ព័ត៌មានទាន់ហេតុការណ៍៖

លទ្ធផលនៃជំនួបទ្វេភាគីរវាងសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជាជាមួយ លោក អំ បឺរឡា (OM BIRLA) ប្រធានរដ្ឋសភា នៃសាធារណរដ្ឋឥណ្ឌា

ចែករំលែក៖

ភ្នំពេញ ៖ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃជំនួបទ្វេភាគីរវាងសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ជាមួយ លោក អំ បឺរឡា (OM BIRLA) ប្រធានរដ្ឋសភា នៃសាធារណរដ្ឋឥណ្ឌានៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២។ 

តបតាមការអញ្ជើញរបស់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃ ព្រះរាជាណាចក្រកម្ពុជា លោក អំ បឺរឡា (OM BIRLA) ប្រធានរដ្ឋសភា នៃសាធារណរដ្ឋឥណ្ឌ បានអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការ និងមិត្តភាព នៅព្រះរាជាណាចក្រកម្ពុជា ចាប់ពី ថ្ងៃទី២១ ដល់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២២។

ក្នុងឱកាសបំពេញទស្សនកិច្ចនៅកម្ពុជា នាព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២លោក អំ បឺរឡា បានអញ្ជើញដាក់កូរ៉េនផ្កានិងគោរពវិញ្ញាណក្ខន្ធនៅវិមានឯករាជ្យ និងគោរពព្រះវិញ្ញាណក្ខន្ធ នៅមណ្ឌប ព្រះករុណា ព្រះបាទ សម្តេច ព្រះនរោត្តម សីហនុ (ព្រះបរមរតនកោដ្ឋ) និងបានអញ្ជើញ ជួបសវនាការ និងពិភាក្សាការងារទ្វេភាគីជាមួយ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នៅវិមានរដ្ឋសភា។

ក្នុងជំនួបពិភាក្សាការងារទ្វេភាគីនោះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធាន រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម អំ បឺរឡា ប្រធានរដ្ឋសភា នៃសាធារណរដ្ឋឥណ្ឌ បានឯកភាពគ្នាក្នុងការពង្រឹងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភា ប្រទេសទាំងពីរឱ្យកាន់តែស៊ីជម្រៅ និងគ្រប់ជ្រុងជ្រោយ ទាំងក្នុងក្របខណ្ឌទ្វេភាគី និងអន្តរជាតិ។ ប្រធានរដ្ឋសភាកម្ពុជានិងឥណ្ឌា ក៏បានប្ដេជ្ញាផងដែរ ក្នុងការជំរុញដល់កិច្ចសហប្រតិបត្តិការលើផ្នែក សេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ និងវប្បធម៌ ប្រទេសទាំងពីរ ឱ្យបានគ្រប់ជ្រុងជ្រោយបន្ថែមទៀត។

ថ្នាក់ដឹកនាំរដ្ឋសភាកម្ពុជានិងឥណ្ឌា បានសម្តែងក្តីសប្បាយរីករាយជាទីបំផុត ចំពោះសមិទ្ធផល ជាច្រើន កើតចេញពីទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ជាប្រវត្តិសាស្ត្រនៅក្នុងរយៈពេល៧០ឆ្នាំ មកនេះ។ ប្រជាជនកម្ពុជា-ឥណ្ឌា មានទំនាក់ទំនងជាប្រវត្តិសាស្ត្រ ដែលមានវប្បធម៌ ជំនឿ សាសនា ស្រដៀងគ្នា។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានសម្តែងនូវក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ចំពោះវត្តមានដ៏ខ្ពង់ខ្ពស់របស់ លោក អំ បឺរឡា និងគណៈប្រតិភូ នៅព្រះរាជាណាចក្រកម្ពុជា។ សម្ដេចបានលើកឡើងថា ដំណើរទស្សនកិច្ចរបស់ លោកប្រធានរដ្ឋសភា នាពេលនេះ ពិតជា ផ្ដល់នូវកិត្តិយស និងមានអត្ថន័យជាប្រវត្តិសាស្ត្រសម្រាប់ប្រទេសកម្ពុជា ឆ្លុះបញ្ចាំងឱ្យឃើញពីការ បន្តពង្រឹងពង្រីកទំនាក់ទំនងចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេស ទាំងពីរកម្ពុជា-ឥណ្ឌា ឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅថែមទៀត។

សម្តេចប្រធានរដ្ឋសភា បានជម្រាបជូន គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាឥណ្ឌា អំពីស្ថានភាព សេដ្ឋកិច្ច សង្គម នៅកម្ពុជា។ ចំពោះការងាររដ្ឋសភាវិញ សម្តេចប្រធានរដ្ឋសភា បានលើកឡើងថា ចាប់តាំងពីនីតិកាលទី១មក រដ្ឋសភាកម្ពុជា បាននិងកំពុងបន្តពង្រឹងពង្រីកទំនាក់ទំនងការទូតសភា តាមរយៈកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី ជាមួយបណ្តាសភានានា នៅក្នុងតំបន់ និង សកលលោក សំដៅរួមចំណែកលើកកម្ពស់ថែរក្សាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ នៅក្នុងក្របខណ្ឌ តំបន់ និងពិភពលោក។ រដ្ឋសភាកម្ពុជា បានបង្កើតក្រុមមិត្តភាពសភាកម្ពុជាជាមួយសភាជាង ១០០ប្រទេសនៅលើសកលលោក ក្នុងនោះក៏មានរដ្ឋសភាឥណ្ឌាផងដែរ ក្នុងបំណងជំរុញលើក កម្ពស់ទំនាក់ទំនង មិត្តភាព និងសហប្រតិបត្តិការជាលក្ខណៈទ្វេភាគី ដើម្បីផលប្រយោជន៍ឱ្យគ្នា ទៅវិញទៅមក។

