ភ្នំពេញ៖ លោក អ៉ឹម វណ្ណៈ ប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២នេះបានប្រកាសសាលក្រមផ្តន្ទាទោសលើជនជាប់ចោទចំនួន៣នាក់ជាមេខ្លោង ពាក់ព័ន្ធនឹងសំណុំរឿងផលិត រក្សាទុក ដឹកជញ្ជូន និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀនជាង២តោន ដែលសមត្ថកិច្ចបង្ក្រាបបាននៅលើទឹកដីខេត្តកំពង់ស្ពឺ ។ សាលក្រមសម្រេចផ្តន្ទាទោសនេះរួមមាន ៖
១-ផ្តន្ទាទោសឈ្មោះ LEE POHAN ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិចិនតៃវ៉ាន់ (អ្នកបើកបរដឹកគ្រឿងញៀន) ដាក់ពន្ធនាគារអស់មួយជីវិត ។
២-ផ្តន្ទាទោសលើឈ្មោះ YE YONG ភេទប្រុស អាយុ៤៨ឆ្នាំ ជនជាតិចិនតៃវ៉ាន់ (មេការគ្រប់គ្រងទីតាំងកៃច្នៃគ្រឿងញៀន) ដាក់ពន្ធនាគារអស់មួយជីវិត ។
៣-ផ្តន្ទាទោសឈ្មោះ YE YAN SHOU ភេទប្រុស អាយុ៥៨ឆ្នាំ ជាជនជាតិចិន ចូលសញ្ជាតិខ្មែរ (ជាមេខ្លោង) ដាក់ពន្ធនាគារអស់មួយជីវិត ។ សាលក្រមបានទុកសិទ្ធិឱ្យប្តឹងឧទ្ធរណ៍តាមកំណត់ច្បាប់ បើសិនជាជនជាប់ចោទកើតទុក្ខមិនសុខ ចិត្តចំពោះការកាត់ក្តីនេះ ។ ជនជាប់ចោទទាំង៣នាក់ត្រូវបានលោក សេង ហៀង ព្រះរាជអាជ្ញារង តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញចោទប្រកាន់ពីបទផលិត រក្សាទុក ដឹកជញ្ជូននិង ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន និង បទសម្អាតប្រាក់តាមមាត្រា៤០ មាត្រា ៤៧ មាត្រា៤៨ និងមាត្រា៣៨នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន និងច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ប្រព្រឹត្តនៅលើទឹកដីខេត្តកំពង់ស្ពឺ ។ សាលក្រមបានប្រកាសធ្វើឡើងបន្ទាប់ពីសាលាដំបូងរាជធានីភ្នំពេញបានបើកសវនាការសាកសួរដេញដោលលើសំណុំរឿងនេះអស់រយៈពេលពេញមួយថ្ងៃគឺនៅថ្ងៃទី៣០ ខែមីនាឆ្នាំ២០២២ ។
សូមជម្រាបថា កាលពីរសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១ កម្លាំងសមត្ថកិច្ចមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនបានបញ្ជូនជនសង្ស័យជាមេខ្លោងកែច្នៃ ដឹកជញ្ជូន និងជួញដូរគ្រឿងញៀនខុសច្បាប់ចំនួន៣ នាក់ដែលសមត្តកិច្ចបង្ក្រាបនៅខេត្តកំពង់ស្ពឺ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ។
ជនសង្ស័យទាំង៣ នាក់នោះមាន
១-ឈ្មោះ LEE PO HAN ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិចិនតៃវ៉ាន់ (អ្នកបើកបរដឹកគ្រឿងញៀន) ។
២-ឈ្មោះ YE YONG ភេទប្រុស អាយុ៤៨ឆ្នាំ ជនជាតិចិនតៃវ៉ាន់ (មេការគ្រប់គ្រងទីតាំងកៃច្នៃគ្រឿងញៀន)
និង៣-ឈ្មោះ YE YAN SHOU អាយុ៥៨ឆ្នាំ ជនជាតិចិនសញ្ជាតិខ្មែរ ។
សំណុំរឿងនេះបានស្ថិតនៅលោក សេង ហៀង ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បើកការស៊ើបសួរ។ បន្ទាប់ពីសាកសួររហូតដល់ព្រលប់ថ្ងៃដដែល តំណាងអយ្យការបានផ្ញើជនសង្ស័យទៅសមត្ថកិច្ចវិញ និងតម្រូវឱ្យនាំជនសង្ស័យមកសាកសួរបន្តនៅព្រឹកថ្ងៃស្អែក ដើម្បីធ្វើការចោទប្រកាន់ជាផ្លូវ ការ និងចាត់បញ្ជូនទៅចៅក្រមស៊ើបសួរ សម្រេចឃុំខ្លួនដាក់ពន្ធនាគារជាបណ្តោះអាសន្ន ។
