ភ្នំពេញ៖ ជនសង្ស័យជាមុខសញ្ញាប្លន់សកម្មក្នុងរាជធានីភ្នំពេញ ដែលកម្លាំងជំនាញបានឃាត់ខ្លួន ត្រូវបានបញ្ជូនខ្លួនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២នេះ ដើម្បីប្រគល់ជូនតំណាងអយ្យការបន្តនីតិវិធី។
ជនសង្ស័យមានឈ្មោះ លី បូរិទ្ធ ភេទប្រុស មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះជួលគ្មានលេខ ផ្លូវ៣៧MC ក្រុមទី៤ ភូមិត្នោតជ្រុំ៤ សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
គួរំលឹកផងដែរ កាលពីវេលាម៉ោង១៩:៣០នាទី នាថ្ងៃទី ខែ១៦ ខែឧសភា ឆ្នាំ២០២២ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង សហការជាមួយនគរបាលជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញធ្វើការស្រាវជ្រាវឃាត់ខ្លួនម្នាក់ជាមុខសញ្ញាប្លន់យ៉ាងសកម្ម និងដកហូតបានកាំភ្លើងខ្លី ចំនួន០២ដើម នៅចំណុចផ្ទះបិទស្កុតម៉ូតូ ផ្លូវ៣០ម៉ែត្រ ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ក្នុងរង្វង់ប្រតិបត្តិការនេះកម្លាំងនគរបាលបានដកហូតវត្ថុតាង រួមមានកាំភ្លើងខ្លី ចំនួន០២ដើម ម៉ាក់ k៥៤ មានគ្រាប់ចំនួន១៤គ្រាប់, អាយកូម ចំនួន ២, ម៉ូតូ ចំនួន២គ្រឿង ម៉ាកអាយខុន ពណ៌សត្រួយចេក ពាក់ផ្លាកលេខ ភ្នំពេញ1AR -៩៥៨៩ នឹង អិចស៊ិចទ័រ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ1AV-៨៨៨៨។
យោងតាមរបាយការណ៍បានឲ្យដឹងថាជនសង្ស័យបានធ្វើសកម្មភាព លើកទី១៖ នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង០០:៤៥នាទី នៅចំណុចមុខផ្ទះលេខ៣៥B ផ្លូវ៤១៨ ភូមិ៤ សង្កាត់ទួលទំពូង២ ខណ្ឌចំការមន ប្លន់ម៉ូតូម៉ាកស្កូបពី ពណ៌ស ស៊េរី២០២២ មិនបានសម្រេច ដោយបាញ់ជនរងគ្រោះចំនួនពីរគ្រាប់ តែមិនត្រូវ ។ លើកទី២៖ នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង២២:១០នាទី នៅចំណុចមុខផ្ទះលេខ២០B ផ្លូវ២៨៨ ក្រុម៤២ ភូមិ៥ សង្កាត់បឹងកេងកង២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ភ្ជង់យកម៉ូតូម៉ាក សេ១២៥ ពណ៌ខ្មៅ ស៊េរី២០១៦ ផ្លាកលេខ១DH៤៥០២ នឹងធុងដឹកជញ្ជូនម៉ាក EGETS ពណ៌ទឹកក្រូច ។ និង លើកទី៣៖ នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង០៥:៤៥នាទី នៅចំណុចភូមិដំណាក់ធំ សង្កាត់ស្ទឺងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ប្លន់យកម៉ូតូម៉ាកប៊ីត ពណ៌ក្រហម ផ្លាកលេខHZ០៥៣៣ ភ្ជង់ប្លន់។
បច្ចុប្បន្នជនសង្ស័យ កំពុងស្ថិតក្នុងតំណាក់កាលតំណាងអយ្យការបើកការស៊ើបសួរនៅឡើយ៕
ដោយ ៖ រ៉ារ៉ា