ព័ត៌មានទាន់ហេតុការណ៍៖

នាយឧត្តមសេនីយ៍អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ផ្ញើសារលិខិតជូនពរជូននាយទាហាន នាយទាហានរង និងពលទាហានទាំងអស់នៃកងយោធពលខេមរភូមិន្ទ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

ចែករំលែក៖

ភ្នំពេញ ៖ ឯកឧត្ដម នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ នៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២២នេះ បានផ្ញើសារលិខិតជូនពរជូននាយទាហាន នាយទាហានរង និងពលទាហានទាំងអស់នៃកងយោធពលខេមរភូមិន្ទ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ គ្រិស្តសករាជ ២០២២។

“ខាងក្រោមជា សារលិខិតជូនពរ របស់ឯកឧត្ដម នាយឧត្ដមសេនីយ៍ វង្ស ពិសេន” ។
សារជូនពរ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ផ្ញើជូន
នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់នៃកងយោធពលខេមរភូមិន្ទ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ២៥៦៦ គ្រិស្តសករាជ២០២២

នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់នៃកងយោធពលខេមរភូមិន្ទ ជាទីស្រឡាញ់រាប់អានដ៏ជ្រាលជ្រៅ!

ក្នុងឱកាសប្រកបដោយមហានក្ខត្តឫក្សដ៏ឧត្តុង្គឧត្តមនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ២៥៦៦ គ្រិស្តសករាជ២០២២ តាងនាមថ្នាក់ដឹកនាំអគ្គបញ្ជាការ និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ សូមផ្ញើជូននូវការសាកសួរសុខទុក្ខ ពោរពេញដោយមនោសញ្ចេតនានឹករលឹក ស្រលាញ់យ៉ាងជ្រាលជ្រៅបំផុត ចំពោះនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់នៃកងយោធពលខេមរភូមិន្ទ ដែលក្នុងឆ្នាំកន្លងទៅ បានខិតខំពុះពារជម្នះរាល់ការលំបាក ធ្វើពលិកម្មគ្រប់បែបយ៉ាង ដើម្បីថែរក្សាសុខសន្តិភាព ស្ថិរភាពសង្គម ការពារ បូរណភាពទឹកដី និងអធិបតេយ្យជាតិ មាតុភូមិជាទីស្នេហានៃយើង។

ទន្ទឹមនឹងនេះ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រីទាំងអស់ បានចូលរួមអនុវត្តយ៉ាងសកម្មនូវ គោលនយោបាយរបស់រាជរដ្ឋាភិបាល ក្រសួងការពារជាតិ អគ្គបញ្ជាការ សំដៅកសាងកងយោធពលខេមរភូមិន្ទ ឱ្យបានរឹងមាំរៀបរយ មានសមត្ថភាពគ្រប់គ្រាន់ក្នុងការបំពេញតួនាទីភារកិច្ចក្នុងកិច្ចការពារជាតិ។

ទន្ទឹមនឹងភារកិច្ចស្នូល កងយោធពលខេមរភូមិន្ទ បានរួមចំណែកយ៉ាងសកម្មអនុវត្តរាល់បទបញ្ញារបស់ រាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់បង្ក្រាបសកម្មភាពខុសច្បាប់នានា ដូចជា បទល្មើសព្រៃឈើ បទល្មើសនេសាទ ការជួញដូរផ្លូវភេទ គ្រឿងញៀន រួមចំណែកក្នុងការជួយសង្គ្រោះប្រជាជនពីគ្រោះមហន្តរាយនានា និងសហការ ទប់ស្កាត់ បង្ការ ការពារ និងចូលរួមព្យាបាលជំងឺកូវីដ-១៩។ លើសពីនេះ បានសហការជួយដល់គ្រួសារយោធិន ពលី មរណៈ និវត្តជន ជនបាត់បង់សមត្ថភាពការងារ ជួយគ្រួសារយោធិនដែលជួបការលំបាក និងពង្រឹងការចង សម្ព័ន្ធមេត្រីភាពរវាងអង្គភាពកងទ័ព ជាមួយក្រសួងស្ថាប័នស៊ីវិល ក្នុងគោលដៅកសាងពង្រឹងខឿនការពារជាតិ ឱ្យកាន់តែរឹងមាំ។ កងយោធពលខេមរភូមិន្ទបានចូលរួមអនុវត្តភារកិច្ចអន្តរជាតិ លើវិស័យមនុស្សធម៌ និងការរក្សា សន្តិភាពក្នុងក្របខណ្ឌរបស់អង្គការសហប្រជាជាតិ ដែលជាមោទនភាពរបស់កងយោធពលខេមរភូមិន្ទ ក៏ដូចជា ប្រទេសជាតិ ធ្វើឱ្យកិត្យានុភាពជាតិកាន់តែល្បីរន្ទឺលើឆាកអន្តរជាតិ។

