ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សូមក្រាបបង្គំទូលថ្វាយសារលិខិត ថ្វាយព្រះរាជសព្ទសាធុការពរ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ

ចែករំលែក៖

ភ្នំពេញ ៖ កាកបាទក្រហមកម្ពុជា សូមក្រាបបង្គំទូលថ្វាយសម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភបង្អល ព្រះប្រធានកិត្តិយស កាកបាទក្រហមកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត

បពិត្រ សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត

ក្នុងអភិលក្ខិតសម័យដ៏មហានក្ខត្តឫក្សឧត្តុង្គឧត្តម នៃព្រះរាជពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹង ឈានចូលមកដល់នាពេលខាងមុខនេះ ខ្ញុំម្ចាស់ និងសហការីនៃកាកបាទក្រហមកម្ពុជា សូមព្រះបរមរាជានុញ្ញាតលំឱនកាយ ថ្វាយនូវព្រះរាជសព្ទសាធុការពរជ័យ បវរសួស្តី សិរីវិវឌ្ឍនា ថ្វាយ ហ្លួងម៉ែជាអម្ចាស់ជីវិតតម្កល់លើត្បូង ជាទីគោរពសក្ការៈ ដ៏ខ្ពង់ខ្ពស់បំផុត សូមស្ដេចទ្រង់ប្រកបដោយព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះពលានុភាពខ្លាំងក្លា ព្រះបញ្ញាញាណភ្លឺថ្លា ត្រចះត្រចង់ ព្រះជន្មទីឃាយុយឺនយូរជាងរយព្រះវស្សា ដើម្បីស្ដេចទ្រង់គង់ប្រថាប់ជាម្លប់ត្រជាក់ត្រជំដល់ប្រជារាស្ត្រជាកូន ចៅ ចៅទួតរបស់ព្រះអង្គជ្រកកោនដោយសេចក្តីសុខដុមរមនា ជាភិយ្យោភាពអស់កាលដ៏យូរអង្វែងតរៀងទៅ។

ក្នុងវរោកាសដ៏វិសេសវិសាលនេះ ខ្ញុំម្ចាស់ ទូលព្រះបង្គំយើងខ្ញុំ សូមព្រះបរមរាជានុញ្ញាតលើកហត្ថប្រណម្យសម្ដែងនូវ ព្រះវិសុទ្ធគុណដ៏ខ្ពង់ខ្ពស់បំផុត និងកតញ្ញូ កតវេទិតាធម៌ដ៏ធំធេង ថ្វាយ សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ចំពោះព្រះរាជទសពិធរាជធម៌ ប្រកបដោយព្រះរាជតម្រិះដ៏ឈ្លាសវៃ និងព្រះព្រហ្មវិហារធម៌ តម្កល់ឧត្តមប្រយោជន៍ជាតិ មាតុភូមិ ជាអាទិភាព ធ្វើឲ្យប្រជារាស្ត្រទូទាំងព្រះរាជាណាចក្រកម្ពុជា រស់នៅយ៉ាងសុខក្សេមក្សាន្ត ក្នុងសុខសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍ។ ជាសក្ខីភាពជាក់ស្តែង សម្ដេចប៉ៃជាអម្ចាស់ ស្ដេចទ្រង់យាងដង្ហែតាមព្រះរាជ គន្លងវីរភាពរបស់ ព្រះករុណា ព្រះបរមរតនកោដ្ឋ បន្តដឹកនាំព្រះរាជកិច្ច កសាងសមិទ្ធផលជាប្រវត្តិ ក្នុងពុទ្ធចក្រ និងអាណាចក្រ ដើម្បីឧត្តមប្រយោជន៍ជាតិ មាតុភូមិ និងមានស្នាព្រះហស្តជាព្រះនិមិត្តរូបនៃស្នាដៃរបស់ស្ត្រីកម្ពុជា ក្នុងការលើកកម្ពស់សមភាពយេនឌ័រ ឲ្យបានកាន់តែល្អប្រសើរឡើង។ក្នុងឱកាសដ៏សិរីសួស្តី នៃព្រះរាជពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនេះ ខ្ញុំម្ចាស់ ទូលព្រះបង្គំយើងខ្ញុំ សូមលើក ហត្ថប្រណមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ តេជះបារមីនៃវត្ថុស័ក្តិសិទ្ធិនានៅក្នុងលោក ដួងព្រះវិញ្ញាណក្ខន្ធអតីត ព្រះមហាក្សត្រ ព្រះមហាក្សត្រិយានីខ្មែរគ្រប់ព្រះអង្គ ជាពិសេស ទេវតារក្សាឆ្នាំថ្មី ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ព្រះនាម កិរិណីទេវី សូមអភិបាលប្រោះព្រំគ្រងរក្សា សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈ ដ៏ខ្ពង់ខ្ពស់បំផុត សូមស្តេចទ្រង់ព្រះប្រកបដោយព្រះពុទ្ធពរទាំង៤ ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។ សូម សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ប្រោសព្រះរាជមេត្តានូវអភិវន្ទនកិច្ច និងកតញ្ញូ កតវេទិតាធម៌ ដ៏ខ្ពង់ខ្ពស់បំផុត អំពីខ្ញុំម្ចាស់៕

ដោយ៖ សុខ ខេមរា


ចែករំលែក៖