ភ្នំពេញ៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានឱ្យដឹងថា នាចុងសប្តាហ៍ ថ្ងៃទី៣០ ខែមេសា ដល់ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២២ នៅទូទាំងប្រទេសទទួលបានភ្ញៀវទេសចរសរុបមានចំនួន៣១៤,០៨១នាក់ ក្នុងនោះមានភ្ញៀវជាតិចំនួន២៩៦,០៤២នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង១៨,០៣៩នាក់។ នេះបើយោងតាមប្រភពព័ត៌មានពីក្រសួងទេសចរណ៍ បានឱ្យដឹងនៅរសៀលថ្ងៃចន្ទទី០២ ខែឧសភា ឆ្នាំ២០២២។
ក្រសួងទេសចរណ៍ បានបន្ថែមថា គោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖
* ខេត្តព្រះសីហនុ ៦០,៧៤១នាក់
* ខេត្តកំពត ៤១,៣៦៤នាក់
* ខេត្តបាត់ដំបង ៣៨,១១២នាក់
* រាជធានីភ្នំពេញ ៣៥,០៦៤នាក់
* ខេត្តកែប ២៦,៩២៦នាក់
* ខេត្តសៀមរាប ២៥,៤១៣នាក់
* ខេត្តពោធិ៍សាត់ ១៧,០៤៤នាក់។
ចរន្តភ្ញៀវនាចុងសប្តាហ៍កន្លងមក នៅតែមានចំនួនច្រើនធៀបនឹងចុងសប្តាហ៍ធម្មតាដែលពុំមានពិធីបុណ្យជាតិ ដែលមានចំនួនជាមធ្យមក្នុងចន្លោះ ២០-២៥ម៉ឺននាក់ ខណៈដែលចុងសប្តាហ៍កន្លងមក ភ្ញៀវសរុបមានប្រមាណ៣២ម៉ឺននាក់។
សរុបរយៈពេល២សប្តាហ៍ក្រោយពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ ភ្ញៀសរុបមានចំនួនប្រមាណ៦៤ម៉ឺននាក់ ខណៈដែលអំឡុងពេល៣ថ្ងៃចូលឆ្នាំនិង ថ្ងៃអាទិត្យ ភ្ញៀវសរុបមានចំនួនប្រមាណ៥.១៧លាននាក់ទូទាំងប្រទេស។
ខេត្តតំបន់ឆ្នេរនៃខេត្តព្រះសីហនុ កែប និងកំពត រួមជាមួយគោលដៅទេសចរណ៍នៅភាគពាយព្យនៃខេត្តសៀមរាប បាត់ដំបង និងពោធិ៍សាត់ គឺជាគោលដៅពេញនិយមសម្រាប់ភ្ញៀវទេសចរនាចុងសប្តាហ៍កន្លងមក៕
ដោយ៖សហការី