ខេត្តតាកែវ ៖ ក្មេងស្ទាវ២ក្រុមបានបើកឆាកប្រយុទ្ធគ្នាតាំងពីសាលាបឋមសិក្សានិងអនុវិទ្យាបារាយណ៍ រហូតដល់ចុងភូមិខាងជើងឆៀងខាងលិច(ចម្ការគ) បង្កឱ្យប្រជាពលរដ្ឋនៅម្ដុំនោះរត់ចូលក្នុងផ្ទះបិទរបងគ្រប់ៗគ្នាទាំងព្រលឹងចុងសក់។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃទី០៤ខែមេសាឆ្នាំ២០២២ នៅចំណុចទួលចម្ការគ ស្ថិតក្នុងភូមិស្វាយជ្រុំ សង្កាត់បារាយណ៍ ក្រុងដូនកែវ ខេត្តតាកែវ។
យោងតាមសម្តីក្រុមក្មេងដែលអះអាងថាត្រូវគេដេញកាប់បាននិយាយថា ភាគីមួយក្រុមទៀតមកពីទីរួមខេត្តតាកែវជិះម៉ូតូ៤ទៅ៥គ្រឿងដោយជិះក្រឡឹងជុំវិញសាលារៀនបារាយណ៍ជាច្រើនជុំ ហើយគ្រាន់តែឃើញពួកគេភ្លាមក៏ជិះម៉ូតូដេញ តាមប្រដាប់ដោយដំបងនិងកាំបិតខ្សែក្រវាត់គ្រប់ដៃដេញវាយដេញកាប់ផ្អើលតាំងពីកណ្ដាលភូមិរហូតដល់ចុងភូមិទួលចម្ការគក៏មានបក្ខពួកខ្លួនមួយក្រុមចេញមកជួយ ធ្វើឱ្យក្រុមក្មេងៗដែលមកពីទីរួមខេត្តតាកែវរត់ចោលម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០២២ ពណ៌ខ្មៅ ពាក់ស្លាកលេខតាកែវ1Z-3602 តែត្រូវភាគីដែលអះអាងថាត្រូវគេដេញកាប់នោះព្រួតវាយម៉ូតូនោះខូចខាតយ៉ាងដំណំនៅចំណុចកើតហេតុខាងលើ។
ក្រោយពេលកើតហេតុភ្លាមៗប្រជាពលរដ្ឋបានទំនាក់ទំនងតាមរយៈទូរស័ព្ទហៅសមត្ថកិច្ចមូលដ្ឋានមកទទួលយកម៉ូតូទៅរក្សាទុកនៅរដ្ឋបាលប៉ុស្តិ៍សង្កាត់បារាយណ៍ ដើម្បីចាត់ការតាមនីតិវិធីច្បាប់បន្ត៕
ដោយ៖ សូរិយា