ខេត្តស្វាយរៀង ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍គួរឱ្យរន្ធត់ដោយរថយន្តកុងតឺន័របើកមិនគោរពសិទ្ធិអាទិភាពទៅបុកម៉ូតូហើយកិនអូសបណ្ដាលឱ្យបុរសលក់បន្លែដែលជាអ្នកបើកម៉ូតូរងរបួសធ្ងន់ផ្អើលទាំងព្រឹក។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩ព្រឹកថ្ងៃទី២០ខែឧសភា ឆ្នាំ ២០២២ លើផ្លូវចាក់បេតុងនៅតំបន់រោងចក្រហ្គីហ្គា ស្ថិតក្នុងភូមិដើមពោធិ៍ ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង។
យោងតាមសមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថា អ្នករងរបួសធ្ងន់មានឈ្មោះនី សុខជា អាយុ៣៧ឆ្នាំ មុខរបរលក់បន្លែ រស់នៅភូមិដើមពោធិ៍ ឃុំស្វាយតាយានស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង ជិះម៉ូតូម៉ាកHONDA DREAM ស៊េរីឆ្នាំ២០១៣ ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង ១H-៧២៨៦បានខូចខាតទាំងស្រុង។
ចំណែកអ្នកបើករថយន្តត្រូវបានគេស្គាល់ឈ្មោះង្វៀង វិងឡុង អាយុ៥៨ឆ្នាំ ជនជាតិវៀតណាម មុខរបរបើកបរ រស់នៅភូមិ១១ ខណ្ឌ១១ ក្រុងហូជីមិញ ក្រោយបង្កហេតុសមត្ថកិច្ចបានឃាត់ខ្លួនភ្លាមៗយកមកសាកសួរ។
តាមសាក្សីបានឱ្យដឹងថា មុនកើតហេតុមានបុរសម្នាក់បានបើករថយន្តកុងតឺន័រមួយគ្រឿងម៉ាក INTERNATIONAL ពណ៌លឿង ពាក់ស្លាកលេខ៥-១D៤៩៣.៤៦ក្នុងទិសដៅ ពីលិចទៅកើត ដោយមិនគោរពសិទ្ធិអាទិភាពក៏បុកជាមួយម៉ូតូមួយគ្រឿងម៉ាកHONDA DREAM ស៊េរីឆ្នាំ២០១៣ ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង ១H-៧២៨៦ដែលធ្វើដំណើរពីត្បូងទៅជើងយ៉ាងពេញទំហឹងបណ្ដាលឱ្យរងរបួសធ្ងន់ត្រូវបានក្រុមគ្រួសារប្រញាប់ប្រញាល់ដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកស្វាយទាប ។
រីឯមធ្យោបាយធ្វើដំណើរទាំងពីរគ្រឿងសមត្ថកិច្ចបានធ្វើការវាស់វែងនិងអូសយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្វាយទាបដើម្បីដោះស្រាយពេលក្រោយតាមច្បាប់៕
ដោយ៖យឹម សុថាន