ខេត្តតាកែវ ៖ បុរសម្នាក់ត្រូវបានសមត្ថកិច្ចចាប់ដាក់ខ្នោះបន្ទាប់ពីបានទទួលពាក្យបណ្ដឹងពីប្អូនស្រីរបស់បុរសរូបនេះដែលប្តឹងចោទប្រកាន់ថាបងប្រុសរបស់ខ្លួនបានប្រើអំពើហិង្សានៅក្នុងគ្រួសារ គំរាមសម្លាប់និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ។
ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃអង្គារ ៤កេីត ខែចេត្រ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ត្រូវនឹងថ្ងៃទី៥ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង១៥និង០០នាទី នៅចំណុចភូមិព្រៃគុយ ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ។
សមត្ថកិច្ចបានឱ្យដឹងថា ករណីហិង្សាក្នុងគ្រួសារដោយគំរាមថានឹងសម្លាប់ ហើយវាយបំផ្លិចបំផ្លាញទ្រព្យសម្បត្តិខាងលើនេះបង្កឡេីងដោយជនសង្ស័យឈ្មោះ សំ គ្រាំង ភេទប្រុស អាយុ៤០ឆ្នាំនៅភូមិព្រៃគុយ ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ។ ជននេះប្រដាប់ដោយកាំបិតបុ័ងតោបានធ្វេីសកម្មភាពដេញកាប់ប្អូនស្រីរបស់ខ្លួនឈ្មោះសំ ឡាវអាយុ៣៣ឆ្នាំបំណងសម្លាប់ចោល តែត្រូវបានជនរងគ្រោះរត់ចូលផ្ទះអ្នកជិតខាងទាន់។ មិនតែប៉ុណ្ណោះជនសង្ស័យបានមកវាយបំផ្លិចបំផ្លាញសម្ភារក្នុងផ្ទះចោលអស់ជាច្រេីនទៀត។ ដោយមានពាក្យបណ្ដឹងពីប្អូនស្រីរបស់ជនសង្ស័យសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យនិងវត្ថុតាងយកមកសាកសួរដើម្បីកសាងសំណុំរឿងតាមនីតិវិធីបញ្ជូនទៅកាន់តុលាការចាត់ការទៅតាមច្បាប់៕
ដោយ៖ ស សម