ព័ត៌មានទាន់ហេតុការណ៍៖

បោះឆ្នោតប្រធានាធិបតីបារាំង៖ លោកម៉ាក្រុង និងលោកស្រី ឡឺ ប៉ែន ខិតខំឃោសនាសម្រាប់ការបោះឆ្នោតជុំទី២

ចែករំលែក៖

ក្រោយការបញ្ចប់បោះឆ្នោតប្រធានាធិបតីបារាំងជុំទីមួយ បេក្ខភាពពីររូបដែលទទួលបានសំឡេងគាំទ្រខ្ពស់ជាងគេនឹងត្រូវប្រកួតប្រជែងបោះឆ្នោតជុំទីពីរ ក្នុងនោះមានប្រធានាធិបតីបារាំង លោក ម៉ាក្រុង និងលោកស្រី Marine Le Pen ។ ក្នុងពេលនេះបេក្ខភាពទាំងពីរកំពុងតែខិតខំឃោសនាស្វែងរកសំឡេងគាំទ្រពីពលរដ្ឋ។
ប្រធានាធិបតីម៉ាក្រុង បានចាប់ផ្តើមយុទ្ធនាការឃោសនារបស់ខ្លួននៅតំបន់ Hauts-de-France ដែលជាទីតាំងគេចាត់ទុកថាភូមិសាស្ត្ររបស់លោកស្រី Marine Le Pen ដោយនៅទីនោះពលរដ្ឋគាំទ្រភាគច្រើនទៅលើលោកស្រី Marine Le Pen ។ លោកម៉ាក្រុងកំពុងតែផ្តោតទៅលើគោលនយោបាយសំខាន់ពីរក្នុងការទាក់ទាញពលរដ្ឋគាំទ្រ ក្នុងនោះមានការកែទម្រង់គោលនយោបាយសោធននិវត្តន៍ និងកម្លាំងទិញនៅក្នុងស្រុក។
ប្រធានាធិបតីម៉ាក្រុងបានលើកឡើងថា នឹងរៀបចំការស្ទង់មតិ ស្តីពីការកំណត់អាយុចូលនិវត្តន៍ក្នុងវ័យ៦៤ឆ្នាំ មិនមែន៦៥ឆ្នាំនោះឡើយ។ មិនតែប៉ុណ្ណោះនឹងកែទម្រង់ប្រាក់ចូលនិវត្តន៍យ៉ាងតិច១១០០អឺរ៉ូក្នុងមួយខែ គិតចាប់តាំងពីខែកក្កដាឆ្នាំ២០២២។
អំពីកម្លាំងទិញ ប្រធានាធិបតីម៉ាក្រុង ក៏បានរំលឹកដល់ម្ចាស់ក្រុមហ៊ុនយល់ព្រមឱ្យប្រាក់កម្ចីមុនកើនឡើងដល់ទៅ៦ពាន់អឺរ៉ូដល់ពលករ ដើម្បីបង្កើនការទិញទំនិញនៅក្នុងស្រុក។
ជាមួយគ្នានេះដែរ លោកម៉ាក្រុងក៏បានវាយប្រហារទៅលើ លោកស្រី Le Pen លើគោលនយោបាយបន្ថយពន្ធ។ លោកម៉ាក្រុងបញ្ជាក់ថា «លោកស្រី Le Pen បានប្រាក់មកពីណា ដែលកាត់បន្ថយពន្ធ។ ចំពោះខ្ញុំនិយាយត្រង់ជាមួយពលរដ្ឋ ហើយមានតួនាទីទទួលខុសត្រូវ»។
ប្រធានាធិបតីម៉ាក្រុងក៏បានប្រកាសថា នឹងបង្កើនទំនាក់ទំនងជាមួយបេក្ខភាពប្រធានាធិបតីនៅក្នុងការបោះឆ្នោតជុំទីមួយ ដើម្បីប្រឹក្សាពីគោលនយោបាយសំខាន់ៗសម្រាប់ជាតិ និងពលរដ្ឋ៕

ដោយ៖ ធីរីណា(រូបថត​៖​ Monde)


ចែករំលែក៖