លោក អំ បឺរឡា បានគូសបញ្ជាក់ថា តាមរយៈការជួបសន្ទនាជាទៀងទាត់របស់ថ្នាក់ ដឹកនាំប្រទេសទាំងពីរ បានធ្វើឱ្យទំនាក់ទំនងជាប្រវត្តិសាស្ត្រកម្ពុជា និងឥណ្ឌាកាន់តែស៊ីជម្រៅ។ ប្រទេសឥណ្ឌាបានឱ្យតម្លៃជាសំខាន់ចំពោះទំនាក់ទំនងប្រទេសទាំងពីរ។ មានគម្រោងអភិវឌ្ឍន៍ ជាច្រើនរបស់ឥណ្ឌានៅកម្ពុជា ដូចជា វិស័យសុខាភិបាល កសិកម្ម និងបច្ចេកវិទ្យា ដែលគម្រោង ទាំងអស់នោះ បានផ្ដល់ផលប្រយោជន៍ជាច្រើនដល់ប្រជាជនកម្ពុជា។

លោក អំ បឺរឡា បានគោរពអញ្ជើញ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បំពេញ ទស្សនកិច្ចនៅប្រទេសឥណ្ឌានាពេលខាងមុខ។ វត្តមានសម្តេចនៅប្រទេសឥណ្ឌាមានសារសំខាន់ ដើម្បីចូលរួមក្នុងវេទិកាអាស៊ាន-ឥណ្ឌាផង និងក្នុងឱកាសប្រទេសទាំងពីរប្រារព្ធខួបលើកទី៧០ ន ចំណងការទូត និងចំពេលដែលឥណ្ឌាប្រារព្ធខួបលើកទី៧៥ នៃទិវាឯករាជ្យជាតិ ក៏ដូចជាឱកាសម្ភោធ អគាររដ្ឋសភាថ្មីឥណ្ឌផងដែរ។

សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន បានទទួលសំណើរបស់គណៈប្រតិភូសភាឥណ្ឌា។ ជាមួយគ្នានេះ សម្តេចបានគោរពអញ្ជើញ គណៈប្រតិភូសភាឥណ្ឌាមកចូលរួមមហាសន្និបាតអន្តរ សភាអាស៊ាន(AIPA) លើកទី៤៣ ដែលសភាកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៅខែវិច្ឆិកាខាងមុខ ក្នុងនាម ជាភ្ញៀវរបស់ម្ចាស់ផ្ទះ។ សម្តេចបានស្នើសូមភាគីឥណ្ឌា ពន្លឿនដល់ការបង្កើតឱ្យមានកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីរវាងប្រទេសទាំងពីរ។ រដ្ឋសភាទាំងពីរប្រទេសនឹងខិតខំប្រឹងប្រែង ដើម្បីបន្ត កិច្ចសហប្រតិបត្តិការ

ឈានទៅដល់ការចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា(MOU) សម្រាប់កិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាទាំងពីរ ក្នុងការពង្រឹង និងចូលរួមថែរក្សាសន្តិភាព និង ស្ថេរភាព វិបុលភាពនៅក្នុងតំបន់ និងលើពិភពលោក។ សម្ដេចស្នើឥណ្ឌា បន្តគាំទ្រការបណ្ដុះបណ្ដាល ធនធានមនុស្សនៅកម្ពុជា និងជួយកិច្ចសហការក្នុងការអភិរក្ស និងស្តារបេតិកភណ្ឌ វប្បធម៌ និងជំរុញដល់រដ្ឋាភិបាលឥណ្ឌា អនុវត្តការអភិរក្សបេតិកភណ្ឌតំបន់អង្គរ និងបេតិកភណ្ឌតំបន់ព្រះវិហារ ដោយសារឥណ្ឌា ជាសហប្រធាននៃគណៈកម្មាធិការអន្តរជាតិស្តារ និងអភិរក្សប្រាសាទព្រះវិហារ (ICC-Preah Vihear) “1

ជាការឆ្លើយតប លោក អំ បឺរឡា បានទទួលសំណើរបស់ សម្តេចប្រធានរដ្ឋសភា និងបានសន្យាថា នឹងផ្តល់ចម្លើយជាវិជ្ជមានជូនសម្តេច តាមរយៈឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំនៅកម្ពុជា នាពេលក្រោយបន្ថែមទៀត។

ក្រោយពីជំនួបពិភាក្សាការងារជាមួយ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធាន រដ្ឋសភា នៅថ្ងៃនេះ លោក អំ បឺរឡា និងគណៈប្រតិភូ នឹងចូលជួបសវនាការជាមួយ សម្តេច វិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ចូលក្រាបបង្គំគាល់ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បន្ទាប់មក នៅថ្ងៃ ទី២៣ ខែមេសា ឆ្នាំ២០២២ គណៈប្រតិភូនឹងអញ្ជើញធ្វើដំណើរទៅខេត្តសៀមរាប ដើម្បីទស្សនា ប្រាសាទនានាផងដែរ។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនជ្រាបជាព័ត៌មាន៕

ដោយ ៖ សុខ ខេមរា


ចែករំលែក៖