ព័ត៌មានទាន់ហេតុការណ៍៖

Bayern Münich ត្រូវការឈ្នះ Villarreal ជើងទី២នេះដើម្បីឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Champions League

ចែករំលែក៖

ការទទួលជ័យជម្នះក្នុងជើងទី១បានធ្វើឱ្យក្រុម Villarreal ស្ថិតក្នុងកៅអីខ្ពស់មុនការប្រកួតវគ្គ១/៤ផ្តាច់ព្រ័ត្រជើងទី២ត្រឡប់មកវិញនៅរាត្រីថ្ងៃអង្គារនេះជាមួយនឹងក្រុម Bayern Münich នៅកីឡដ្ឋាន Allianz Arena ខណៈដែលក្រុមទាំង២កំពុងស្វែងរកកន្លែងមួយក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ UEFA Champions League។

ការ​ប្រកួត​ជើង​ទី១​កាល​ពី​សប្តាហ៍​មុន​បាន​ឃើញ ក្រុម Villarreal យកឈ្នះក្នុងលទ្ធផល ១-០ នៅកីឡដ្ឋាន Estadio de la Cerámica។​ ១គ្រាប់ជ័យជម្នះនេះគឺរកបានដោយកីឡាករ Arnaut Danjuma នៅនាទីទី៨។

ខ្សែប្រយុទ្ធ Robert Lewandowski គឺជាតួអង្គសំខាន់សម្រាប់ក្រុមBayern Münich ក្នុងការប្រកួត Champions League។ គាត់គឺជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេរបស់ក្រុមជាមួយនឹង១២គ្រាប់ដែលច្រើនជាងគូប្រជែងទាំងអស់នៅក្នុងការប្រកួតនៅឆ្នាំ២០២១-២០២២នេះ ដែល៤គ្រាប់គឺជាគ្រាប់ដ៏សំខាន់ដំបូងនៃការប្រកួត។ ចំណែកីឡាករដែលមានលទ្ធភាពបំផុតក្នុងការប្រយុទ្ធរបស់ Villarreal គឺ Danjuma ដែលបានស៊ុតបាល់បញ្ចូលទីចំនួន៦គ្រាប់ក្នុងក្របខ័ណ្ឌ Champions League រដូវកាលនេះរួមទាំងគ្រាប់បាល់បើកឆាកចំនួន២គ្រាប់ផងដែរ។

ក្រុម​ភ្ញៀវ​បាន​ស៊ុត​បាល់​បញ្ចូល​ទី​ក្នុង​ការ​ប្រកួត Champions League ៤លើក​ជាប់​គ្នា​ក្នុង​រដូវ​កាល​នេះ។ ក្រុម Villarreal ​មិនទាន់ស្គាល់រសជាតិចាញ់ទេ ​ចាប់​តាំង​ពី​ចាញ់​មួយប្រកួតប៉ុណ្ណោះក្នុង​វគ្គ​ចែក​ពូល​ទល់​នឹង Manchester United។ រីឯក្រុមម្ចាស់ផ្ទះ Bayern Münich មានភាពល្អឥតខ្ចោះនៅក្នុងផ្ទះក្នុងរដូវកាល Champions League នេះជាមួយនឹងជ័យជម្នះចំនួន៤ដងក្នុងការប្រកួតចំនួន៤នៅកីឡដ្ឋាន Allianz Arena ដោយស៊ុតបញ្ចូលទីបាន២០គ្រាប់ និងរបូតវិញ៣គ្រាប់។ ក្រុមនេះកំពុង​សម្លឹង​មើល​ការ​បន្ត​ការ​ប្រកួត​មិន​ដែល​ចាញ់​ក្នុង​ផ្ទះ៦ប្រកួត (ឈ្នះ៥ ស្មើ១)ក្នុង​គ្រប់​ការ​ប្រកួត​ទាំង​អស់។ ជាមួយនឹងការឈ្នះ៣លើក និងចាញ់តែ១ប្រកួតនៅក្រៅផ្ទះ ក្រុម Villarreal មានកំណត់ត្រាដ៏ល្អក្នុងការប្រកួតក្រៅដីក្នុងយុទ្ធនាការនេះដែរ។

ក្នុង​ការ​ប្រកួត​៦​លើក​ចុង​ក្រោយ​ក្នុង​ការ​ប្រកួត​ទាំង​អស់ Bayern Münichឈ្នះ​៤ ស្មើ​១ និង​ចាញ់​១, ស៊ុតបាល់បញ្ចូលទី១៧គ្រាប់ និងរបូត៤គ្រាប់។ ចំណែកក្រុម Villarreal ឈ្នះ​៣ ស្មើ​១ និង​ចាញ់​២ ​ក្នុង​៦​ក្រុម​ចុងក្រោយ​,ស៊ុតបាល់បញ្ចូលទីចំនួន៦គ្រាប់ និងរបូតវិញ៤គ្រាប់ក្នុងអំឡុងពេលនោះ។ ការប្រកួតរវាងក្រុមទាំង២នឹងធ្វើឡើងនៅវេលាម៉ោង២រំលងអធ្រាត្រឈានចូលថ្ងៃទី១៣ ខែមេសានេះ ហើយបើក្រុមណាឈ្នះនឹងត្រូវប៉ះក្រុម Chelsea ឬ Real Madrid ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ៕

ដោយ៖ ភារៈ(រូបភាព ៖ soccerway.com)


ចែករំលែក៖