ព័ត៌មានទាន់ហេតុការណ៍៖

បុរសជាមេការសំណង់​ម្នាក់​ត្រូវបានឃាត់ខ្លួនបញ្ជូនទៅកាន់តុលាការពាក់ព័ន្ធ ពី​បទ​«​មិន​បំពេញ​កាតព្វកិច្ចចំពោះ​ឧបករណ៍​ដែល​អាច​ជួញដូរ​បាន​»

ចែករំលែក៖

ភ្នំពេញ ៖ មេការ​សំណង់​ម្នាក់​នៅរសៀល​ថ្ងៃ​ទី​១៨ ខែឧសភា ឆ្នាំ​២០២២ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញចាប់​បញ្ជូន​ទៅ​តុលាការ​ពាក់​ពន្ធ​ពី​បទ​«​មិន​បំពេញ​កាតព្វកិច្ច ចំពោះ​ឧបករណ៍​ដែល​អាច​ជួញដូរ​បាន​» ពោល​គឺ​ទិញ​សម្ភារគ្រឿងសំណង់​ហើយ​មិន​សង​លុយ​គេ ។

    ជនសង្ស័យ​រូប​នេះ​មានឈ្មោះ ម៉​ង់ សា​ម៉​ន ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ មុខរបរ​អ្នកម៉ៅការ​សំណង់ មាន​ទីលំនៅ​ផ្ទះ​លេខ​១២០ ផ្លូវ​លេខ២៨ ស្ថិត​ក្នុង​សង្កាត់​សំរោង​ក្រោម ខណ្ឌ​ពោធិ៍សែន​ជ័យ រាជធានី​ភ្នំពេញ ។

    អង្គហេតុ​នៃ​ការ​ចាប់​បញ្ជូន​ខ្លួន​មេការ​សំណង់​ម្នាក់​នេះបញ្ជូន​ទៅ​តុលាការ សំណុំរឿង​នេះ​ត្រូវ​ដើម​បណ្តឹងគេ​ប្តឹង​ថា កាលពី​អំឡុង​ឆ្នាំ​២០១៨ ឈ្មោះ ម៉​ង់ សា​ម៉​ន ជា​អ្នកម៉ៅការ​សំណង់បាន​ទៅ​ទាក់ទង​ទិញ​គ្រឿងសំណង់​របស់​ដើមបណ្តឹង​ជា​បន្តបន្ទាប់ សរុប​ទឹកប្រាក់​ចំនួន ៦ ៧០០ដុល្លារ​អា​មេ​រិ​ក ដែល​ការ​ទិញ​គ្រឿងសំណង់​នោះមេការ​មិន​ទាន់​បាន​ទូទាត់​ប្រាក់​ឲ្យ​ម្ចាស់បំណុល​ភ្លាម​ៗ​ទេ ចេះ​តែ​សុំ​ពន្យា​រពេល​ម្តង​ហើយ​ម្តងទៀត ។

រហូត​មកដល់​អំឡុង​ខែកញ្ញា ឆ្នាំ​២០២១ ដើមបណ្តឹង​បាន​ណាត់ជួប​មេការ (​ម៉​ង់ សា​ម៉​ន​) ដើម្បី​សួរនាំ​លុយ​ជំពាក់​ថ្លៃ​គ្រឿងសំណង់​នោះ។ ពេល​ជួប​គ្នា​មេការ​សំណង់​បាន​ចេញ​មូល​ប្ប​ទា​នប​ត្រ​(​សែក​) មួយ​សន្លឹកដែល​មាន​ទឹកប្រាក់៧ ៦០០ ដុល្លារ​អា​មេ​រិ​កឱ្យទៅ​ដើមបណ្តឹងសម្រាប់​យក​ទៅ​បើក​នៅ​ធនាគារ ABA ថ្ងៃ​ទី​២៥ ខែកញ្ញា ឆ្នាំ​២០២១ ។

    លុះដល់​ថ្ងៃ​កំណត់ ដើមបណ្តឹង​បាន​យក​មូល​ប្ប​ទា​នប​ត្រ​នោះទៅ​បើកប្រាក់​ពី​ធនាគារ ស្រាប់តែ​ខាង​ធនាគារ​បញ្ជាក់​មក​វិញ​ថា សែក​នេះ​គ្មាន​សាច់ប្រាក់​ទេ គឺជា​សែក​ស្អុយ ហើយ​ចាប់ពី​ពេល​នោះ​មក មេការ​សំណង់​ឈ្មោះ ម៉​ង់ សា​ម៉​ន ក៏​បាន​គេចវេះពី​ម្ចាស់បំណុល​មិន​ព្រម​រក​ការ​ដោះស្រាយនោះទេ ទើបបាន​ដើមបណ្តឹង​ប្តឹង​សមត្ថកិច្ច​ឱ្យជួយ​ចាត់ការ​តាម​ផ្លូវច្បាប់​តែ​ម្តង ៕

ដោយ ៖ រ៉ារ៉ា


ចែករំលែក៖