ព័ត៌មានទាន់ហេតុការណ៍៖

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ទទួលជួប ឯកអគ្គរដ្ឋទូតវៀតណាម ប្រចាំនៅកម្ពុជា និងអនុព័ន្ធយោធាទើបបញ្ចប់អាណត្តិ និងអនុព័ន្ធយោធាថ្មី

ចែករំលែក៖

ភ្នំពេញ ៖ នាព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេម រភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានទទួលជួប លោកង្វៀន ហ៊ុយតាំង ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រចាំនៅកម្ពុជា ព្រមជាមួយនឹងលោកវរសេនីយ៍ឯក ង្វៀន ថាញ់ជីញ អនុព័ន្ធយោធាដែលទើបបញ្ចប់អាណត្តិ និងលោកវរសេនីយ៍ឯកបម្រុង ជិន វ៉ាន់តឹម អនុព័ន្ធយោធាថ្មី ដើម្បីសម្តែងការគួរសម, ជម្រាបលា និងណែនាំខ្លួន នៅទីបញ្ជាការកងទ័ព ជើងគោក នៃកងយោធពលខេមរភូមិន្ទ។

ក្នុងជំនួបនេះ លោកអនុព័ន្ធយោធាវៀតណាមបញ្ចប់អាណត្តិ បានជម្រាបជូនមេបញ្ជាការកងទ័ពជើងគោក អំពីលទ្ធផលការងារក្នុងអាណត្តិរបស់លោក និងបានបញ្ជាក់អំពីទំនាក់ទំនងរឹងមាំនៃកិច្ចសហប្រតិបត្តិការរវាងកងទ័ពនៃប្រទេសទាំងពីរ និងបានបង្ហាញផងដែរនូវទិសដៅក្នុងការបន្តខិតខំប្រឹងប្រែងធ្វើយ៉ាងណាឱ្យកិច្ចសហប្រតិបត្តិការដ៏ល្អនេះ មានភាពយូរអង្វែងទៅមុខទៀត។

ជាការឆ្លើយតប ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណចំពោះកិច្ចខិតខំប្រឹងប្រែង និងសមិទ្ធផលការងារក្នុងអាណត្តិការទូតយោធារបស់លោកវរសេនីយ៍ឯក ង្វៀន ថាញ់ជីញ ដែលពិតជាបានគាំទ្រដល់ការពង្រឹង និងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងកងទ័ពនៃប្រទេសទាំងពីរ។ 

ជាមួយគ្នានេះផងដែរមេបញ្ជាការកងទ័ពជើងគោក ក៏បានអបអរសាទរ និងស្វាគមន៍ចំពោះការចូលកាន់តំណែងរបស់អនុព័ន្ធយោធាវៀតណាមថ្មី ដែលនឹងចូលរួមចំណែកក្នុងការជំរុញសន្ទុះនៃទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការយោធាទ្វេភាគី ឱ្យកាន់តែរីកចម្រើនជិតស្និទ្ធ និងរឹងមាំបន្ថែមទៀត ស្របតាមទិសដៅរបស់ក្រសួងការពារជាតិនៃប្រទេសទាំងពីរ សំដៅធានាបាននូវសន្តិភាព និងវិបុលភាពសម្រាប់ប្រទេសនីមួយៗ ក៏ដូចជាតំបន់ទាំងមូល ៕

ដោយ៖ សូរិយា


ចែករំលែក៖