(តពីលេខមុន)
១- អំពីដើមកំណើតរបស់មនុស្ស:
ក្នុងព្រះត្រៃបិដកភាគ ១៨ ទំព័រដដែលព្រះពុទ្ធសម្តែងថា កាលដែលលោកកំពុងតែចម្រើនឡើងសត្វទាំងឡាយច្យុតចាកអាភស្សរព្រហ្មមកកាន់ភាពជាមនុស្សនេះ សត្វទាំងឡាយនោះកើតដោយឈានចិត្តមានបីតិជាអាហារ មានពន្លឺចេញឯងទៅក្នុងអាកាស បានស្ថិតនៅក្នុងវិមានដ៏ល្អនៅអស់កាលយូរអង្វែង។ ព្រះពុទ្ធបានសម្ដែងបន្ថែមទៀតថា លុះកាលកន្លងទៅជាយូរអង្វែងម្ដងៗ ផែនដីមានរសអណ្តែតលើទឹកសម្រាប់សត្វទាំងនោះប្រាកដដូចជាទឹកដោះក្តៅរលាយអណ្តែតនៅលើទឹកដូច្នោះ ផែនដីមានរសនោះមានសម្បុរល្អ មានក្លិនក្រអូបមានរសផ្អែម មានសម្បុរសដូចទឹកដោះថ្លា ឬទឹកដោះខាប់ដែលមានរសផ្អែម ផែនដីនោះមានរសឆ្ងាញ់ពិសា…។ គ្រានោះឯងមានសត្វម្នាក់ យកចង្អុលដៃឆ្កឹះយកផែនដីមានរសមកលិឍភ្លក្សមើល រសផែនដីក៏ជ្រួតជ្រាបទៅសរសៃសម្រាប់ទទួលរស តែសេចក្តីប្រាថ្នារសក៏កើតដល់សពួកសត្វដទៃទៀត កាលយកតម្រាប់តាមសត្វនោះ សេចក្តីប្រាថ្នាក្នុងរសក៏កើតឡើងដល់សត្វទាំងនោះ។ ការសត្វទាំងនោះនាំគ្នាយកដៃកកាយផែនដីដែលមានរសមកធ្វើជាពំនូត ហើយបរិភោគ ពន្លឺដែលភ្លឺចេញឯងអំពីកាយរបស់សត្វទាំងឡាយនោះ ក៏សាបសូន្យទៅ។ លុះពន្លឺដែលភ្លឺចេញឯងសាបសូន្យទៅ ព្រះចន្ទ និងព្រះអាទិត្យ ក៏កើតប្រាកដឡើង នក្ខត្តឫក្ស ដែលមានរូបភាពផ្កាយទាំងឡាយក៏កើតប្រាកដឡើង យប់ និងថ្ងៃខែប្រាកដឡើង ខែមួយ និងកន្លះខែ រដូវនិងឆ្នាំ ក៏កើតប្រាកដឡើង។ ទ្រង់ត្រាស់បញ្ជាក់ថាលោកនេះចម្រើនឡើងវិញដោយហេតុប៉ុណ្ណោះឯង។
(នៅមានត)
ពិនិត្យនិងស្រាវជ្រាវដោយ÷ ចៅតាជេត