ព័ត៌មានទាន់ហេតុការណ៍៖

ខ្សែបម្រើ Elneny ចង់បន្តស្នាក់នៅក្លិបកាំភ្លើងធំ Arsenal

ចែករំលែក៖

ខ្សែបម្រើ Mohamed Elneny របស់ក្រុមកាំភ្លើងធំ Arsenal បាននិយាយថា គាត់ចង់បន្តកុងត្រាជាមួយក្លិបនៅទីក្រុងឡុងមួយនេះ បើទោះបីជាកីឡាករអន្តរជាតិអេហ្ស៊ីបរូបនេះលេងបានតែ១២ប្រកួតក្នុងរដូវកាលនេះក៏ដោយ។

Elneny ដែលបានចាប់ផ្តើមក្នុងការប្រកួត Premier League ពីរលើកចុងក្រោយរបស់ក្រុម Arsenal ដែលជាកន្លែងដែលពួកគេបានផ្តួលក្រុមManchester United និងក្រុម Chelsea បានចូលរួមពី FC Basel ក្នុងឆ្នាំ២០១៦ ហើយនឹងផុតកំណត់កិច្ចសន្យារបស់គាត់នៅខែមិថុនាខាងមុខ។

Elneny បានប្រាប់សារព័ត៌មានអង់គ្លេសថា “ប្រសិនបើ Arsenal និយាយថាយើងចង់បានអ្នក ខ្ញុំមិនគិតពីការចាកចេញទេ។ វាជាគ្រួសាររបស់ខ្ញុំអស់រយៈពេល៦ឆ្នាំ។ ខ្ញុំស្រឡាញ់ក្លិបនេះ! ខ្ញុំតែងតែចូលចិត្តការប្រកួតប្រជែង និងផ្តល់ឱ្យ១០០ភាគរយគ្រប់ពេលវេលា។ ខ្ញុំមិនសម្រេចចិត្តថាអ្នកណាលេងទេ ប៉ុន្តែខ្ញុំបន្តហ្វឹកហាត់ដើម្បីបង្ហាញថាខ្ញុំល្អប៉ុណ្ណា និងធ្វើឱ្យគាត់ (អ្នកគ្រប់គ្រង Mikel Arteta) លេងជាមួយខ្ញុំ។ បើ​ខ្ញុំ​មិន​លេង​ទេ ខ្ញុំ​បន្ត​រហូត​ដល់​ខ្ញុំ​មាន​ឱកាស”។

ក្រុម Arsenal ឈរ​នៅ​លេខ​រៀង​ទី​៤​ក្នុង​លីគកំពូលអង់គ្លេស ខណៈ​សល់​៥​ប្រកួត​ទៀតនឹងចប់រដូវកាល​។ ក្រុមនេះនឹងត្រូវប៉ះក្រុមម្ចាស់ផ្ទះ West Ham United នៅថ្ងៃអាទិត្យ ទី១ ឧសភាខាងមុខ ដើម្បីប្រកួតក្នុងសប្តាហ៍ទី៣៤របស់ខ្លួន ៕

ដោយ៖ ភារៈ(រូបភាព ៖ Reuters/CNA)


ចែករំលែក៖