រដ្ឋាភិបាលស្រីលង្កាបានឡើងគម្រោងលក់ក្រុមហ៊ុនអាកាសចរណ៍ ជាតិដើម្បីបំពេញការខ្វះខាតនៅក្នុងប្រទេស ខណៈដែលពលរដ្ឋបង្ហាញការខឹងសម្បាយ៉ាងខ្លាំងចំពោះវិបត្តិសេដ្ឋកិច្ចនៅក្នុងប្រទេស។
សារព័ត៌មាន Bloomberg បានផ្សាយថា នៅក្នុងសុន្ទរកថាតាមកញ្ចក់ទូរទស្សន៍ នាយករដ្ឋមន្ត្រី Ranil Wickremesinghe បានប្រកាសថា រដ្ឋាភិបាលបានសម្រេចលក់ក្រុមហ៊ុនអាកាសចរណ៍ Sri Lankan Airlines។ នៅក្នុងឆ្នាំ២០២១ ក្រុមហ៊ុនអាកាសចរណ៍ នេះបានខាតបង់ប្រាក់ជាង ១២៤លានដុល្លារ ។
ប្រទេសតំបន់អាស៊ានដែលមានពលរដ្ឋសរុបជាង២២លាននាក់នេះ ត្រូវប្រឈមនឹងវិបត្តិសេដ្ឋកិច្ចទ្រង់ទ្រាយធំបំផុតមិនធ្លាប់មានចាប់តាំងពីឆ្នាំ១៩៤៨មក ដោយសារតែខ្វះរូបិយវត្ថុអន្តរជាតិដើម្បីទិញទំនិញពីក្រៅប្រទេស។
នាយករដ្ឋមន្ត្រីស្រីលង្កាបានបញ្ជាក់ទៀតថា «ក្នុងពេលប៉ុន្មានខែខាងមុខ គឺជាពេលវេលាដ៏លំបាកបំផុត។ យើងចាំបាច់ត្រូវតែបង្កើតរដ្ឋសភា ឬស្ថាប័នរដ្ឋជាបន្ទាន់ដើម្បីស្វែងរកដំណោះស្រាយសម្រាប់វិបត្តិនាពេលបច្ចុប្បន្ន៕ ដោយ៖ ធីរីណា
រូបថត ៖ AFP/Getty Images