ខេត្តកំពង់ធំ ៖ គួរឲ្យសោកសង្រេងបំផុតដែលម្តាយនិងកូនបាននាំគ្នាដឹកគោទៅឲ្យទឹកស្រះរណ្តៅអាអ៊ិចមួយកន្លែងបណ្តាលអោយលង់ស្លាប់ទាំង២នាក់យ៉ាងអាណោចអធ័ម។
ហេតុការណ៍ដ៏រន្ធត់នេះបានកើតឡើងម៉ោងជាង៣រសៀលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២ នៅ ចំណុចស្រះរណ្ដៅដីអាអ៊ិចជីកមុំកន្ត្រប់ភូមិត្បូងក្រពើ ឃុំកកោះ ស្រុកសន្ទុក។
សមត្ថកិច្ចនគរបាលមូលដ្ឋានបានឱ្យដឹងថា សពឈ្មោះហែម យាទ ភេទ ស្រី អាយុ ៤១ ឆ្នាំ (ម្ដាយ) និងឈ្មោះ ផាត ស៊ីណាត ភេទស្រីអាយុ១៣ឆ្នាំត្រូវជាកូនបង្កើត។សពទាំងពីរនាក់រស់នៅភូមិជ័យជំនះ ឃុំកកោះ ស្រុកសន្ទុក។
តាមការបំភ្លឺពីឈ្មោះ ឃុំ ម៉ាលីស ភេទស្រី អាយុ២៩ឆ្នាំ ត្រូវជាញាតិជិតខាងនៅភូមិជ័យជំនះ ឃុំកកោះ បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ នៅវេលាម៉ោងប្រហែលជាង១១ថ្ងៃត្រង់ ខ្លួនទៅឃ្វាលគោនៅចំណុចមុំកន្រ្តប់ ខាងកើតភូមិត្បូងក្រពើ ឃុំកកោះ ដោយមានគ្នា ៣ នាក់ មានឈ្មោះ ហែម យាទ(សព) .ឈ្មោះផាន ស៊ីណាត (សព) នឹងខ្លួនផ្ទាល់។ លុះរហូតដល់ម៉ោងប្រហែល១រសៀល ពួកខ្ញុំបានដេញគោទៅឲ្យផឹកទឹក ស្រះ ។ ពេលនោះខ្លួនបានដេញគោឲ្យនៅម្ខាងច្រាំងស្រះមានបាំងថ្ម ហើយឈ្មោះហែម យាទ និងកូនស្រីនៅម្ខាង។ ពេលនោះគាត់មិនដឹងថាឈ្មោះហែម យាទ និងកូនស្រីគាត់លង់ទឹកទេ។
ប្រភពពីសាក្សីបានបន្ថែមថា ស្រាប់តែគោគាត់បានផ្អើលហើយខ្លួនឃើញបែបនេះក៏ដើរទៅមើលកន្លែងគោផ្អើលតែខ្លួនមើលមិនឃើញ អ្នកទាំងពីរនាក់នោះទេ។ ឃើញតែស្បែកជើងពួកគាត់២គូ,កន្ត្រក១,កាតាបស្ពាយ១ ហើយខ្លួនបានស្រែកហៅតែមិនឮឆ្លើយតបទេ។ ខ្លួនបានប្រមូលសម្ភាររបស់ឈ្មោះហែម យាទនិងកូនស្រីហើយ ដេញគោទាំងអស់ មកផ្ទះ។ ពេលមកដល់ផ្ទះបាននិយាយ ប្រាប់ម្ដាយខ្លួនថា មីងយាទ និងស៊ីណាតប្រហែលជាធ្លាក់ទឹកស្រះលង់ស្លាប់ហើយមើលទៅ នៅស្រះមុំកន្ត្រប់។
បន្ទាប់ពីទទួលបានព័ត៌មាននេះ កម្លាំងការិយាល័យនគរបាលបច្ចេកទេសសហការជាមួយជំនាញស្រុកនិងប៉ុស្តិ៍រដ្ឋបាលកកោះ គ្រូពេទ្យ មណ្ឌលសុខភាពកកោះ អាជ្ញាធរភូមិឃុំចុះពិនិត្យដល់កន្លែងកើតហេតុនិងសាកសព។
ការពិនិត្យកន្លែងកើតហេតុគឺជាស្រះមានទំហំ ៣០ ម៉ែត្រគុណនឹង ២០ ម៉ែត្រ ជម្រៅ៣ម៉ែត្រ។
សមត្ថកិច្ចបានពិនិត្យសាកសព ឈ្មោះ ហែម យាទ (ម្តាយ) មានហូរសំបោជាមួយទឹកតាមរន្ធច្រមុះនិងពិនិត្យដងខ្លួនសពមានពោះប៉ោង។ ក្រៅពីការពិនិត្យខាងលើយើងមិនបានរកឃើញស្លាកស្នាមអ្វីគួរឲ្យកត់សម្គាល់ឡើយ ។ ចំពោះសពឈ្មោះ ផាន ស៊ីណាត ភេទស្រីត្រូវជាកូនបង្កើតរបស់សពឈ្មោះហែម យាទ សព មានហៀរសំបោរនិងពពុះទឹកពណ៌សចេញតាមរន្ធច្រមុះ។ ការពិនិត្យដងខ្លួននិងអវយវៈសពមានពោះប៉ោង ក្រៅពីការពិនិត្យខាងលើយើងមិនបានពិនិត្យស្លាកស្នាមអ្វីគួរឲ្យកត់សម្គាល់ឡើយ។
សមត្ថកិច្ចជំនាញ សន្និដ្ឋានថា តាមការពិនិត្យកន្លែងកើតហេតុ និងសាកសព អាចសន្និដ្ឋានបានថា សពទាំងពីរនាក់(ម្ដាយនិងកូន) ស្លាប់ដោយសារលង់ទឹកពិត ប្រាកដ ។ ក្រោយពីពិនិត្យចប់បានធ្វើកំណត់ហេតុប្រគល់សពជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕
ដោយ៖ សូរិយា