ខេត្តកោះកុង៖ មន្រ្តីជំនាញ នៃក្រសួងបរិស្ថាន ចុះបង្រ្កាបទីតាំងកែច្នៃជួញដូរវល្លិរមៀតជាង៧តោន ស្ថិតនៅលំនៅដ្ឋានរបស់ជនសង្ស័យមានឈ្មោះ ណាង ពៅ ភេទស្រី អាយុ៤៣ឆ្នាំ រស់នៅភូមិជីមាល ឃុំអណ្តូងទឹក កាលពីថ្ងៃទី២១ ខែមេសាម្សិលមិញនេះ បច្ចុប្បន្នកំពុងកសាងសំណុំរឿងអនុវត្តតាមនីតិវិធី។ នេះបេីយោងតាមការបញ្ជាក់ពីលោក វ៉ៃ ភីរម្យ ព្រះរាជអាជ្ញារងខេត្តកោះកុង បានថ្លែងឱ្យដឹងនៅវេលាម៉ោង៤និង១៥នាទីរសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២។
លោក វ៉ៃ ភីរម្យ បានថ្លែងបន្តថា ក្រោយប្រតិបត្តិការចប់យោងតាមចម្លើយសារភាពរបស់ស្រ្តីជាជនសង្ស័យ បានរៀបរាប់ថា៖ គាត់បានទិញវល្លិ៍រមៀតទាំងនេះពីប្រជាពលរដ្ឋក្នុងមូលដ្ឋានដែលពួកគេទៅកាប់ដឹកជញ្ចូនពីលើភ្នំមកលក់ឱ្យខ្លួនជាអ្នកទទួលទិញ។ ដោយតម្លៃគីឡូក្រាមថ្លៃ២០០រៀល ហើយកាប់ឱ្យល្អិតហាលថ្ងៃឱ្យស្ងួតបានមួយផ្នែកត្រៀមបម្រុងយកទៅលក់បន្តនៅរាជធានីភ្នំពេញ គ្រាមិនទាន់រកអ្នកទិញបន្តមិនទាន់បាននៅឡើយទេ។
លោកព្រះរាជអាជ្ញារងខេត្តកោះកុង បានបន្ថែមថា ប្រសិនបើជនសង្ស័យរកឈ្នួញទិញបាន គាត់នឹងផ្ញើតាមរថយន្តទៅលក់ក្នុង១គីឡូក្រាមថ្លៃ៦០០រៀល គ្រាដែរជនសង្ស័យប្រព្រឹត្តជាលើកដំបូង ហើយត្រូវបានសមត្ថកិច្ចបង្រ្កាបបានតែម្តង ដោយទាំងមិនដឹងថាការប្រកបមុខរបរនេះខុសច្បាប់នោះទេ។
ជុំវិញករណីនេះដែរលោក វេត សុនីម អនុប្រធានមន្ទីរបរិស្ថានខេត្តកោះកុង ក៏បានឱ្យដឹងដែរថា មុននឹងឈានដល់ការសុំគោលការណ៍តំណាងអយ្យការអមសាលាដំបូងចុះបង្រ្កាប គឺមន្រ្តីរបស់លោកបានតាមដានជាង១០ថ្ងៃមុន គ្រាឃើញមានម្ចាស់គោយន្តដឹកវល្លិ៍រមៀតស្រស់ចូលមូលដ្ឋានជនសង្ស័យរស់នៅ។ ទោះបីជាដឹងថា តំបន់គ្រប់គ្រងដោយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ក៏ដោយ តែក្នុងនាមនគរបាលយុត្តិធម៌ ចាំបាច់បង្រ្កាបឱ្យបានទាន់ពេលវេលា ព្រោះតែវល្លិ៍រមៀតជាសារធាតុម៉្យាងទៅផ្សំធ្វើជាគ្រឿងញៀនខុសច្បាប់បាន។ មន្រ្តីជំនាញ បន្តថា ការបង្រ្កាបបទល្មើសកែច្នៃវល្លិរមៀតកម្រនឹងបង្រ្កាបបានណាស់។ ដូច្នេះសាធារណជន ក៏មានដាក់ការសង្ស័យដែរថា ផ្ទះស្រ្តីជនសង្ស័យនៅក្បែរទីស្នាក់ការល្បាតបរិស្ថានឃុំអណ្តូងទឹក ហេតុអ្វីទើបតែមានការបង្រ្កាបនៅពេលនេះ។
គួររម្លឹកថា មន្រ្តីជំនាញបរិស្ថានខេត្ត កាលពីឆ្នាំ២០២០កន្លងទៅ ធ្លាប់បង្រ្កាបករណីកែច្នៃវល្លិ៍រមៀតជាង៨តោនផងដែរ និងឃាត់ខ្លួនជនសង្ស័យម្នាក់នៅស្រុកថ្មបាំង រួចបញ្ចូនមកតុលាការអនុវត្តតាមនីតិវិធីច្បាប់។
បច្ចុប្បន្នវត្ថុតាងខាងលេីនេះ ត្រូវដឹកជញ្ចូនយកទៅរក្សាទុកជាបណ្តោះអាសន្ននៅស្នាក់ការល្បាតព្រែកតាអុក ស្ថិតនៅភូមិព្រែកតាអុក ឃុំអណ្តូងទឹក រីឯជនសង្ស័យ បានបញ្ចូនមកអនុវត្តតាមនីតិវិធីនៅសាលាដំបូងខេត្តកោះកុង៕
ដោយ៖សហការី