(តពីលេខមុន)
ប៉ុន្តែការត្រេកត្រអាលនឹងពាក្យថាស្រុកយើងសានត្រាន្តបានតែជាងមួយម៉ោងប៉ុណ្ណោះ មួយម៉ោងក្រោយមក ប្រជាជនក្រុងភ្នំពេញបែរជាទទួលមកវិញនូវភាពតក់ស្លុតហួសពីការស្មាន ព្រោះឃើញទាហានលន់ណុលជាច្រើននាក់ត្រូវបានកងទ័ពខ្មែរក្រហមចាប់ចងស្លាបសេកបណ្ដើរទាំងខ្សែៗ រួចបាញ់រះសម្លាប់ដួលរដូករណែល។ ក្រុមទាហានអាវខ្មៅម្នាក់ៗមានទឹកមុខមាំ ហើយក្រោយពីបាញ់សម្លាប់ទាហានលន់ នល់ រួចមក ពួកគេស្រែកទាំងកំហឹងសងសឹកថា ” ស្លាប់ទៅអាខ្មាំង! ស្លាប់ទៅពួកអាចក្រពត្តិអាមេ៉រិក ! ឈាមសងដោយឈាម! ” ។ ក៏នៅមានក្រុមទាហាន លន់ នល់ ជាច្រើននាក់ទៀតដែលក្លាយជាចំណាប់ខ្មាំង ត្រូវបានទាហានខ្មែរក្រហមមានវ័យក្មេងៗ អាយុពី ១៣ ទៅ ១៥ ឆ្នាំបង់ក.ក្រមាក្រហមពាក់មួកកន្តឹបពណ៌អាចម៍សេះ ស្ពាយកាំភ្លើងអាកាចុងកាណុងស្ទើរមិនផុតពីដីផងនោះ បានបណ្តើរក្រុមឈ្លើយសឹកជាទាហាន លន់ នល់ រាប់រយនាក់ដែលទាហានទាំងនេះត្រូវកងទ័ពអាវខ្មៅចាប់ចងនឹងចំណងខ្សែអំបោះ រួចបង្ខំឲ្យតម្រង់ជួរនិងដើរឲ្យត្រង់ជួរដូចបន្ទាត់ទៅមុខ។ក្រុមទាហានអាវខ្មៅបានដាក់បញ្ជាយ៉ាងដាច់ណាត់ បើឈ្លើយសឹកមួយណាមិនធ្វើតាមបញ្ជាសមមិត្តវ័យក្មេងទាំងនេះទេ ពួកគេនឹងទាញកអាវមកបាញ់សម្លាប់ចោលគ្មានញញើតដៃដូចបាញ់ចាបស្លាប់នៅក្បែរៗជើងកំពុងដើរ។
សកម្មភាពបាញ់សម្លាប់មនុស្សក្រៅប្រព័ន្ធច្បាប់ ដូចសម្លាប់សត្វតិរច្ឆានរបស់ទាហានខ្មែរក្រហមនាពេលនេះ បានធ្វើឱ្យប្រជាជនរស់នៅក្រុងភ្នំពេញញាក់សាច់នឹងធ្លាក់ថ្លើមក្តុក ហើយរន្ធត់ឥតឧបមា។ មិនថាចាស់ឬក្មេង ម្នាក់ៗបានប្រែក្លាយពីការសប្បាយសើចហ៊ោកញ្ច្រៀវ និងសង្ឃឹមថាស្រុកខ្មែរមានសន្តិភាពនោះ ក្លាយទៅជាការអស់សង្ឃឹមទៅវិញ។ ពេលនេះសើចលែងសមហើយ។ ប្រជាជនទាំងអស់បានសម្ដែងទឹកមុខក្រៀមក្រំភ័យរន្ធត់នឹងនាំមកនូវការភិតភ័យជាថ្មីម្ដងទៀត ហើយគិតថាមាតុភូមិកម្ពុជាដ៏អភ័ព្វរបស់យើងនឹងមិនទាន់មានសន្តិភាពពេញលេញនៅឡើយទេ ច្បាស់ជាប្រែប្រួលក្រឡាប់ចាក់ទៀតហើយ។
មែន! មិនបានប៉ុន្មានផងស្រាប់តែសំឡេងផ្ទុះអាវុធនិងគ្រាប់កាំភ្លើងហូរចេញពីចុងកាណុងរបស់កងទ័ពខ្មែរក្រហមលាន់ឮដូចលាជផ្ទុះនៅតាមដងផ្លូវនៅមួយៗ ជាពិសេសផ្លូវឌឿងហែម។ ខណ:សំឡេងផ្ទុះអាវុធស្ទើរមិនទាន់ផុតផង ក៏មានសំឡេងស្រែកខ្លាំងៗរបស់កម្មាភិបាលកងទ័ពខ្មែរក្រហមបន្ទរតាមក្រោយស្នូរកាំភ្លើងថា” ចេញ! បងប្អូនពុកម៉ែ នាំគ្នាចេញពីក្រុងភ្នំពេញឱ្យប្រញាប់ប្រយ័ត្នចក្រពតិ្តអាម៉រិកមកទម្លាក់គ្រាប់បែកស្លាប់ទាំងអស់គ្នាឥឡូវហើយ។ អង្គការស្នើឱ្យបងប្អូនពុកម៉ែចេញតែ ៣ ថ្ងៃទេ ចាំត្រឡប់មកវិញ។ បើសមមិត្តណារឹងទទឹងនិងបញ្ជារបស់អង្គការសមមិត្តនោះត្រូវតែស្លាប់។
មិនខុសពីគេយកកាំបិតកាត់ប្រមាត់បេះដូង អ្នកក្រុងភ្នំពេញនោះទេ កាលបើបានដឹងថាពេលនេះទាហានអាវខ្មៅកំពុងបណ្ដេញប្រជាជនរាប់លាននាក់ចេញពីក្រុងភ្នំពេញ។ម្នាក់ៗកំពុងមានចម្ងល់ថា ដូចម្ដេចទៅដែលហៅថាអង្គការ? អង្គការជានរណាទៅ? ដូចម្ដេចហៅថា សមមិត្ត? ហេតុអីអង្គការចាំបាច់បណ្ដេញប្រជាជនចេញពីក្រុងភ្នំពេញ?ក្រៅពីបើកភ្នែកធំៗនិងនាំគ្នាភ្ញាក់ផ្អើលក្នុងការបណ្តេញប្រជាជនចេញពីក្រុងនេះ ប្រជាជនក្រុងភ្នំពេញទាំងមូលសុខចិត្តខាំមាត់សង្កត់ចិត្តនិងមិនហ៊ានប្រកែកតវ៉ាជាមួយកងទ័ពអាវខ្មៅនោះទេ ព្រោះអ្វីដែលបានថតជាប់ក្នុងក្រសែភ្នែកគួរឲ្យរន្ធត់នោះ គឺកងទ័ពអាវខ្មៅបាញ់សម្លាប់មនុស្សមិនញញើតដៃដូចបាញ់សុនខ ។(នៅមានត)
ពិនិត្យស្រាវជ្រាវដោយ÷ ចៅតាជេត