ភ្នំពេញ ៖ សូមអរគុណ អាជ្ញាធរគ្រប់ជាន់ថ្នាក់ ក៏ដូចជាកងកម្លាំងប្រដាប់អាវុធទាំងអស់ រួមទាំងបងប្អូនដែលជាប្រជាការពារ ចំពោះការខិតខំថែរក្សាសុខដុមរមណីយកម្មសង្គម ថែរក្សាសណ្តាប់ធ្នាប់ សុខសុវត្ថិភាព និងរក្សាបាននូវសេចក្តីសុខជូនប្រជាពលរដ្ឋ ដែលនេះគឺជាការចូលរួមមួយដ៏សំខាន់ និងមិនអាចខ្វះបានក្នុងការគ្រប់គ្រងស្ថិរភាពសង្គម ដើម្បីប្រទេសជាតិដើរឆ្ពោះទៅមុខប្រកបដោយថាមពល និងវិបុលភាព។ នេះជាការថ្លែង របស់លោក ហ៊ុនម៉ានី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នៅព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០២២ ក្នុងឱកាសលោកអញ្ជើញចែកអំណោយជូនកម្លាំងប្រជាការពារ នៅសាលមហោស្រព កោះពេជ្រ។
លោក ហ៊ុន ម៉ានី ក៏សូមអរគុណចំពោះ ការលះបង់ ការបំពេញភារកិច្ច និងការអនុវត្តតាមការបទបញ្ជា បានយ៉ាងហ្មត់ចត់ និងម៉ឹងម៉ាត់បំផុត នៅគ្រប់ស្ថានការណ៍ និងគ្រប់កាលៈទេសៈដែលជាតម្រូវការ។
លោក ហ៊ុនម៉ានី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានថ្លែងទៀតថា, សូមអាជ្ញាធរ បងប្អូនកងកម្លាំង និងប្រជាការពារទាំងអស់ មានភាពកក់ក្តៅក្នុងការបំពេញភារកិច្ច ជាបន្តបន្ទាប់ ព្រោះថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ជាពិសេសសម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្តេចគតិព្រឹទ្ធបណ្ឌិត តែងតែគិតគូរ យកចិត្តទុកដាក់ ហើយនៅជាមួយបងប្អូន កងកម្លាំង និងប្រជាការពារគ្រប់ៗគ្នា និងគ្រប់ពេលវេលា។ ជាក់ស្តែង ខ្ញុំមានវត្តមាននៅថ្ងៃនេះជាតំណាងជូនលោកទាំងពីរ ដើម្បីនាំយកនូវការសួរសុខទុក និងការយកចិត្តទុកដាក់មិនថាតែក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ តែប៉ុណ្ណោះទេ តែជាការខ្វល់ខ្វាយលើសុខទុក្ខបងប្អូន គ្រប់ពេលវេលា ៕
ដោយ ៖ សិលា