ខ្សែបម្រើ Mohamed Elneny របស់ក្រុមកាំភ្លើងធំ Arsenal បាននិយាយថា គាត់ចង់បន្តកុងត្រាជាមួយក្លិបនៅទីក្រុងឡុងមួយនេះ បើទោះបីជាកីឡាករអន្តរជាតិអេហ្ស៊ីបរូបនេះលេងបានតែ១២ប្រកួតក្នុងរដូវកាលនេះក៏ដោយ។
Elneny ដែលបានចាប់ផ្តើមក្នុងការប្រកួត Premier League ពីរលើកចុងក្រោយរបស់ក្រុម Arsenal ដែលជាកន្លែងដែលពួកគេបានផ្តួលក្រុមManchester United និងក្រុម Chelsea បានចូលរួមពី FC Basel ក្នុងឆ្នាំ២០១៦ ហើយនឹងផុតកំណត់កិច្ចសន្យារបស់គាត់នៅខែមិថុនាខាងមុខ។
Elneny បានប្រាប់សារព័ត៌មានអង់គ្លេសថា “ប្រសិនបើ Arsenal និយាយថាយើងចង់បានអ្នក ខ្ញុំមិនគិតពីការចាកចេញទេ។ វាជាគ្រួសាររបស់ខ្ញុំអស់រយៈពេល៦ឆ្នាំ។ ខ្ញុំស្រឡាញ់ក្លិបនេះ! ខ្ញុំតែងតែចូលចិត្តការប្រកួតប្រជែង និងផ្តល់ឱ្យ១០០ភាគរយគ្រប់ពេលវេលា។ ខ្ញុំមិនសម្រេចចិត្តថាអ្នកណាលេងទេ ប៉ុន្តែខ្ញុំបន្តហ្វឹកហាត់ដើម្បីបង្ហាញថាខ្ញុំល្អប៉ុណ្ណា និងធ្វើឱ្យគាត់ (អ្នកគ្រប់គ្រង Mikel Arteta) លេងជាមួយខ្ញុំ។ បើខ្ញុំមិនលេងទេ ខ្ញុំបន្តរហូតដល់ខ្ញុំមានឱកាស”។
ក្រុម Arsenal ឈរនៅលេខរៀងទី៤ក្នុងលីគកំពូលអង់គ្លេស ខណៈសល់៥ប្រកួតទៀតនឹងចប់រដូវកាល។ ក្រុមនេះនឹងត្រូវប៉ះក្រុមម្ចាស់ផ្ទះ West Ham United នៅថ្ងៃអាទិត្យ ទី១ ឧសភាខាងមុខ ដើម្បីប្រកួតក្នុងសប្តាហ៍ទី៣៤របស់ខ្លួន ៕
ដោយ៖ ភារៈ(រូបភាព ៖ Reuters/CNA)