ព័ត៌មានទាន់ហេតុការណ៍៖

ទីក្រុងសៀងហៃមានករណីស្លាប់ដោយកូវីដ-១៩ថ្មីជាច្រើននាក់

ចែករំលែក៖

នៅក្នុងរបាយការណ៍ដែលបានប្រកាសនៅថ្ងៃទី១៩ខែមេសាបង្ហាញឱ្យឃើញថា នៅទីក្រុងសៀងហៃមានករណីស្លាប់ដោយកូវីដ-១៩ ចំនួន៧នាក់បន្ថែមទៀត ធ្វើឱ្យចំនួនអ្នកឆ្លងនិងស្លាប់នៅប្រទេសចិនកើនឡើងខ្ពស់។ កាលពីថ្ងៃទី ១៨ខែមេសា ក៏មានករណីស្លាប់៣នាក់ដំបូងផងដែរ គិតចាប់តាំងពីការបិទខ្ទប់ទីក្រុងសៀងហៃកាលពីខែមីនា។
អាជ្ញាធរសុខាភិបាលក្រុងសៀងហៃ បានឱ្យដឹងថា ជនរងគ្រោះទាំង៧នាក់នោះមានវ័យចន្លោះពី៦០-១០១ឆ្នាំ ហើយសុទ្ធតែមានជំងឺប្រចាំកាយ ដូចជាជំងឺបេះដូង និងជំងឺទឹកនោមផ្អែម ជាដើម។ ជាមួយគ្នានេះ ករណីឆ្លងថ្មីៗចំនួនជាង ២០,០០០នាក់ ភាគច្រើនជាករណីមិនចេញរោគសញ្ញា ក៏ត្រូវបានរាយការណ៍ នៅទីក្រុងសៀងហៃផងដែរ។
ប្រជាជនចិនប្រមាណ២៥លាននាក់ នៅក្នុងទីក្រុងសៀងហៃភាគច្រើនត្រូវបានតម្រូវមិនឱ្យចេញពីផ្ទះ ចាប់តាំងតែពីខែមីនាមក ស្របពេលដែលករណីឆ្លងប្រចាំថ្ងៃបានលោតដល់លើសពី២៥,០០០នាក់ ដែលជាចំនួនមិនសូវជាច្រើនប៉ុន្មាននោះឡើយ បើតាមស្តង់ដារសកល ប៉ុន្តែជាតួលេខដ៏ខ្ពស់មួយសម្រាប់ប្រទេសចិនផ្ទាល់៕ ដោយ៖ ធីរីណា

រូបថត​ ៖​ AFP


ចែករំលែក៖