ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលរាជធានីភ្នំពេញអំពាវនាវដល់ ប្រជាពលរដ្ឋកម្មករនិយោជិតនៅតាមបណ្តារោងចក្រ សហគ្រាសនានា អាជីវករ ក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធទៅចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសជំរុញឬដូសទី៣ និងដូសទី៤ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញឲ្យបានគ្រប់ៗគ្នា

ចែករំលែក៖

    ភ្នំពេញ៖  រដ្ឋបាលរាជធានីភ្នំពេញបានអំពាវនាវដល់ពលរដ្ឋ កម្មករ និយោជិត នៅតាមបណ្តារោងចក្រ សហគ្រាសនានា អាជីវករ ក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងប្រជាពលរដ្ឋទូទៅ អញ្ជើញទៅចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសជំរុញឬដូសទី៣ និងដូសទី៤ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញឱ្យបានគ្រប់ៗគ្នា។

   បើតាមសេចក្ដីជូនដំណឹងនៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២ថា៖ រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនដំណឹងដល់បងប្អូនកម្មករ និយោជិត អាជីវករ ក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធនិងប្រជាពលរដ្ឋទាំងអស់នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ មេត្តាជ្រាបថា ដោយអនុវត្តតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់ប្រកបដោយគតិបណ្ឌិត និងឈ្លាសវៃរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្តី្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលបានកំណត់យកការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជាវិធានការយុទ្ធសាស្ត្រគន្លឹះ ក្នុងការកាត់បន្ថយការឆ្លង និងឈឺធ្ងន់ ពិសេសធានាបានភាពសុាំក្នុងសហគមន៍និងការរស់នៅតាមបែបគន្លងប្រក្រតីភាពថ្មី និងដោយទទួលបានការឯកភាពដ៏ខ្ពង់ខ្ពស់ពីសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាអនុប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ក្នុងក្របខ័ណ្ឌរាជធានីភ្នំពេញនឹងសហការជាមួយក្រុមគ្រូពេទ្យកងយោធពលខេមរភូមិន្ទនៃក្រសួងការពារជាតិ ដើម្បីបន្តចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសជំរុញ ឬដូសទី៣ និងដូសទី៤ ជូនដល់បងប្អូនកម្មករ និយោជិត អាជីវករ ក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងប្រជាពលរដ្ឋទាំងអស់ក្នុងរាជធានីភ្នំពេញ ដែលក្នុងនោះ ក្រុមគ្រូពេទ្យកងយោធពលខេមរភូមិន្ទនៃក្រសួងការពារជាតិនឹងទទួលបន្ទុកចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ក្នុងភូមិសាស្ត្រខណ្ឌចំនួន៩រួមមាន ៖ ខណ្ឌសែនសុខ ខណ្ឌឫស្សីកែវ ខណ្ឌព្រែកព្នៅ ខណ្ឌទួលគោក ខណ្ឌកំបូល ខណ្ឌដង្កោ ខណ្ឌពោធិ៍សែនជ័យ ខណ្ឌមានជ័យ និងខណ្ឌច្បារអំពៅ ទៅតាមទីតាំងដែលបានកំណត់ក្នុងសេចក្តីជូនដំណឹងរបស់រដ្ឋបាលខណ្ឌសាមីទាំង៩ខាងលើ។ ទន្ទឹមនេះ បងប្អូន កម្មករ និយោជិត អាជីវករ ក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងប្រជាពលរដ្ឋទាំងអស់អាចបន្តអញ្ជើញទៅចាក់វ៉ាក់សាំងបង្ការ ជំងឺកូវីដ-១៩ ជាមួយក្រុមគ្រូពេទ្យមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញ នៅតាមទីតាំងមន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាពដែលនៅជិតលំនៅឋានរបស់ខ្លួននិងកន្លែងបម្រើការងារ ក្នុងភូមិសាស្ត្រខណ្ឌទាំង១៤ផងដែរ។

     ខ្លឹមសារដូចបានជម្រាបជូនខាងលើ សូម៉បងប្អូនកម្មករ និយោជិត អាជីវករ ក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងប្រជាពលរដ្ឋទាំងអស់ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ មេត្តាជ្រាបជាព័ត៌មាន និងអញ្ជើញរួសរាន់ មកទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសជំរុញឬដូសទី៣ និងដូសទី៤ ដោយឥតគិតថ្លៃ ប្រកបដោយស្មារតីទទួលខុសត្រូវ និងផ្ដល់កិច្ចសហការខ្ពស់៕ 

ដោយ ៖ សំរិត


ចែករំលែក៖