សមិទ្ធផលដ៏ធំធេងដែលយើងសម្រេចបានកន្លងមក គឺអាស្រ័យដោយការខិតខំប្រឹងប្រែងពុំខ្លាចនឿយហត់ និងការធ្វើពលិកម្មដ៏ថ្លៃថ្លារបស់នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់នៃកងយោធពលខេមរភូមិន្ទ
ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងមានការណែនាំចង្អុលបង្ហាញពីថ្នាក់ដឹកនាំក្រសួងការពារជាតិ ថ្នាក់ដឹកនាំអគ្គបញ្ជាការ ព្រមទាំងស្មារតីទទួល ខុសត្រូវខ្ពស់ពីមេបញ្ជាការគ្រប់លំដាប់ថ្នាក់ ក្នុងការចាត់តាំងអនុវត្តការងារជាក់ស្ដែងនៅតាមបណ្តាកងឯកភាព។

ក្នុងនាមអគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ខ្ញុំសូមសម្ដែងនូវការកោតសរសើរដោយស្មោះ និង វាយតម្លៃខ្ពស់ចំពោះគំរូវីរភាព និងស្នាដៃដ៏ធំធេងដែលកងយោធពលខេមរភូមិន្ទសម្រេចបាននាពេលកន្លងទៅ។

ក្នុងឱកាសនេះ សូមផ្ដាំផ្ញើសួរសុខទុក្ខចំពោះនាយទាហាន នាយទាហានរង ពលទាហាន យុទ្ធជន យុទ្ធនារី ទាំងអស់ដែលកំពុងបំពេញភារកិច្ចជំនាញ និងកំពុងឈរជើងការពារបូរណភាពទឹកដី ទាំងព្រំដែនគោក ព្រំដែនទឹក ដែនអាកាស និងសូមប្រសិទ្ធពរជូនឯកឧត្តម លោកជំទាវ អស់លោក លោកស្រី មានសុខភាពល្អ កម្លាំងមាំមួន ដើម្បីសម្រេចបានជោគជ័យថ្មីៗថែមទៀតក្នុងបេសកកម្មដ៏ឧត្តុង្គឧត្តម ដែលជាទំនុកចិត្តរបស់ប្រជាជនយើងទាំងមូល។

សូមផ្តាំផ្ញើសួរសុខទុក្ខចំពោះគ្រួសារយោធិនពលី មរណៈ និងសូមលំឱនកាយវាចាចិត្តគោរពវិញ្ញាណក្ខន្ធ
អស់លោក លោកស្រី បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។ សូមផ្ញើជូននូវការនឹករលឹក និងសួរសុខទុក្ខចំពោះនាយទាហាន នាយទាហានរង និងពលទាហាន ដែលរបួសពិការ និងមានជំងឺកំពុងសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យនានា និងនៅតាមគេហដ្ឋាន សូមជូនពរ អស់លោក លោកស្រី ឆាប់ជាសះស្បើយ ដើម្បីរួមរស់ក្នុងគ្រួសារប្រកបដោយសុភមង្គល។ ជាមួយនេះ សូមផ្ញើជូន នូវការនឹករលឹកចំពោះឯកឧត្តម លោកជំទាវ អស់លោក លោកស្រីជាអតីតយុទ្ធជន ជនពិការ បាត់បង់សមត្ថភាព ការងារ និវត្តជន ដែលកំពុងនៅតាមបណ្តាមូលដ្ឋាននានាទូទាំងប្រទេស សូមប្រកបដោយសេចក្តីសុខ សេចក្តី ចម្រើនគ្រប់ប្រការ។

សូមផ្ញើជូននូវការនឹករលឹក និងសូមផ្តាំផ្ញើសួរសុខទុក្ខពីចម្ងាយជូននាយទាហាន នាយទាហានរង និង ពលទាហានទាំងអស់ ដែលកំពុងបំពេញបេសកកម្មអន្តរជាតិលើវិស័យមនុស្សធម៌ក្នុងក្របខណ្ឌកងរក្សាសន្តិភាព របស់អង្គការសហប្រជាជាតិ សិក្ខាកាមកំពុងបន្តការសិក្សាជំនាញផ្សេងៗនៅឯបរទេស និងសូមជូនពរអស់លោក លោកស្រី មានសុខភាពល្អ កម្លាំងមាំមួន សម្រេចបាននូវបេសកកម្មអន្តរជាតិ និងទទួលបានជោគជ័យក្នុងការសិក្សា ប្រកបដោយកិត្តិយស។

ជាថ្មីម្តងទៀត តាងនាមថ្នាក់ដឹកនាំអគ្គបញ្ជាការនៃកងយោធពលខេមរភូមិន្ទ និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ សូមប្រសិទ្ធពរជ័យសិរីមង្គល វិបុលសុខ បវរមហាប្រសើរជូននាយទាហាន នាយទាហានរង និងពលទាហាន ទាំងអស់នៃកងយោធពលខេមរភូមិន្ទ ឱ្យទទួលបានជោគជ័យគ្រប់ភារកិច្ច និងសូមប្រកបដោយសេចក្តីសុខ ចៀសផុតពីការឆ្លងជំងឺកូវីដ-១៩ ដ៏កាចសាហាវនេះ ព្រមទាំងទទួលបាននូវពរទាំងឡាយប្រាំប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ៕

ដោយ៖ សុខ ខេមរា


ចែករំលែក៖