ខេត្តកណ្ដាល ៖ កូនតិរច្ឆានពេលផឹកស្រាស្រវឹងឈ្លោះជាមួយបងថ្លៃយកដាវបម្រុងកាប់ ខណៈនោះឪពុកចូលទៅឃាត់ចាប់យកដាវបាន ស្រាប់តែកូនអកតញ្ញូស្ទុះទៅយកកូនកាំបិតមកចាក់ឪពុកត្រូវចំដៃ បណ្ដាលឱ្យរងរបួសយ៉ាងដំណំ។ ករណីនេះបានកើតឡើងនៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង១៥និង៣០នាទី នៅចំណុចភូមិព្រែកស្នង ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល។
មន្ត្រីនគរបាលស្រុកស្អាងបានឱ្យដឹងថា ជនរងគ្រោះឈ្មោះ ជា យឿន ភេទប្រុស អាយុ៦០ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងកាត់សក់ មានទីលំនៅភូមិព្រែកស្នង ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល។ចំណែកជនសង្ស័យឈ្មោះយឿន បារាំង ហៅប្រុស ភេទប្រុសអាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិព្រែកស្នង ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល ។
ប្រភពដដែលបន្តថា កាលពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង២៣និង៣០នាទីឈ្មោះបារាំង បានផឹកស្រាបៀរជាមួយឈ្មោះស្វិត សាវ៉េត ត្រូវជាបងថ្លៃ រួចក៏បានឈ្លោះប្រកែកគ្នា ខណៈនោះឈ្មោះយឿន បារាំង ក៏បានស្ទុះចូលទៅក្នុងផ្ទះយកដាវមករកកាប់ឈ្មោះស្វិត សាវ៉េតត្រូវជាបងថ្លៃ។ ពេលឃើញដូច្នេះឈ្មោះជា យឿន ជាឪពុកបានចូលទៅឃាត់និងបានយកដាវពីឈ្មោះយឿន បារាំង យកទៅទុក រួចហើយឈ្មោះយឿន បារាំង បានចូលទៅក្នុងផ្ទះម្ដងទៀតបានយកកូនកាំបិតមករកចាក់ឈ្មោះស្វិត សាវ៉េត តែត្រូវឈ្មោះជា យឿនចូលទៅឃាត់ហើយត្រូវបានឈ្មោះយឿន បារាំងបានកូនកាំបិតចាក់ទៅលើឈ្មោះជា យឿនត្រូវចំកំភួនដៃខាងឆ្វេង បណ្ដាលឱ្យរងរបួសចេញឈាមត្រូវបានក្រុមគ្រួសារដឹកយកទៅព្យាបាលរបួសនៅឯមន្ទីរពេទ្យបាតលទៅ។ លុះនៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង១៥និង៣០នាទី ឈ្មោះជា យឿន បានត្រឡប់ចេញពីមន្ទីរពេទ្យវិញមកដល់ផ្ទះស្រាប់តែឈ្មោះយឿន បារាំងបានយកដាវមកគំរាមកំហែងរកកាប់ឈ្មោះជា យឿនថែមទៀតដោយទ្រាំនឹងទង្វើរបស់ឈ្មោះយឿន បារាំងមិនបានឈ្មោះជា យឿនក៏បានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកគយឱ្យជួយធ្វើអន្តរាគមន៍ឃាត់ខ្លួនឈ្មោះយឿន បារាំងមកប៉ុស្តិ៍ដើម្បីធ្វើការសាកសួរ។
ជនសង្ស័យត្រូវបានឃាត់ខ្លួនបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកស្អាងដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕
ដោយ៖ស្អាងជ័យ