ខេត្តពោធិ៍សាត់ ៖ បុរសវ័យ៣៣ឆ្នាំម្នាក់បានសម្រេចចិត្តបញ្ចប់ជីវិត ដោយខ្សែនីឡុងចងព្យួ.កធ្វើអត្តឃាតនៅលើដើមព្រីង ត្រូវបានគេសង្ស័យអាចអន់ចិត្តនឹងសង្សារ ខណៈទទូចសុំចូលស្ដីដណ្ដឹងប៉ុន្តែត្រូវនាងបដិសេធ ព្រោះនាងកំពុងរវល់ធ្វើបុណ្យសពម្ដាយ ។
ហេតុការណ៍ចម្លែកៗកម្រនឹងប្រទះខាងលើ បានបង្កការភ្ញាក់ផ្អើលឡើងនៅវេលាម៉ោងប្រមាណ៦ និង០០នាទីព្រឹក ព្រលឹមថ្ងៃព្រហស្បតិ៍ ៤រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ២៥៦៦ ត្រូវនឹងថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២ ត្រង់ចំណុចដើមព្រីងខាងក្រោយផ្ទះនារីជាសង្សារប្រមាណ២០០ម៉ែត្រ ស្ថិតនៅភូមិកំរ៉ែង ឃុំស្វាយស ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។
ប្រភពពីសមត្ថកិច្ចចុះធ្វើកោសល្យវិច័យបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ទន់ សំណាង ភេទប្រុស អាយុ ៣៣ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន មានទីលំនៅភូមិពាលញែកទី១ សង្កាត់ផ្ទះព្រៃ ក្រុង.ខេត្តពោធិ៍សាត់ ។
សមត្ថកិច្ចដដែលបន្តទៀតថា បើយោងចម្លើយនារីឈ្មោះ ផល លីលី អាយុ ២៤ឆ្នាំ ជនជាតិខ្មែរ ជាកូនម្ចាស់ផ្ទះ(កន្លែងកើតហេតុ)និងត្រូវជាសង្សារជនរងគ្រោះ(ទន់ សំណាង)ប្រាប់ថា ជនរងគ្រោះជាសង្សារបានមកផ្ទះនាងតាំងពីថ្ងៃទី១៥ ខែឧសភា ម្លេះ ដើម្បីជួយរវល់(បុណ្យសពម្ដាយ)របស់នាង លុះល្ងាចមុនថ្ងៃកើតហេតុគាត់ទទូចសួររឿងចូលស្ដីដណ្ដងនាងខ្ញុំ ប៉ុន្តែនាងខ្ញុំប្រាប់គាត់ថាចាំធ្វើបុណ្យម៉ែចប់សិនទៅ ស្រាប់តែក្រោកពីដំណេកបាត់គាត់ពីអង្រឹងក្រោមផ្ទះ ក៏នាំគ្នាឆោឡោដើររកឃើញចង.កស្លាប់បាត់ទៅហើយ ។
ប្រភពបញ្ជាក់បន្តទៀតថា សមត្ថកិច្ចស្ថាប័នជំនាញពាក់ព័ន្ធ ចុះសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋាន ដើម្បីធ្វើការពិនិត្យ និងស្រាវជ្រាវអំពីហេតុការណ៍នេះ លទ្ធផលៈ សពពុំមានស្លាកស្នាមអ្វីគួរឲ្យកត់សំគាល់នោះទេ សពអាចអាក់អន់ចិត្តជាមួយនារីជាសង្សាររឿងស្ដីដណ្ដឹងនាង សពរាយការណ៍ជូនព្រះរាជអាជ្ញា ដើម្បីធ្វើកំណត់ហេតុប្រគល់ជូនក្រុមគ្រួសារ ទទួលយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕
ដោយ ៖ បុឹម ពិន