ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២ លោក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ រួមជាមួយក្រុមការងារក្រោមឱវាទ បានចុះជួបសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ មាតាបិតា អាណាព្យាបាល សិស្សានុសិស្ស និងប្រគល់សមិទ្ធផលនានាក្នុងសាលាបឋមសិក្សា កែវ មុនី សង្កាត់ព្រែកកំពឹស ដែលរូបលោកបានជួយឧបត្ថម្ភ ជួសជុល កែលម្អ និងកសាងរួចរាល់ជូនដល់លោកគ្រូអ្នកគ្រូនិងសិស្សានុសិស្សប្រើប្រាស់ជាផ្លូវការ ដែលក្នុងនោះរួមមាន៖
– ចាក់ដី ចាក់កម្ទេចថ្ម និងខ្សាច់បំពេញក្នុងទីតាំងសាលាទាំងមូលចំនួន១៩២ឡាន។
– ចាក់សាបបេតុងលើទីធ្លាសាលាទាំងមូលទំហំ១,១៨៨ម៉ែត្រការ៉េ ។
– រៀបការ៉ូឡាជុំវិញបរិវេណទីធ្លា និងដងទង់ជាតិទំហំ២១០ម៉ែត្រការ៉េ ។
– ជួសជុលកែលម្អសួនច្បារ ដងទង់ជាតិ ដាំផ្កាឡើងវិញ និងដាំដើមឈើធ្នង់បន្ថែមចំនួន៣៥ដើម ។
– ជួលជុលខ្លោងទ្វារ របង បន្ទប់ទឹក ចាក់សាបបាតអគារនិងលាបថ្នាំអគារឡើងវិញទាំងអស់ ។
– ធ្វើរោងសម្រាប់ដាក់ម៉ូតូ កង់ ធ្វើតារាងបាល់បោះ រៀបចំសួនកម្សាន្តនិងបំពាក់ឧបករណ៍ក្មេងលេងក្នុងបរិវេណសាលា។
– កសាងប្រព័ន្ធលូរំដោះទឹកក្នុងបរិវេណសាលាទាំងមូលដោយធានាបាន១០០%។
លោក រ័ត្ន ស្រ៊ាង បានថ្លែងឱ្យដឹងថា មានសន្តិភាពគឺមានការអភិវឌ្ឍ មានសិទ្ធិសេរីភាព និងមានអ្វីៗទាំងអស់ ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយបញ្ញាញាណរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលសម្តេចធ្លាប់បានយកជីវិតធ្វើដើមទុន ឆ្ពោះទៅរកការរំដោះជាតិឱ្យរួចផុតពីរបបវាលពិឃាត ជាពិសេសសម្តេចបានដាក់ចេញនូវនយោបាយ ឈ្នះ=ឈ្នះ រំលាយបានទាំងស្រុងនូវអង្គការចាត់តាំងនយោបាយនិងយោធាខ្មែរក្រហម ទើបនាំយកនូវសន្តិភាពពេញលេញជូនជាតិមាតុភូមិកម្ពុជា ក៏ដូចជាប្រជាជនខ្មែរទូទាំងប្រទេសដូចសព្វថ្ងៃ និងបានអភិវឌ្ឍប្រទេសជាតិឱ្យមានភាពរីកចម្រើនជាបន្តបន្ទាប់លើគ្រប់វិស័យ។ ជាក់ស្តែង ការកសាងសមិទ្ធផលក្នុងសាលា ផ្តល់ឱកាសឱ្យសិស្សានុសិស្សបានរៀនសូត្រគ្រប់កម្រិតដោយគ្មានការព្រួយបារម្ភនាថ្ងៃនេះក៏បានមកពីសន្តិភាពដែលសម្តេចតេជោ និងឥស្សរជនថ្នាក់ដឹកនាំគ្រប់រូប ប្រឹងប្រែងរកបានមកដោយលំបាក។ លើសពីនេះ ដោយមានទស្សនៈវិស័យវែងឆ្ងាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានធ្វើឱ្យកម្ពុជាឆ្លងផុតនូវគ្រោះមហន្តរាយនៃជំងឺឆ្លងកូវីដ-១៩យ៉ាងឆាប់រហ័ស ធ្វើឱ្យការរស់នៅប្រកបរបរចិញ្ចឹមជីវិត ការសិក្សា ការដើរកម្សាន្ត និងការប្រាស្រ័យទាក់ទងគ្នាក្នុងសង្គមត្រឡប់មកប្រក្រតីវិញ។
លោក រ័ត្ន ស្រ៊ាង បានសម្តែងនូវទឹកចិត្ត សប្បាយរីករាយបំផុត ដែលបានមកជួបសំណេះសំណាលដោយផ្ទាល់ និប្រគល់ដាក់ឲ្យប្រើប្រាស់នូវសមិទ្ធផលនានាក្នុងសាលាបឋមសិក្សា កែវ មុនី ក្នុងថ្ងៃនេះ។ ក្នុងឱកាសនោះផងដែរ លោកក៏បាននាំយកអាហារសម្រន់ទៅទទួលទានជាមួយ សមាជិក សមាជិកា សិស្សានុសិស្ស ដែលចូលរួមទាំងអស់ក្រោមបរិយាកាសរីករាយ ប្រកបដោយ មនោសញ្ចេតនាស្និទ្ធស្នាលក្រៃលែង ព្រមទាំងបានឧបត្ថម្ភថវិកា សម្ភារសិក្សា ខោអាវកីឡាជូនដល់លោកគ្រូអ្នកគ្រូ សិស្សានុសិស្សព្រមទាំងអាណាព្យាបាលសិស្ស គ្រប់ៗគ្នា រួមមាន៖
– ជូនថវិកាដល់លោកគ្រូ អ្នកគ្រូ ចំនួន០៣សាលាក្នុងសង្កាត់ព្រែកកំពឹស ស្មើនឹង១១១នាក់ ម្នាក់ៗទទួលបានថវិកា ៥ម៉ឺនរៀល ។
– មាតាបិតាអាណាព្យាបាលសិស្ស យុវជន (សសយក)សង្កាត់ សរុបចំនួន ១៩៣នាក់ ម្នាក់ៗទទួលបានថវិកា២ម៉ឺនរៀល។
– សិស្សបឋមសិក្សាចំនួន៤៥០នាក់ ម្នាក់ៗទទួលបាន សៀវភៅ០១ក្បាល ប៊ិក០១ ដើម ខ្មៅដៃ០១ដើម និងថវិកា៥ពាន់រៀល។
– កុមារា កុមារី ចាប់ពីអាយុ២ឆ្នាំ រហូតដល់យុវជនរៀនមហាវិទ្យាល័យដែលរស់នៅក្នុងទូទាំងសង្កាតព្រែកកំពឹសក៏ដូចជាសិស្សរស់នៅក្រៅមូលដ្ឋានដែលបានមករៀននៅសាលាទាំង០៣ ក្នុងសង្កាត់ព្រែកកំពឹស សរុប ៤,២៨៥ នាក់ ក្នុងម្នាក់ៗ ទទួលបានខោអាវកីឡា១កំប្លេគ្រប់ៗគ្នា៕
ដោយ៖ចន្ទ លីហ្សា