សូមជម្រាបទៀតថា កាលពីរសៀលថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១ មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនបានធ្វើសន្និសីទកាសែតបង្ហាញពីស្នាដៃដ៏ធំធេងក្នុងការបង្ក្រាបបទល្មើសគ្រឿងញៀនយ៉ាងច្រើនសន្ធឹកសន្ធប់មួយនេះនៅទឹកដីខេត្តកំពង់ស្ពឺដល់អ្នកសារព័ត៌មានជាច្រើនស្ថាប័ន ដែលពិធីនោះស្ថិតក្រោមអធិបតីភាពលោក នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ លោក សេង ហៀង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធា នីភ្នំពេញ លោកឧត្តមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន រួមទាំងនាយករងមួយចំនួនទៀត ។ នៅក្នុងពិធីនោះបានបង្ហាញវត្ថុតាងគ្រឿងញៀនប្រភេទមេតំហ្វេតាមីនចំនួន ១.៤៨៤គីឡូក្រាមដែលបានរឹបអូសពីទីតាំងកែច្នៃនៅក្នុងក្រុមហ៊ុន (សុីន យិនហ្វេង ខេមបូឌា អុិនដាស់ស្រ្ទី ខូអិលធីឌី) ស្ថិតក្នុងភូមិដំបងវេញ ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ហើយករណីខាងលើនេះសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនមនុស្សជាង១០នាក់ ប៉ុន្តែក្នុងនោះមាន៤នាក់ជាប់ពាក់ព័ន្ធ និងជាមេខ្លោងកែច្នៃ ផលិត និងដឹកជញ្ជូនគ្រឿងញៀន ហើយមានម្នាក់ត្រូវស្លាប់ដោយគ្រាប់កាំភ្លើង ខណៈដែលផ្ទុះអាវុធតដៃជាមួយសមត្ថកិច្ចគឺ.ឈ្មោះ LEE TSUNG HAN អាយុ៣២ឆ្នាំ ភេទប្រុស ជនជាតិចិន តៃវ៉ាន់ ។ ជនសង្ស័យជាមេខ្លោង៣នាក់ និងមនុស្ស១០នាក់មិនត្រូវបាននាំមកបង្ហាញខ្លួនទេ ដោយសមត្តកិច្ចកំពុងស្នើសុំស្ថាប័នអយ្យការបើកការស៊ើបអង្កេតបន្តដើម្បីស្វែងរកចាប់ខ្លួនបក្ខពួកថែមទៀត ។ ក្នុងពិធីនេះដែរលោកនាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិទទួលការងារប្រយុទ្ធប្រឆាំងបទល្មើសគ្រឿងញៀន បានមានប្រសាសន៍ថា កិច្ចប្រតិបត្តិការនេះបានធ្វើឡើងចំនួន៣គោលដៅ គោលដៅទី១នៅលើផ្លូវជាតិលេខ៤ ជិតផ្លូវបំបែកស្រែអំបិល ស្រុកកំពង់សិលា ខេត្តព្រះសីហនុ ជាគោលដៅពួនស្ទាក់ចាប់រថយន្តរបស់ឈ្មួញដឹកគ្រឿងញៀនដោយមានការផ្ទុះអាវុធបណ្តាលឱ្យស្លាប់មេខ្លោងគ្រឿងញៀនម្នាក់ ។
គោលដៅទី២ ឆែកឆេរទីតាំងលួចលាក់កែច្នៃគ្រឿងញៀននៅក្នុងក្រុមហ៊ុន(សុីន យិនហ្វេង ខេមបូឌា អុិនដាស់ស្រ្ទី ខូអិលធីឌី)ស្ថិតក្នុងភូមិដំបងវេញ ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដោយមានការរឹបអូសគ្រឿងញៀនប្រភេទកេតាមីនជាង២តោន និងសារធាតុគីមីផ្សំចំនួន៨៤ តោន និងឧបករណ៍ផលិតគ្រឿងញៀនមួយចំនួនទៀត ។ គោលដៅទី៣ស្ថិតនៅផ្ទះលេខ៤០R ផ្លូវR សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ កិច្ចប្រតិបត្តិការនោះធ្វើឡើងកាលពីយប់ថ្ងៃទី១១ ឈានចូលថ្ងៃទី១២ ខែឆ្នូ ឆ្នាំ២០២១ ដោយកម្លាំងមន្ទីរប្រឆាំងគ្រឿងញៀនបានសហការជាមួយនគរបាលរាជធានី-ខេត្តចំនួន៤គឺ ភ្នំពេញ កំពង់ស្ពឺ កោះ កុងនិងខេត្តព្រះសីហនុ ក្រោមការបញ្ជាផ្ទាល់ពីលោកនាយឧត្តម សេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការរងនគរបាលជាតិ ។ នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ មានប្រសាសន៍ថា ប្រតិបត្តិការចុះបង្ក្រាបទីតាំងសិប្បកម្មផលិតគ្រឿងញៀននេះបានប្រើពេលវេលាបើកការស៊ើបអង្កេតអស់រយៈពេលជាង៣ខែ ទើបឈានដល់ការបង្ក្រាបដោយជោគជ័យ ។ លទ្ធផលសរុប ៖ ចាប់ដកហូតគ្រឿងញៀន(កេតាមីន)បានចំនួន២.២៣៧គីឡូក្រាម និងសារធាតុ គីមីផ្សំ៨៤តោន ហើយមនុស្ស១០នាក់បានអនុញ្ញាតឱ្យទៅលំនៅឋានវិញ ចំណែកមេខ្លោង៣នាក់ដូចមានឈ្មោះខាងលើត្រូវបានកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញតាមនីតិវិធី ៕
ដោយ ៖ រ៉ារ៉ា