវឌ្ឍសេដ្ឋកិច្ច។

សម្ដេចក្រឡាហោម បានបន្ដថា ប៉ុន្ដែពួកក្រុមឧក្រិដ្ឋជនបានលួចបន្លំយកសារធាតុគីមីនេះ ទៅប្រើប្រាស់ផ្សំចេញជាគ្រឿងញៀន រួចហើយ ប្រើប្រាស់នៅប្រទេសកម្ពុជា និងប្រើប្រាស់ទៅប្រទេសទី៣ ឬទី៤ ជាដើម។

សម្ដេចក្រឡាហោម មានប្រសាសន៍ថា «ខ្ញុំ បានពិភាក្សាជាមួយក្រសួងយុត្តិធម៌ និងអគ្គស្នងការដ្ឋាននគរបាល យើងបានឯកភាពគ្នា ថា យើងចាំបាច់ត្រូវតែបង្កើតក្របខណ្ឌច្បាប់មួយ ដើម្បីគ្រប់គ្រងសារធាតុទាំងឡាយ ដែលយកទៅកែច្នៃផលិតគ្រឿងផ្សំ ដើម្បីផលិតគ្រឿងញៀនបាន»។

លើសពីនេះទៀត សម្ដេចក្រឡាហោម ស ខេង ក៏បានលើកទឹកចិត្តដល់ភាគីពាក់ព័ន្ធទាំងអស់ ដើម្បីធ្វើយ៉ាងណាឱ្យការងារទាំងនេះទទួលបានជោគជ័យ មិនមែនមានន័យថា រាំងស្ទះដល់ការនាំចូលសារធាតុគីមីទាំងនោះចូលមកកម្ពុជាឡើយ។ ប៉ុន្ដែទន្ទឹមនឹងនោះ ត្រូវអនុវត្តផែនការ ក្នុងការលួចកែច្នៃគ្រឿងញៀន។

សម្ដេចក្រឡាហោម ក៏មានក្ដីសង្ឃឹមថា ក្រសួង-ស្ថាប័នពាក់ព័ន្ធ នឹងខិតខំធ្វើការងារទាំងនេះ ក្នុងគោលដៅទប់ស្កាត់ គ្រឿងញៀនខុសច្បាប់នៅប្រទេសកម្ពុជា។ សម្ដេច បានលើកទឹកចិត្តដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធ ត្រូវអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ឱ្យបានល្អប្រសើរ ផងដែរ៕

ដោយ ៖ សិលា


ចែករំលែក៖