ភ្នំពេញ៖ កម្ពុជា បន្តដណ្តើមបានមេដាយមាសទី៥ ធ្វើបានដោយកីឡាករចំបាប់ ស៊ូ បាលី ឈ្នះមេដាយមាស ក្នុងទម្ងន់ ១២៥ គីឡូក្រាម ក្រោយឈ្នះកីឡាករឡាវ ១០-០។ មុនឡើងដល់វគ្គនេះបាលីឈ្នះកីឡាករម្ចាស់ផ្ទះវៀតណាម។
ដូច្នេះអត្តពលិកកម្ពុជា ដណ្ដើមបានមេដាយមាសបាន ៥គ្រឿងហើយ សរុបរកបានមេដាយ ២៥គ្រឿង រួមមានមេដាយប្រាក់ ៦ និងសំរឹទ្ធ ១៤គ្រឿងជាបណ្ដោះអាសន្ន ក្នុងតារាងមេដាយស៊ីហ្គេម ដោយឈរលើប្រ៊ុយណេ ឡាវ និងទីម័រខាងកើតដដែល។
ខាងក្រោមនេះជាលិទ្ធផលក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣១ នៅទីក្រុងហាណូយ ប្រទេសវៀតណាម៖
-វៀតណាម ដែលឈរចំណាត់ថ្នាក់លេខ១ នោះ មានមេដាយសរុបចំនួន ២៧៦ គ្រឿង ក្នុងនោះ មាស ១២៦ គ្រឿង ប្រាក់ ៧៦ គ្រឿង និងសំរិទ្ធ ៤ គ្រឿង។
-ថៃ រក្សាចំណាត់ថ្នាក់ លេខ២ ដោយបានមេដាយសរុប ១៩១ គ្រឿង ក្នុងនោះ មេដាយមាស ៥៩ គ្រឿង ប្រាក់ ៣៨ គ្រឿង និងសំរិទ្ធ ៨០ គ្រឿង ។
-ហ្វីលីពីន ឈរនៅចំណាត់ថ្នាក់ទី៣ ដដែល មានមេដាយសរុប ចំនួន ១៥១ គ្រឿង គឺមាស ៣៧ គ្រឿង ប្រាក់ ៤៩ គ្រឿង សំរិទ្ធ ៦៥ គ្រឿង។
-សឹង្ហបូរី ឡើងមកចំណាត់ថ្នាក់លេខ៤ ដែលមានមេដាយសរុប ១២៥ គ្រឿង គឺមាស ៣៧ គ្រឿង ប្រាក់ ៣៩ គ្រឿង និងសំរិទ្ធ ៤៩ គ្រឿង។
-ឥណ្ឌូនេស៊ី ឈរនៅចំណាត់ថ្នាក់ទី៥ ដែលមានមេដាយសរុប ចំនួន ១៣៤ គ្រឿង គឺមាស ៣៧ គ្រឿង ប្រាក់ ៣៩ គ្រឿងសំរិទ្ធ ៦៥ គ្រឿង។
-ម៉ាឡេស៊ី ស្ថិតនៅចំណាត់ថ្នាក់ទី៦ ដែលមានមេដាយសរុប ចំនួន ១២១ គ្រឿង គឺមាស ២៧ គ្រឿង ប្រាក់៣១គ្រឿង និង សំរិទ្ធ ៦៣ គ្រឿង ។
-មីយ៉ាន់ម៉ា ឈរនៅចំណាត់ថ្នាក់ទី៧ ដែលមានមេដាយសរុប ចំនួន ២៩ គ្រឿង គឺមាស ៦ គ្រឿង ប្រាក់៨គ្រឿង និងសំរិទ្ធ១៥គ្រឿង។
-កម្ពុជា ឈរនៅចំណាត់ថ្នាក់ទី៨ ដែលមានមេដាយសរុប ២៥ មាស ៥ គ្រឿង ប្រាក់ ៦ គ្រឿង និងសំរិទ្ធ ១៥ គ្រឿង ។
-ព្រុយណេ ចំណាត់ថ្នាក់ទី៩ ដែលមានមេដាយសរុប ៣ គ្រឿង គឺមាស ១ គ្រឿង ប្រាក់ ១ គ្រឿង និងសំរិទ្ធ ១ គ្រឿង ។
-ឡាវ រក្សាចំណាត់ថ្នាក់ទី១០ មានមេដាយសរុប ២២ គ្រឿង គឺប្រាក់ ៣ គ្រឿង និងសំរិទ្ធ ១៩ គ្រឿង។
-ទីម័រខាងកើត ដែលឈរនៅចុងក្រោយ ដោយ រកបានមេដាយប្រាក់ ២ គ្រឿង។
សូមជម្រាបថា នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២នេះ ប្រភេទកីឡារបស់កម្ពុជាភាគច្រើន បានចាប់ផ្ដើមការប្រកួតកីឡាស៊ីហ្គេម នៅទីក្រុងហាណូយ តែនៅវិញ្ញាសាមួយចំនួនធំ ដែលមិនទាន់ប្រកួត ហើយមានប្រភេទកីឡាមួយចំនួន ត្រូវបានរំពឹងដណ្ដើមមេដាយជូនជាតិបន្ថែម ដូចជាកីឡាវ៉ូវីណាម ប៉េតង់ ប្រដាល់គុនខ្មែរ ប្រដាល់សកល តេក្វាន់ដូ WT មុនពិធីបិទការប្រកួតផ្លូវការ នាថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២ ខាងមុខ៕
ដោយ៖សហការី