ខេត្តកំពង់ចាម៖ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត អគ្គនាយក នៃអគ្គនាយកដ្ឋានស្រាវជ្រាវចារកិច្ចនៃក្រសួងការពារជាតិ បានលើកឡើងនៅលេីបណ្ដាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន នៅរសៀលថ្ងៃសៅរ៍ទី២៣ ខែមេសា ឆ្នាំ២០២២នេះថា៖ នៅព្រឹកនេះមិញ លោកបានចូលរួមពិធីសម្ពោធទីស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំស្វាយទាប ស្រុកចំការលើ ខេត្តកំពង់ចាម។
លោក ហ៊ុន ម៉ានិត បានថ្លែងបន្តថា អគារស្នាក់ការថ្មីនេះ បានជួយសម្រួលដល់ការបំពេញការងារ កិច្ចការប្រជុំនានា របស់ក្រុមការងារគណបក្សចុះមូលដ្ឋានឃុំ គណៈកម្មាធិការគណបក្សឃុំ យុវជន និងសមាជិកគណបក្ស ដើម្បីបម្រើទៅដល់ផលប្រយោជន៍របស់ប្រជាជនឃុំទាំងមូល។ ជាពិសេសទីស្នាក់ការគណបក្ស គឺជាកន្លែងផ្សារភ្ជាប់គ្នារវាងក្រុមការងារគណបក្សចុះមូលដ្ឋានឃុំ និងមន្ត្រីគណបក្សឃុំ ភូមិ រួមគ្នាដោះស្រាយបញ្ហារបស់ប្រជាពលរដ្ឋ និងឆ្លេីយតបជូនប្រជាពលរដ្ឋបានទាន់ពេលវេលា។
ជាមួយគ្នានេះ លោក ហ៊ុន ម៉ានិត ក៏សូមថ្លែងអំណរគុណដល់ក្រុមការងារទាំងអស់ ពូមីង បងប្អូន សមាជិកគណបក្សទាំងអស់ ដែលតែងតែលះបង់ពេលវេលា កម្លាំងកាយចិត្ត ដើម្បីបុព្វហេតុជាតិមាតុភូមិ។ និងសូមថ្លែងអំណរគុណ ដល់បងប្អូនប្រជាពលរដ្ឋ ដែលតែងតែគាំទ្រ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ក្នុងការដឹកនាំ អភិវឌ្ឍន៍ប្រទេសជាតិ៕
ដោយ៖សហការី