ព័ត៌មានទាន់ហេតុការណ៍៖

ប្រជាពលរដ្ឋក្រីក្រ ខ្វះខាតស្បៀង ចំនួន៣១៩គ្រួសារ មកពីទាំង៤ឃុំ នៃស្រុកស្ទឹងហាវ​ ទទួល​អំណោយរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត​

ចែករំលែក៖

ខេត្ត​ព្រះសីហនុ​៖​ លោក គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ នៅព្រឹកថ្ងៃអង្គារ៍ ៣រោច ខែចេត្រ ឆ្នាំឆ្លូវត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២២នេះ​ បានអញ្ជើញជួបសំណេះសំណាល និងនាំយកអំណោយរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ចែកជូនប្រជាពលរដ្ឋក្រីក្រ ខ្វះខាតស្បៀង ចំនួន៣១៩គ្រួសារ មកពីទាំង៤ឃុំ នៃស្រុកស្ទឹងហាវ ក្នុងនោះឃុំកំពេញចំនួន៧៤គ្រួសារ ឃុំអូត្រេះចំនួន១៤៣គ្រួសារ ឃុំទំនប់រលកចំនួន៥៧គ្រួសារ និងឃុំកែវផុស ចំនួន៤៥គ្រួសារ។ 

នាឱកាសនោះ​ លោក គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ បានមានប្រសាសន៍សំណេះសំណាល និងការផ្ដាំផ្ញើសួរសុខទុក្ខពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងផ្ញើសេចក្តីនឹករលឹកជូនពរឆ្នាំថ្មីប្រពៃណីជាតិខ្មែរ សូមទទួលបានសិរីសួស្តី ជ័យមង្គលគ្រប់ក្រុមគ្រួសារ ព្រមទាំងបានកោតសរសើរមេឃុំទាំង៤ ដែលបានយកចិត្តទុកដាក់ពីសុខទុក្ខប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ 

លោកប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត​ បានបន្តថា ថ្មីៗនេះ លោកបានផ្តួចផ្តើមគំនិតឱ្យមេឃុំចៅសង្កាត់ ចុះជួបប្រជាពលរដ្ឋនៅតាមខ្នងផ្ទះ ពិសេសចង់ដឹងអំពីកង្វល់ និងសំណូមពរបងប្អូនរបស់យើង ជួបការលំបាកអ្វីខ្លះ រួចលើកសំណើមកសាខាកាកបាទក្រហម ហើយឯកឧត្តមបានស្នើសុំបន្តទៅសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ដើម្បីនាំយកអំណោយយកមកចែកជូនបងប្អូន។ លោកអភិបាលខេត្ត​ បានបន្តថា​ ទន្ទឹមនឹងនេះ លោក​ លោកស្រី ជាមេឃុំចៅសង្កាត់បានខិតខំបំពេញតាមតួនាទីភារកិច្ច និងសកម្មភាពចែករំលែកអំណោយជូនអ្នកខ្វះខាតស្បៀងបានទាន់ពេលវេលា និងការបម្រើសេវាជូនប្រជាពលរដ្ឋ ដែលនេះជាទឹកចិត្ត និងឆន្ទ:ក្នុងការឈ្វេងយល់អំពីសុខទុក្ខ និងការទទួលសំណូមពររបស់ប្រជាពលរដ្ឋ។ 

បន្ថែមពីនេះ​ លោកអភិបាលខេត្ត​ ក៏បានថ្លែងកោតសរសើរចំពោះមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ ដែលបានចូលរួមការពារសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ និងការរៀបចំកម្មវិធីកម្សាន្តនានា នៅតាមកន្លែងកម្សាន្តក្នុងខេត្តព្រះសីហនុ និងផ្សព្វផ្សាយពីគោលការណ៍គោរពច្បាប់ចរាចរណ៍ ពិសេសមិនមានគ្រោះថ្នាក់ចរាចរណ៍ឆក់យកអាយុជីវិតបងប្អូនប្រជាពលរដ្ឋ ក្នុងឱកាសបុណ្យចូលថ្មីនេះឡើយ។ ទន្ទឹមនឹងនោះមន្ត្រីសុខាភិបាលរបស់យើងបានខិតខំបំពេញការងារយាមប្រចាំការ ដើម្បីចាំជួយសង្គ្រោះបងប្អូនប្រជាពលរដ្ឋដោយប្រការណាមួយ ព្រោះយើងជាមន្ត្រីត្រូវបំរើសេវាជូនប្រជាពលរដ្ឋ ហើយនេះជាគោលនយោបាយរបស់រាជរដ្ឋាភិបាល។ ជាមួយគ្នានេះ យើងក៏បានធ្វើការកែលម្អប្រព័ន្ធសុខាភិបាល ពិសេសវេនប្រចាំការនៅតាមមណ្ឌលសុខភាព ត្រូវមានគ្រូពេទ្យប្រចាំការ២៤ម៉ោងលើ២៤ម៉ោង ក្នុងក្របខណ្ឌទូទាំងខេត្ត ដោយពង្រឹងការទទួលខុសត្រូវក្នុងការបម្រើសេវាឱ្យទាន់ពេលវេលាក្នុងនាមជាមន្ត្រីបម្រើសេវាសាធារណៈលើវិស័យសុខាភិបាល។ 

លោក​ គួច​ ចំរើន​ បានបញ្ជាក់ថា នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២នេះ​ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តព្រះសីហនុ បានអញ្ជើញគ្រូពេទ្យស្ម័គ្រចិត្តមកពីប្រទេសបារាំងដែលមានអ្នកឯកទេសចំនួន ៤នាក់ ដោយមានការសម្របសម្រួលជាមួយក្រុមគ្រូពេទ្យកម្ពុជា នឹងមកពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋនៅស្រុកស្ទឹងហាវដោយឥតគិតថ្លៃ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋ មកទទួលសេវាពិនិត្យសុខភាពដោយឥតគិតថ្លៃឱ្យបានគ្រប់គ្នា។ ជាមួយគ្នានេះ រាជរដ្ឋាភិបាលបានផ្ដល់ថវិកាអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ជាច្រើនខ្សែសម្រាប់ខេត្តព្រះសីហនុ ក្នុងនោះស្រុកស្ទឹងហាវ ក៏មានហេដ្ឋារចនាសម្ព័ន្ធត្រូវបានស្ថាបនាថ្មីផងដែរ។ 

ក្នុងឱកាសនោះ​ លោកប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ សូមអញ្ជើញទៅចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ឱ្យបានគ្រប់ៗគ្នា និងគ្រប់ដូសដើម្បីចូលរួមកាត់បន្ថយការឆ្លងជំងឺកូវីដ-១៩ ទាំងអស់គ្នា និងបាននាំយកអំណោយសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋក្រីក្រទាំង៣១៩គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបានអង្ករ២៥គីឡូក្រាម មី១កេស ត្រីខ១០កំប៉ុង ទឹកត្រី១យួរ ឃីត១កញ្ចប់ (សារ៉ុង១ ក្រមា១ មុង១ ភួយ១) កន្ទេល១ ម៉ាស់១កញ្ចប់ ជែល១ដប និងថវិកា ចំនួន៥ម៉ឺនរៀល៕

ដោយ​៖ស​ តារា​


ចែករំលែក៖