ព័ត៌មានទាន់ហេតុការណ៍៖

អបអរសាទរ​វិទ្យាល័យស្វាយរៀងទទួលបានជ័យលាភីលេខ១ ពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន សាលាស្អាតក្នុងក្របខ័ណ្ឌទូទាំងប្រទេសក្នុងឆ្នាំសិក្សា២០២០-២០២១

ចែករំលែក៖

ខេត្តស្វាយរៀង ៖ នៅព្រឹកថ្ងៃទី០២​ ខែឧសភា​ ឆ្នាំ២០២២នេះ លោក ម៉ែន​ វិបុល​ អភិបាលខេត្តស្វាយរៀង​ បានអញ្ជេីញចូលរួមអបអរសាទរការដង្ហែក្បួនពានរង្វាន់ជ័យលាភីលេខ១របស់សម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​ នៃព្រះរាជាណាចក្រកម្ពុជាសម្រាប់សាលាស្អាតក្នុងក្របខ័ណ្ឌទូទាំងប្រទេសក្នុងឆ្នាំសិក្សា២០២០-២០២១​ ដែលបានទៅលេីវិទ្យាល័យស្វាយរៀង​ ក្រុងស្វាយរៀង​។ 

     មានប្រសាសន៍នៅក្នុងឱកាសនោះលោកម៉ែន វិបុល អភិបាលខេត្តបានសម្តែងនូវការអបអរសាទរ​ចំពោះការខិតខំប្រឹងប្រែងរបស់លោកយស់ ពៅ នាយក​វិទ្យាល័យស្វាយរៀង និងគណៈគ្រប់គ្រងសាលា​ ព្រមទាំងសប្បុរសជននានាដែលជាអតីតសិស្សបានជួយឧបត្ថម្ភគាំទ្រលេីការកែលម្អទីធ្លាសាលាឱ្យមានសោភណភាពរហូតដល់ទទួលបានពានរង្វាន់លេខ១សម្រាប់សាលាស្អាតទូទាំងប្រទេ​ស​ដែលយេីងបានឃេីញនៅថ្ងៃនេះ។ 

    លោក យស់ ពៅ នាយកវិទ្យាល័យស្វាយរៀងបានឱ្យដឹងថា លទ្ធផលដែលវិទ្យាល័យទទួលបានពានរង្វាន់ជ័យលាភីលេខ១ «សាលាស្អាតក្នុងក្របខ័ណ្ឌទូទាំងប្រទេសក្នុងឆ្នាំសិក្សា២០២០-២០២១» គឺកើតមានឡើងដោយមានការខិតខំប្រឹងប្រែង ពីលោកគ្រូអ្នកគ្រូ សិស្សានុសិស្សនិងគ្រប់ដៃគូសហការទាំងចំណេះដឹង ការសេពគប់ ចរិត ការលះបង់ ភាពស្មោះត្រង់ ការកសាងទំនុកចិត្តមានតម្លៃ និងសំខាន់ខ្លាំងណាស់ ពិសេសក្រោមការដឹកនាំរបស់លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង ធ្វើឱ្យមានការរីកចម្រើនជាបន្តបន្ទាប់ ជាពិសេសវិទ្យាល័យស្វាយរៀងទទួលបានការឧបត្ថម្ភគាំទ្រពីគ្រប់មជ្ឈដ្ឋានទូទៅដើម្បីកែលម្អឲ្យមានសោភណភាពល្អផងដែរ។

    លោកនាយកវិទ្យាល័យ បានថ្លែងអំណរគុណចំពោះលោក លោកស្រី គណៈកម្មការគ្រប់គ្រងសាលារៀន លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សទាំងអស់ មាតាបិតាអាណាព្យាបាល សប្បុរសជន ដែលបានជួយគាំទ្រទាំងសម្ភារ ថវិកា ស្មារតី ចូលរួមចំណែកអភិវឌ្ឃន៍បរិស្ថានវិទ្យាល័យស្វាយរៀងឱ្យមានសម្រស់ស្រស់ស្អាតរហូតដល់ទទួលបានជោគជ័យដ៏ត្រចះត្រចង់គឺពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន សម្រាប់ជ័យលាភីលេខ១ សាលាស្អាតក្នុងក្របខ័ណ្ឌទូទាំងប្រទេសក្នុងឆ្នាំសិក្សា២០២០-២០២១។

    សូមបញ្ជាក់ថា វិទ្យាល័យស្វាយរៀង ដែលមានទីតាំងស្ថិតនៅក្រុងស្វាយរៀង ខេត្តស្វាយរៀង ទទួលបានពានរង្វាន់ ជ័យលាភីលេខ១ និងថវិកាអមពានរង្វាន់ចំនួន៥.០០០.០០០រៀលផងដែរ៕

ដោយ៖យឹម សុថាន


ចែករំលែក៖