ព័ត៌មានទាន់ហេតុការណ៍៖

ក្រោយមួយសប្តាហ៍ប្រកាសពីការឆ្លងកូវីដ-១៩ កូរ៉េខាងជើងមានករណីគ្រុនក្តៅជិត២លាននាក់

ចែករំលែក៖

សារព័ត៌មានជាតិកូរ៉េខាងជើង KCNA នៅថ្ងៃទី១៩ខែឧសភា បានផ្សាយថា កូរ៉េខាងជើងបានបង្កើនការផលិតថ្នាំព្យាបាល និងបរិក្ខារពេទ្យដើម្បីទប់ទល់ការឆ្លងរាលដាលកូវីដ-១៩ទ្រង់ទ្រាយធំមិនធ្លាប់មាននៅក្នុងប្រទេសនេះ ។
កូរ៉េខាងជើងបានប្រកាសអាសន្នហើយបិទប្រទេសទាំងមូល និងបង្កើនការផលិតថ្នាំព្យាបាលជំងឺគ្រុនផ្តាសាយ និងបន្ថយការឈឺចាប់។ ទាំងនោះជាឧបករណ៍ដើម្បីទប់ស្កាត់ការឆ្លងកូវីដ-១៩ យ៉ាងមានប្រសិទ្ធភាព ។
ចាប់តាំងពីកូរ៉េខាងជើងប្រកាសពីករណីឆ្លងកូវីដ-១៩ជាលើកដំបូង កាលពីសប្តាហ៍កន្លងមក មកទល់ពេលនេះមានករណីគ្រុនក្តៅសរុបជិត២លាននាក់ហើយ។ ប្រទេសកូរ៉េខាងជើងមិនបានប្រកាស់ពីករណីឆ្លងកូវីដ-១៩ នោះឡើយ ប៉ុន្តែបានប្រកាសពីករណីគ្រុនក្តៅវិញ។
សារព័ត៌មានជាតិកូរ៉េខាងជើង បានផ្សាយថា បណ្តារោងចក្រឱសថនៅក្នុងប្រទេសនេះ បានបង្កើនការផលិតថ្នាំចាក់ ថ្នាំផឹក ក៏ដូចជា បរិក្ខារពេទ្យសម្រាប់ទប់ស្កាត់ការឆ្លងកូវីដ-១៩។ រដ្ឋមន្ត្រីក្រសួងសុខាភីបាលកូរ៉េខាងជើង Kim Hyong-hun បានបញ្ជាក់ថា ប្រទេសនេះបានផ្លាស់ប្តូរពីការធ្វើចត្តាឡីស័ក មកព្យាបាលទៅលើបុគ្គលដែលសង្ស័យឆ្លងកូវីដ-១៩ ដែលមានគ្រុនក្តៅជាដើម៕ ដោយ៖ ធីរីណា

រូប​ថត​ ៖ Reuters

រូប​ថត​ ៖ Yonhap


ចែករំលែក៖