ភ្នំពេញ ៖ បើយោងតាមប្រភពពី នាយកដ្ឋានព័ត៌មានវិទ្យា នៃក្រសួងមហាផ្ទៃ នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២២ បានបញ្ជាក់អោយដឹងថា, សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មានប្រសាសន៍ណែនាំដល់ រដ្ឋបាលខេត្តព្រៃវែង ស្នងការនគរបាលខេត្ត កងរាជអាវុធហត្ថស្រុក ត្រូវសិក្សាធ្វើបច្ចុប្បន្នភាពតាមភូមិសាស្ត្រឱ្យបានជាក់លាក់ កន្លែងណាខ្លះដែលមិនទាន់មានគ្រឿងញៀនចូលទៅដល់ ដោយត្រូវធ្វើផែនការដើម្បីទប់ស្កាត់ ពង្រឹងភូមិ ស ឃុំ ស គ្មានគ្រឿងញៀន។ សម្ដេចក្រឡាហោម ស ខេង មានប្រសាសន៍ណែនាំបែបនេះក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធសមិទ្ធផលនានា នៅវត្តពោធិគុម្ព ហៅវត្តជ្រៃមាន់ ស្ថិតក្នុងភូមិជ្រៃមាន់ ឃុំឫស្សីស្រុក ស្រុកពាមជរ ខេត្តព្រៃវែង នាថ្ងៃទី១១ ខែមេសា ឆ្នាំ២០២២។
សម្តេចក្រឡាហោម ក៏បានណែនាំបន្ថែមទៀតថាចំពោះ កន្លែងណាដែលមានគ្រឿងញៀនចូលទៅដល់ហើយ ត្រូវខិតខំប្រឹងប្រែងប្រយុទ្ធដើម្បីប្រែក្លាយកន្លែងនោះឱ្យទៅជាភូមិ ស ឃុំ ស ឡើងវិញ ព្រោះគ្រឿងញៀននេះ ពិតជាបង្ករគ្រោះថ្នាក់ណាស់នៅពេលដែលបានប្រើប្រាស់ហើយ គឺដកខ្លួនមិនរួចនោះទេ។
នាឱកាសនោះដែរ សម្រេចក្រឡាហោម បានមានប្រសាសន៍ណែនាំដល់រដ្ឋបាលដែលនៅក្នុងមូលដ្ឋាននេះស្រាប់ ឱ្យទប់ស្កាត់ រារាំង កុំឱ្យមានការចរាចរ ចែកចាយ និងប្រើប្រាស់គ្រឿងញៀន ដោយការងារទាំងនេះមិនមែនត្រឹមតែប៉ូលីសនោះទេ ក៏មិនមែនត្រឹមតែអាជ្ញាធរ ភូមិ ឃុំនោះដែរ គឺយើងទាំងអស់គ្នា ពិសេសក្រុមគ្រួសារនីមួយៗ ការពារកូនចៅដោយត្រូវតាមដានដោយយកចិត្តទុកដាក់។
សម្តេចក្រឡាហោម ស ខេង បានបញ្ជាក់យ៉ាងដូច្នេះថា នៅកន្លែងមួយចំនួនមិនទាន់មានគ្រឿងញៀននោះទេ ហេតុដូចច្នេះហើយត្រូវធ្វើឱ្យតំបន់នោះក្លាយជាភូមិ ស ឃុំ ស គ្មានគ្រឿងញៀន ព្រោះថាគ្រឿងញៀនចូលមកដល់ វានឹងបំផ្លាញដល់អនាគតរបស់ក្មេងៗចាប់ពីអាយុ១៥ឆ្នាំ ឬរហូតដល់អាយុ៤០ឆ្នាំ អ្នកដែលមានអាយុចន្លោះនេះ ងាយណាស់នឹងប្រើប្រាស់គ្រឿងញៀន៕
ដោយ៖ សិលា