ព័ត៌មានទាន់ហេតុការណ៍៖

សម្ដេចតេជោ ៖ ការបន្តអូសបន្លាយ នៃការឆ្លងរាលដាលជំងឺកូវីដ-១៩ គឺជាហានិភ័យសម្រាប់ពលរដ្ខគ្រប់គ្នា

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក្នុងឱកាសអញ្ជើញទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជនឥណ្ឌា ចំនួន ២០ម៉ឺនដូស ក្នុងចំណោម ៣២៥០០០ ដូស ដែលប្រារព្ធឡើងនៅវិមានសន្តិភាព នាព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០២២នេះ សម្ដេចមានប្រសាសន៍ថា ជំនួយវ៉ាក់សាំងរបស់ឥណ្ឌានាពេលនេះ គឺជាសក្ខីភាពដ៏ពិតប្រាកដ នៃចំណងមិត្តភាពសាមគ្គីភាព រវាងកម្ពុជា ឥណ្ឌា និងប្រទេសដទៃទៀតជាសមាជិក នៃគំនិតផ្ដូចផ្ដើមចតុភាគី ដែលមានអាមេរិក ជប៉ុន និងអូស្រ្ដាលី។

សម្ដេចតេជោ នាយករដ្ឋមន្ត្រីបានសម្ដែងការសរសើរដល់សមាជិកនៃគំនិតផ្ដួចផ្ដើមចតុភាគី ក៏ដូចជាបណ្ដាប្រទេសនានាជុំវិញសកលលោក ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការប្រយុទ្ធជាមួយជំងឺកូវីដ១៩ ដើម្បីធានាដល់ការងើបឡើងវិញ នូវសេដ្ឋកិច្ច និងសង្គម។ 

សម្ដេចតេជោនាយករដ្ឋមន្ត្រីបន្តថា បច្ចុប្បន្ននេះប្រទេសជាច្រើននៅរងការរាតត្បាតដោយជំងឺកូវីដ១៩ ដែលរារាំងដល់ការបើកដំណើរការសេដ្ឋកិច្ច និងសង្គមឡើងវិញ។ សម្ដេចតេជោ ហ៊ុន សែន សង្កត់ធ្ងន់ថា ការបន្តអូសបន្លាយនៃជំងឺកូវីដ១៩នេះ នឹងជះឥទ្ធិពលអាក្រក់រយៈពេលយូរ ។ ដើម្បីធ្វើឲ្យមានភាពសាំងសហគមន៍ គឺមានការពន្លឿន ការចាក់វ៉ាក់សាំងប៉ុណ្ណោះ ទើបជាវិធានការដែលមានប្រសិទ្ធភាពបំផុត ៖«ការអូសបន្លាយនៃការឆ្លងរាលដាល គឺជាហានិភ័យសម្រាប់យើងទាំងអស់គ្នា ដែលអាចបង្កឲ្យមានការផ្ទុះឡើងវិញនៃជំងឺកូវីដ១៩ នៃការធ្លាក់ចូលក្នុងវិបត្តិសេដ្ឋកិច្ច និងសង្គម។ ក្នុងស្មារតីនេះ, កម្ពុជា សូមលើកទឹកចិត្តឲ្យមានការជំរុញ និងពន្លឿនការចាក់វ៉ាក់សាំង បង្កើតភាពស៊ាំសហគមន៍ ដែលជាវិធានការឆ្លើយតប ដ៏ត្រឹមត្រូវ និងមានប្រសិទ្ធភាពបំផុត ។

 ជាក់ស្តែង ជាមួយស្មារតីបុរេសកម្ម និងកិច្ចខិតខំខ្នះខ្នែង ក្នុងការស្វែងរកវ៉ាក់សាំង និងការបើកយុទ្ធ នាការជាតិចាក់វ៉ាក់សាំង កាលពីខែកុម្ភៈ ឆ្នាំ២០២១ កម្ពុជាអាចសម្រេចបាននូវភាពសុំសហគមន៍ពេញ លេញ ក្នុងរយៈពេលត្រឹមប្រមាណ ៨ខែប៉ុណ្ណោះ ។ សមិទ្ធផលដ៏ត្រចះត្រចង់នេះ អនុញ្ញាតឲ្យកម្ពុជា បើក ប្រទេសឡើងវិញលើគ្រប់វិស័យ កាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១ កន្លងទៅនេះ និងអាចរក្សាដំណើរការ សកម្មភាពសង្គម-សេដ្ឋកិច្ចជាប្រក្រតីរហូតមកទល់ពេលនេះ ទោះបីជាមានការគំរាមកំហែងជាបន្តបន្ទាប់ពី ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ជាពិសេសមេរោគបំប្លែងថ្មីប្រភេទអូមីក្រុង (Omicron) ដែលបានចម្លង ចូលទៅក្នុងសហគមន៍កម្ពុជា នៅដើមឆ្នាំ២០២២ នេះ ក៏ដោយ ។ ការណ៍នេះ ឆ្លុះបញ្ចាំងឱ្យឃើញពីប្រសិទ្ធ ភាពនៃវ៉ាក់សាំង ដែលអនុញ្ញាតឱ្យកម្ពុជាអាចរស់នៅជាមួយជំងឺកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី ប្រកប ដោយភាពរឹងមាំ និងសុវត្ថិភាព»។

សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ទៀតថា ព្រោះការចាក់វ៉ាក់សាំងបានពាសពេញប្រទេស រហូតដល់មានភាពស៊ាំសហគមន៍នេះហើយ ទើបកម្ពុជាត្រូវបានធនាគារអភវិឌ្ឍន៍អាស៊ីព្យាករណ៍ថា សេដ្ឋកិច្ចកម្ពុជា នឹងកើនឡើងអត្រា ៥.៣ភាគរយ នៅឆ្នាំ២០២២ និង ៦.៥ភាគរយនៅឆ្នាំ២០២៣៕

ដោយ៖ សូរិយា


ចែករំលែក៖