ភ្នំពេញ ៖ អគ្គិភ័យបានឆាបឆេះផ្ទះប្រជាពលរដ្ឋមួយកន្លែងដែលមានដាក់ស្លាកយីហោ បញ្ញាកាត់ដេរ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចចុះជួយធ្វើអន្តរាគមន៍បាញ់ទឹកពន្លត់ កាលពីវេលាម៉ោង១០និង២៩នាទីព្រឹក ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២២ នៅចំណុចផ្ទះលេខ១៧២ ស្ថិតនៅតាមបណ្តោយវិថីត្រសក់ផ្អែម(លេខ៦៣) ក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឱ្យដឹងថា ម្ចាស់ទីតាំងកើតហេតុខាងលើនេះមានឈ្មោះសាត សុផារ័ត្ន ភេទស្រី អាយុ៣៨ឆ្នាំ មុខរបរកាត់ដេរ។
យោងតាមប្រភពព័ត៌មានពីបុគ្គលិកកាត់ដេរនៅទីតាំងកើតហេតុបានប្រាប់ឱ្យដឹងថា នៅមុនពេលកើតហេតុ រូបគាត់បានឃើញមានផ្សែងហុយ និងឮសំឡេងផ្ទុះចេញពីបន្ទប់ឃ្លាំងខាងក្រោយដែលជាឃ្លាំងសម្រាប់ស្តុកអីវ៉ាន់មានដូចជាអំបោះ កំណាត់ និងសម្ភារផ្សេងៗទៀត។ ភ្លាមៗនោះ ដោយសារតែមានផ្សែងហុយខ្លាំងពេក ទើបបង្កឱ្យមានការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋ បាននាំគ្នាយកបំពង់ពន្លត់អគ្គិភ័យមកបាញ់ពន្លត់ដែរ តែគ្រប់គ្រងមិនបានទើបបានរាយកាណ៍ទៅសមត្ថកិច្ចមូលដ្ឋាន និងបានទំនាក់ទំនងទៅខាងការិយាល័យនគរបាលបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះសុំឱ្យចេញរថយន្តពន្លត់អគ្គិភ័យមកជួយធ្វើអន្តរាគមន៍បាញ់ទឹកពន្លត់។
លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះបានឱ្យដឹងថា ករណីអគ្គិភ័យដែលឆាបឆេះផ្ទះប្រជាពលរដ្ឋខាងលើនេះ គឺបណ្តាលមកពីឆ្លងចរន្តអគិ្គសនី ទើបបង្កជាអគ្គិភ័យឆាបឆេះ ហើយធ្វើឱ្យខូចខាតឆេះផ្ទះថ្មប្រក់ស័ង្កសី និងខូចខាតសម្ភារៈប្រើប្រាស់ក្នុងផ្ទះអស់មួយចំនួន តែសំណាងល្អក្នុងករណីគ្រោះអគ្គិភ័យនេះមិនបណ្ដាលឱ្យមានមនុស្សរងរបួសនោះទេ និងពុំបណ្តាលឱ្យឆេះរាលដាលដល់ផ្ទះអ្នកក្បែរខាងឡើយ។
គួរបញ្ជាក់ថា ក្នុងករណីគ្រោះថ្នាក់អគ្គិភ័យខាងលើនេះ គឺបណ្តាលមកពីឆ្លងចរន្តអគិ្គសនី បានឆេះសំណង់ផ្ទះថ្មប្រក់សង្ក័សី ទំហំ៣,៥ម៉ែត្រ គុណនឹង ១៨ម៉ែត្រ។ ក្នុងប្រតិបត្តិការជួយសង្គ្រោះ នេះសមត្ថកិច្ចបានប្រើប្រាស់រថយន្តការិយាល័យនគរបាលពន្លត់អគ្គិភ័យ ចំនួន៥គ្រឿង ប្រេីប្រាស់ទឹកអស់ ១៧ឡាន ស្មើនឹង៦៨ម៉ែត្រគូប ដោយប្រើប្រាស់រយៈពេល៣០នាទីដើម្បីធ្វើការបាញ់ពន្លត់ឱ្យរលត់ទៅវិញជាស្ថាពរ៕
ដោយ ៖ភារ៉ា ដង្កោ