អន្តរជាតិ៖ បើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២២ ខែមេសា ឆ្នាំ២០២២ ដោយដកស្រង់តាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន CCTV កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បានរាយការណ៍ឱ្យដឹងថា តុលាការចិនបានសម្រេចប្រកាសផ្តន្ទាទោសប្រហារជីវិតពលរដ្ឋអាមេរិកម្នាក់ឈ្មោះ សាឌីដ អាប់ឌុលម៉ាទីន (Shadeed Abdulmateen) ពីបទមនុស្សឃាតដោយចេតនាលើស្ត្រីអាយុ២១ឆ្នាំម្នាក់ដែលជាអតីតមិត្តស្រីរបស់ខ្លួន។
តាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន CCTV បាននិយាយបន្ថែមថា នៅក្នុងការប្រកាសសាលក្រម តុលាការទីក្រុងនីងបូ (Ningbo) ខេត្តស៉ីជាំង (Zhejiang) បានរកឃើញថា បន្ទាប់ពីបានបែកបាក់គ្នាកាលពីខែមិថុនាឆ្នាំ២០១៩កន្លងទៅ, ចុងចោទបានណាត់ជួបនិងនិយាយជាមួយជនរងគ្រោះដែលជាស្ត្រីជនជាតិចិនម្នាក់មាននាមត្រកូល ឈិន (Chen) នៅឯចំណតរថយន្តក្រុងក្នុងទីក្រុង Ningbo មុនពេលចុងចោទចាក់សម្លាប់នាងដោយប្រភេទ «កូនកាំបិតបត់»។
គួរជម្រាបថា តុលាការចិនបានចាត់ទុកថា៖ «វាជាការសម្លាប់ដើម្បីសងសឹកដោយគិតទុកជាមុនរបស់ចុងចោទ ដោយបានចាក់សម្លាប់ និងឆូតមុខ និងករបស់ជនរងគ្រោះ ជាច្រើនកាំបិតរហូតបណ្ដាលឱ្យស្លាប់។ នេះត្រូវបានជំរុញដោយចេតនាទុច្ចរិត ចេតនាតាំងចិត្ត និងមធ្យោបាយដ៏ឃោរឃៅ ហើយកាលៈទេសៈនៃឧក្រិដ្ឋកម្ម គឺអាក្រក់ និងធ្ងន់ធ្ងរខ្លាំងបំផុតដែលគួរតែទទួលទោសទៅតាមច្បាប់»។
ដោយឡែកជុំវិញករណីនេះដែរ មន្ត្រីក្រសួងការបរទេសអាមេរិកម្នាក់ បាននិយាយថា៖ ខ្លួនកំពុងតាមដានករណីនេះ ប៉ុន្តែបានបដិសេធនឹងមិនធ្វើអត្ថាធិប្បាយបន្ថែមទៀតទេ ដោយសារតែការពិចារណាលើឯកជនភាព៕ ដោយ៖ស តារា
រូបភាព៖CNN
រូបភាព៖ South China Morning Post