ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តមិនស្គាល់ម៉ាកបុកអ្នកថ្មើរជើងម្នាក់ស្លាប់គួរឱ្យសង្វេគនៅស្រុកពញាឮ

ចែករំលែក៖

ខេត្តកណ្ដាល ៖ ស្ត្រីជាអ្នកថ្មើរជើងម្នាក់ ខណៈកំពុងដើរតាមដងផ្លូវ​ស្រាប់តែមានរថយន្តមិនស្គាល់ម៉ាកមួយគ្រឿងបើកមកបុកពេញទំហឹងបណ្ដាលឱ្យស្លាប់គួរឱ្យសង្វេគនៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង០១និង១៥នាទីនៅលើកំណាត់ផ្លូវជាតិលេខ៦ ត្រង់ចន្លោះគីឡូម៉ែត្រលេខ១២-១៣  ស្ថិតនៅភូមិថ្នល់បត់ ឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្ដាល។

     មន្ត្រីនគរបាលចរាចរណ៍ស្រុកពញាឮបានឱ្យដឹងថា រថយន្តបង្កមិនស្គាល់ម៉ាក បើកបរដោយជនមិនស្គាល់អត្តសញ្ញាណ។ ចំណែកឯជនរងគ្រោះជាអ្នកថ្មើរជើងភេទស្រី​ មិនស្គាល់អត្តសញ្ញាណ (ស្លាប់បាត់​បង់ជីវិត)។ 

      ប្រភពដដែលបន្តថា នៅវេលាថ្ងៃខែឆ្នាំកើតហេតុខាងលើ មានរថយន្តមួយគ្រឿងមិនស្គាល់អត្តសញ្ញាណ បើកបរមានទិសដៅពីលិចទៅកើត លុះបើកបរមកដល់ចំណុចកើតហេតុខាងលើ បានបុកជាមួយអ្នកថ្មើរជើងម្នាក់ភេទស្រីមិនស្គាល់អត្តសញ្ញាណ.បណ្តាលឱ្យស្លាប់នៅកន្លែងកើតហេតុតែម្តង។

    ក្រោយពីមានហេតុការណ៍កើតឡើង​ កម្លាំងជំនាញចរាចរណ៍ស្រុកសហការជាមួយកម្លាំងប៉ុស្តិ៍បានចុះដល់កន្លែងកើតហេតុ រួចធ្វើការពិនិត្យ វាស់វែង​ និងយកសាកសពស្ត្រីរងគ្រោះទៅតម្កល់នៅវត្តប្រជុំរង្សី(ហៅវត្តព្រែកក្តាម) ដើម្បីស្រាវជ្រាវរកសាច់ញាតិធ្វើបុណ្យតាមប្រពៃណី។ ចំណែករថយន្តបង្ក ត្រូវបានសមត្ថកិច្ចជំនាញកសាងឯកសារស្រាវជ្រាវចាត់ការតាមនីតិវិធី៕

ដោយ៖ស្អាងជ័យ


ចែករំលែក៖