ខេត្តសៀមរាប ៖ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប កាលពីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២២ បានបញ្ជូនជនសង្ស័យម្នាក់ទៅតុលាការពាក់ព័ន្ធករណីរក្សាទុក ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។ នេះបេីយោងតាមប្រភពព័ត៌មានពីអគ្គស្នងការនគរបាលជាតិ នៅព្រឹកថ្ងៃចន្ទទី០៩ ខែឧសភា ឆ្នាំ២០២២។
ជនសង្ស័យឈ្មោះ ម៉ៃ រ៉ាឆេន ភេទប្រុស ឆ្នាំកំណើត១៩៩៩ ជនជាតិខ្មែរ មុខរបរគ្មាន មានទីលំនៅភូមិប្រយុទ្ធ ឃុំពួក ស្រុកពួក ខេត្តសៀមរាប (ពីបទរក្សាទុក និងប្រើប្រាស់) (មានសារធាតុញៀននៅក្នុងខ្លួន)។
ប្រភពដដែលបន្តថា កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកពួក បានចុះបង្ក្រាបបទ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចរោងទុកចោល ស្ថិតនៅភូមិ ប្រយុទ្ធ ឃុំពួក ស្រុកពួក ខេត្តសៀមរាប បានឃាត់ខ្លួនជនសង្ស័យម្នាក់ កាលពីវេលាម៉ោង៤និង៤០នាទីរសៀលថ្ងៃសៅរ៍ទី៧ ខែឧសភា ឆ្នាំ២០២២។
ក្នុងប្រតិបត្តិការខាងលើនេះ សមត្ថកិច្ចដកហូតវត្ថុតាងបានរួមមាន៖ម្សៅមេតំហ្វេតាមីនចំនួន០៣កញ្ចប់ ស្មើនឹងទម្ងន់៦.៣៣ក្រាម(ទម្ងន់សុទ្ធ), ទូរស័ព្ទដៃចំនួន០១គ្រឿង។
បច្ចុប្បន្នជនសង្ស័យ រួមនឹងវត្ថុតាងត្រូវបានបញ្ជូនទៅទៅអយ្យការអមសាលាដំបូងខេត្ត ដេីម្បីចាត់ការតាមច្បាប់៕
ដោយ៖សហការី