ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនបុរសអ្នកលក់គុយទាវម្នាក់ដល់ក្រុងព្រះសីហនុពាក់ព័ន្ធបទរំលោភលើទំនុកចិត្តក្នុងទឹកប្រាក់ជិត១០ម៉ឺនដុល្លារអាមេរិក

ចែករំលែក៖

ភ្នំពេញ ៖ កម្លាំងសមត្តកិច្ចនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់រាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២ បានចាប់បញ្ជូនអ្នកលក់គុយទាវម្នាក់ទៅតុលាការ ខណៈដែលបុរសជាអ្នកលក់គុយទាវរូបនោះបានជាប់ពាក់ពន្ធពីបទរំលោភលើទំនុកចិត្តក្នុងទឹកប្រាក់ប្រមាណជិត១០ម៉ឺនដុល្លារអាមេរិក ។ ជនសង្ស័យឈ្មោះ សួ ឈុនឡេង ភេទប្រុស អាយុ៣១ឆ្នាំ មានមុខរបរលក់គុយទាវ និងមានទីលំនៅផ្ទះលេខ៣៣៧ ផ្លូវលំ ភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ សមត្ថកិច្ចឱ្យដឹងថា ការចាប់បញ្ជូនខ្លួនជនសង្ស័យខាងលើនេះ គឺជាការអនុវត្តតាមដីកាបង្គាប់ឱ្យចាប់ខ្លួនរបស់លោកសឿង ចរិយា ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ។ 

    តាមដីកាបង្គាប់ឱ្យចាប់ខ្លួនឈ្មោះ សួ ឈុនឡេង បានដាក់ឱ្យជនត្រូវចោទស្ថិតក្រោមការពិនិត្យពីបទរំលោភលើទំនុកចិត្ត.ដែលជននេះប្រព្រឹត្តនៅចំណុចរាជធានីភ្នំពេញ ក្នុងអំឡុងឆ្នាំ២០១៩ តាមបញ្ញត្តិមាត្រា៣៩១ និងមាត្រា៣៩២ នៃក្រមព្រហ្មទណ្ឌ ។ បើតាមអង្គហេតុនៃការចាប់ខ្លួនជនសង្ស័យ ត្រូវបានប្រភពព័ត៌មានបង្ហើបឱ្យដឹងថា ក្នុងអំឡុងឆ្នាំ២០១៩ ឈ្មោះ សួ ឈុនឡេង បានខ្ចីប្រាក់ពីអ្នកដទៃជាបន្តបន្ទាប់ប្រមាណជាង៩ម៉ឺនដុល្លារអាមេរិកដើម្បីយកទៅពង្រីកមុខរបររកស៊ី ។ 

បន្ទាប់មកមុខរបរទាំងឡាយនោះមិនសមប្រកប ក៏បានផ្លាស់ប្តូរមកបើកហាងលក់គុយទាវវិញ ប៉ុន្តែមួយរយៈចុងក្រោយនេះ ប្រទេសកម្ពុជាក៏ដូចជាពិភពលោកបានជួបនូវវិបត្តិជំងឺរាតត្បាតកូវីដ.១៩ ធ្វើឱ្យសេដ្ឋកិច្ចធ្លាក់ដុនដាបរកចំណូលមិនបានសងទៅម្ចាស់ប្រាក់ ទើបបង្ខំចិត្តគេចខ្លួនទៅក្រុងព្រះសីហនុ រហូតមានដីកាតាមចាប់ខ្លួនយ៉ាងដូច្នេះ ៕

ដោយ ៖ រ៉ារ៉ា


ចែករំលែក៖