ភ្នំពេញ៖ បើតាមឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បានថ្លែងឱ្យដឹងនៅព្រឹកថ្ងៃចន្ទទី១៦ ឆ្នាំ២០២២នេះថា៖ កម្លាំងនគរបាលទូទាំងប្រទេស នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២ បានត្រួតពិនិត្យ និងផាកពិន័យយានយន្តសរុបចំនួន ២២៥គ្រឿងទៀត ក្នុងនោះមានម៉ូតូ ១៩១គ្រឿង និងរថយន្ត ៣៤គ្រឿង។
លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានថ្លែងគូសបញ្ជាក់ថា៖ គិតថ្ងៃទី១៦ ខែឧសភា ក្នុងឆ្នាំ២០២២នេះ នគរបាលចរាចរណ៍ទូទាំងប្រទេសបានត្រួតពិនិត្យ និងផាកពិន័យយានយន្តសរុបចំនួន ៧៩,៧៨៤គ្រឿង ក្នុងនោះមានម៉ូតូ ៦២,៣៩៦គ្រឿង និងរថយន្តគ្រប់ប្រភេទ ១៧,៣៨៨គ្រឿង។
លោកអ្នកនាំពាក្យ បានថ្លែងបន្តថា បទល្មើសដែលត្រូវបានកត់សម្គាល់សម្រាប់ម៉ូតូ គឺភាគច្រើនអត់មួក អត់ស្លាកលេខ ល្មើសសញ្ញា និងទូរស័ព្ទដៃជាដើម។ ដោយឡែករថយន្តល្បឿន ល្មើសសញ្ញា ខ្សែក្រវ៉ាត់ លើសចំណុះ អត់ស្លាកលេខ និងទូរស័ព្ទជាដើម។
សូមជម្រាបថា ការអនុវត្តតាមអនុក្រឹត្យលេខ៣៩ ក្នុងការផាកពិន័យយានយន្តល្មើសបានដំណើរការទៅយ៉ាងល្អប្រសើរ។ លោកបានថ្លែងអំណរគុណ និងកោតសរសើរដល់ជនរួមជាតិជាអ្នកប្រើប្រាស់ផ្លូវទាំងអស់ ដែលបានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើររយៈពេលកន្លងមកនេះ ជាពិសេសកោតសរសើរ និងអរគុណដល់នគរបាលចរាចរណ៍ដែលបានលះបង់ និងខិតខំប្រឹងប្រែងជំរុញការរឹតបន្តឹងចរាចរណ៍ប្រកបដោយស្មារតី ទទួលខុសត្រូវខ្ពស់បំផុត។
សូមបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកម្ពុជា សម្រាប់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២នេះ ក៏បានកើតឡើងចំនួន ០៥លើក ក្នុងនោះស្លាប់ចំនួន ០៥នាក់ របួស ០២នាក់ (របួសធ្ងន់ ០១នាក់)។ រយៈពេល១៣៦ថ្ងៃនេះ មានករណីគ្រោះថ្នាក់ចរាចរណ៍ចំនួន ១,២៦៩លើក បណ្ដាលឱ្យមនុស្សស្លាប់ ៧៣៨នាក់ របួស ១,៧៨០នាក់ (របួសធ្ងន់ ១,១២៩នាក់)៕
ដោយ៖សហការី