ព័ត៌មានទាន់ហេតុការណ៍៖

តុលាការ​ខេត្ត​សៀមរាប​ បញ្ជាឱ្យឃាត់ខ្លួនបុរសជនជាតិអង់គ្លេស​ម្នាក់ ករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស

ចែករំលែក៖

ខេត្ត​សៀមរាប ៖ បេី​យោង​តាមប្រភពព័ត៌មានពី​ស្នងការដ្ឋាន​នគរបាល​ខេត្ត​សៀមរាប​ បានឱ្យដឹងនៅរសៀលថ្ងៃសុក្រ​ទី​២០​ ខែឧសភា​ ឆ្នាំ​២០២២នេះ​ថា៖​ ព្រះរាជអាជ្ញា​សាលាដំបូងខេត្តសៀមរាប បានបញ្ជាឱ្យឃាត់ខ្លួនបុរសជនជាតិអង់គ្លេស​ម្នាក់ ជាបណ្តោះអាសន្ននៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​​ ពាក់ព័ន្ធ​ករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស។ 

យោងតាម​របាយការណ៍​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​សៀមរាប​ បានឱ្យដឹងថា​ កាលពីវេលាម៉ោង​ ០៥និង២០នាទីល្ងាចថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២ សមត្ថកិច្ចខេត្តសៀមរាប​ បានឃាត់ខ្លួនជនជាតិអង់គ្លេសម្នាក់ ករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស(យកញ-ញួរវាយជនរងគ្រោះ) នៅចំណុចមុខបន្ទប់ជួល ស្ថិតនៅភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុង/ខេត្តសៀមរាប ។

លោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត ស្នងការរងទទួលដឹកនាំផែនព្រហ្មទណ្ឌបានបញ្ជាក់ថា៖​ ជនសង្ស័យឈ្មោះ JON LEON LOV ភេទប្រុស កើតថ្ងៃទី០៦-១០-១៩៦៥ ជនជាតិអង់គ្លេស គ្មានលិខិតឆ្លងដែនជាប់ខ្លួន គ្មានមុខរបរ ស្នាក់នៅទីតាំងកើតហេតុខាងលើ បានធ្វើសកម្មភាពយកញញួរ ដងជ័រក្បាលដែក វាយទៅលើជនរងគ្រោះឈ្មោះ អ៊ុយ សូរិយា ភេទស្រី អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅបន្ទប់ជួលទីតាំងកើតហេតុខាងលើ ចំនួន០៣ញញួរ (០១ញញួរ ត្រូវចំបបូរមាត់លើខាងស្តាំ បណ្តាលឱ្យបែកបបូរមាត់ហូរឈាម និងបាក់ឆ្អឹងថ្គាមខាងស្តាំ-០២ញញួរទៀត ត្រូវចំក្បាលផ្នែកខាងក្រោយ បណ្តាលអោយហើមប៉ោង ត្រូវបានក្រុមគ្រួសារនិងសមត្ថកិច្ចបញ្ជូនទៅសម្រាកព្យាបាលនៅគ្លីនិកតាព្រហ្ម(ម្តុំផ្សារលើ) ។ 

ក្រោយកេីតហេតុ​ កម្លាំង​ជំនាញ​ បានឃាត់ខ្លួ​នជនសង្ស័យភ្លាមៗ ហើយបញ្ជូនមកសាកសួរនៅស្នងការដ្ឋាននគរបាលខេត្តសៀមរាប។

បច្ចុប្បន្នជនសង្ស័យរូបនេះ​ ត្រូវបានព្រះរាជអាជ្ញា(ស្តីទី) នៃអយ្យការអមសាលាដំបូងខេត្តសៀមរាប កញ្ញា វ៉ា សក្កដា សម្រេចឱ្យឃាត់ខ្លួនបណ្តោះអាសន្ននៅស្នងការដ្ឋាននគរបាលខេត្ត​ ដើម្បីរៀបចំកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការបន្តតាមនីតិវិធីច្បាប់បន្ត៕

ដោយ​៖សហការី​


ចែករំលែក៖